ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ាប្រឆាំងការចោទប្រកាន់របស់ អ.ស.ប ទៅលើយោធា ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

ចែករំលែក៖

ក្រោយពេលអង្គការសហប្រជាជាតិ បានធ្វើការចោទប្រកាន់មន្ត្រីយោធាមីយ៉ាន់ម៉ាថា បានបំពានច្បាប់អន្តរជាតិដោយប្រព្រឹត្តល្មើសលើបទឧក្រិដ្ឋកម្មប្រឆាំងជនជាតិ រ៉ូហីុងយ៉ា នៅរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា។ របាយការណ៍របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាបានសម្លាប់រង្គាលក្រុមជនជាតិរ៉ូហីុងយ៉ា និងបំផ្លាញ ទ្រព្យសម្បត្តិរបស់ពួកគេរួចបង្ខំឲ្យចាកចេញពីលំនៅឋានទៅកាន់ប្រទេសជិតខាង។

ពាក់ព័ន្ធនឹងការចោទប្រកាន់របស់អង្គការសហប្រជាជាតិនេះ រដ្ឋាភិបាលស៊ីវិល របស់លោកស្រី អុ៊ងសាន ស៊ូជី នៅថ្ងៃពុធ នេះ បានចេញមុខការពារថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ា ដោយបានច្រានចោលរបាយការណ៍របស់ក្រុមអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងអំពើប្រល័យ ពូជសាសន៍លើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា។

នេះគឺជាប្រតិកម្មលើកដំបូងបំផុតរបស់មីយ៉ាន់ម៉ា ឆ្លើយតបទៅនឹងវិបត្តិរ៉ូហ៊ីងយ៉ា ក្រោយក្រុមអ្នកស៊ើបអង្កេត UN កាលពី ថ្ងៃចន្ទបានចេញផ្សាយរបាយការណ៍ថ្មី មួយដោយចោទប្រកាន់មេដឹកនាំយោធា មីយ៉ាន់ម៉ាចំនួន៦រូប ក្នុងនោះរួមមានទំាង ប្រមុខយោធា លោក មីនអោង ហ្លេង (Min AungHlaing) គឺជាអ្នកទទួលខុសត្រូវ លើការសម្លាប់រង្គាលជនជាតិរ៉ូហ៊ីងយ៉ា និងគួរតែត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍។

ជុំវិញរបាយការណ៍នេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ា លោក ហ្សាវ ហាស់ ថាយ (Zaw Htay) បានច្រានចោលការ លើកឡើងរបស់ ក្រុមអ្នកស៊ើបអង្កេត UN។ លោក Zaw Htayបានលើកឡើង យ៉ាងដូច្នេះថា «យើងមិនបានអនុញ្ញាតឲ្យក្រុមអ្នកស៊ើបអង្កេត UN ចូលក្នុងប្រទេស មីយ៉ាន់ម៉ាឡើយ… ដូច្នេះហើយយើងមិន​យល់ស្រប ហើយក៏មិនអាចទទួលយក បានដែរ ចំពោះដំណោះស្រាយ ឬរាល់របាយការណ៍ដែលចេញផ្សាយដោយក្រុមប្រឹក្សាសិទ្ធិមនុស្សនោះ»។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារមុននេះ បណ្ដាប្រទេសជាច្រើនក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិកផងដែរ បានអំពាវនាវឱ្យថ្នាក់ដឹកនាំយោធាកំពូលៗរបស់មីយ៉ាន់ម៉ា ដែលត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា ត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការអន្តជាតិ៕ ម៉ែវ សាធី


ចែករំលែក៖