ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋមីយ៉ាន់ម៉ារាប់ម៉ឺននាក់ត្រូវជម្លៀសទៅកាន់តំបន់សុវត្ថិភាពក្រោយធ្លាយទំនប់ទឹក

ចែករំលែក៖

ការបែកធ្លាយទំនប់ទឹកនៅមីយ៉ាន់ម៉ា បង្កការជន់លិចតំបន់ជាច្រើន ធ្វើឲ្យពល រដ្ឋត្រូវជម្លៀសជាបន្ទាន់ទៅកាន់តំបន់មានសុវត្ថិភាព ។ រដ្ឋាភិបាលបានចាត់វិធានការជាបន្ទាន់ក្នុងការជួយដល់ពលរដ្ឋដើម្បី បញ្ចៀសរឿងអាក្រក់ដែលកើតឡើង ពីការ បាក់ទំនប់នៅមីយ៉ាន់ម៉ា។

សារព័ត៌មាន New York Times បាន ផ្សាយថា ពលរដ្ឋជាង ៥0,០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ ពួកគេ ក្រោយពីទំនប់ទឹកមួយកន្លែងបាន បាក់ ហើយជន់លិចលើសហគមន៍មួយ ចំនួន និងកាត់ផ្តាច់ដងផ្លូវតភ្ជាប់ទីក្រុងធំៗ នៅឯភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា នាថ្ងៃ ពុធ កន្លងមកនេះ។

អាជ្ញាធរមីយ៉ាន់ម៉ា បានបញ្ជូនក្រុមអ្នកជំនាញទៅកាន់ទំនប់ធារាសាស្រ្ត ស្វារ (Swar) ដែលបានលេចធ្លាយកាលពី វេលាព្រឹកថ្ងៃពុធទី២៩ ខែសីហានេះ ហើយបញ្ចេញទឹកឲ្យជន់លិចទីក្រុង Swar និងភូមិចំនួន២ កន្លែងនៅក្បែរនោះ ខណៈ ប្រជាជនជាង ៥០,៤០០នាក់ ត្រូវបាន អាជ្ញាធរជម្លៀសខ្លួនចេញពីលំនៅឋានទៅកាន់វត្តអារាម និងទីកន្លែងសុវត្ថិភាពដទៃ ទៀត។

គួរជម្រាបថា ទំនប់ខាងលើត្រូវបាន សាងសង់ឡើងកាលពីឆ្នាំ២០០៤ និងអាច ផ្តល់ការស្រោចស្រព ដល់ផ្ទៃដីស្រែជាង ៨,០០០ហិកតា។ ដោយឡែកការធ្លាក់ភ្លៀងខ្លាំងជារៀងរាល់ថ្ងៃនារដូវនេះ បានបង្ក ឲ្យមានការជន់លិច និងបម្លាស់ទីប្រជាជន សរុបជាង ១០០,០០០នាក់ ព្រមទាំងបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ១១នាក់ កាលពីខែកក្កដាកន្លងទៅនៅមីយ៉ាន់ម៉ា៕ ម៉ែវ សាធី


ចែករំលែក៖