សារព័ត៌មានស៊ីនហួបានផ្សាយថា រដ្ឋា ភិបាល អាហ្សង់ទីនក្រោមការដឹកនាំរបស់ប្រធានាធិបតី Mauricio Macriបានប្រកាស បិទក្រសួង ស្ថាប័នរដ្ឋជាច្រើនដើម្បីកាត់ បន្ថយការចំណាយ ក្នុងពេលដែលប្រទេសជាតិកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច។
ប្រធានាធិបតីអាហ្សង់ទីនលោក ម៉ូរីស្យូ ម៉ាគ្រី (Mauricio Macri) បានប្រកាសថា រូបលោកកំពុងរៀបចំបិទក្រសួងចំនួនជាងពាក់កណ្តាលចោល ដើម្បីកាត់បន្ថយការ ចំណាយរបស់រដ្ឋាភិបាល នៅចំពោះមុខ វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ហើយក្រៅពីនេះ លោកក៏បានបង្ខំចិត្តដាក់ចេញនូវចំណាត់ការយកពន្ធថ្មីលើវិស័យនាំចេញផងដែរ ដើម្បីបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាល។
លោក Macriបានទទួលស្គាល់ថា ចំណាត់ការយកពន្ធថ្មីលើវិស័យនាំចេញ គឺជាគំនិតមិនល្អប៉ុន្មានឡើយ ប៉ុន្តែវារឿងចាំបាច់សម្រាប់ស្ថានការណ៍បន្ទាន់នាពេលបច្ចុប្បន្ន។ ប្រទេសអាហ្សង់ទីននាពេលនេះ កំពុងប្រឈមនឹងបញ្ហាអតិផរណាខ្ពស់ ព្រមទាំងការធ្លាក់ចុះយ៉ាងខ្លាំងមិនធ្លាប់មាននៃតម្លៃប្រាក់ប៉េសូ ចាប់តាំងតែពីខែមករាដើមឆ្នាំរហូតមកទល់បច្ចុប្បន្ន។
ជាមួយគ្នានេះដែរ លោក Macriមិន បានបញ្ជាក់ច្បាស់ថា តើគណៈរដ្ឋមន្រ្តី របស់លោក នឹងទៅជាយ៉ាងណានោះ ឡើយ នៅក្រោយការធ្វើកំណែទម្រង់នេះ ប៉ុន្តែបើតាមសេចក្តីរាយការណ៍របស់ បណ្តាញសារព័ត៌មានក្នុងស្រុកផ្ទាល់របស់អាហ្សង់ទីន ក្រសួងទាំង ២២ អាចនឹងត្រូវ កាត់បន្ថយមកនៅត្រឹម ១០ប៉ុណ្ណោះ តាម រយៈការរួមបញ្ចូលគ្នា និងបិទចោលតែ ម្តង។
ជុំវិញវិបត្តិសេដ្ឋកិច្ចនេះ លោកប្រធានាធិបតីអាហ្សង់ទីនបានបន្ទោសទៅលើកត្តាខាងក្រៅជាច្រើន រួមមានការកើនឡើងនៃ តម្លៃប្រេង ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក និងគ្រោះរាំង ស្ងួតដែលបានធ្វើឲ្យប៉ះពាល់ដល់វិស័យ កសិកម្ម៕ ម៉ែវ សាធី