ខេត្តតាកែវ ៖ អគ្គិភ័យមួយបានបំផ្លាញតូបលក់ដូររបស់អាជីវករផ្សារព្រៃល្វា ស្ថិត ក្នុងភូមិព្រៃល្វាខាងកើត ឃុំព្រៃល្វា ស្រុក ព្រៃកប្បាស ខេត្តតាកែវអស់ជាង១០០ តូបកាលពីរំលងអធ្រាត្រឈានចូលថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៨ ។
អធិការនគរបាលស្រុកព្រៃកប្បាស លោក ជុំ ឈឿន បានថ្លែងថា អគ្គិភ័យនេះ បានឆាបឆេះតូបលក់ចាប់ហួយ និងតូប លក់សម្ភារផ្សេងៗអស់ចំនួន១២៩តូប ហើយក្នុងចំណោមតូបដែលឆេះគឺខូចខាតប្រហែល៩០ភាគរយ ។
លោកអធិការស្រុកបានបន្តថា មូល ហេតុនៃការឆាបឆេះក្លាយជាអគ្គិភ័យដ៏ធំសម្បើមនេះតាមការសន្និដ្ឋានជំហានដំបូង គឺបណ្ដាលមកពីទុស្សេខ្សែភ្លើងហើយបើ គិតជាទំហំទឹកប្រាក់ខាតបង់គឺមានចំនួនប្រមាណ២៩ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
តែយ៉ាងណាក្រោយទទួលបានព័ត៌មានពីអគ្គិភ័យឆាបឆេះផ្សារព្រៃល្វានេះភ្លាមកម្លាំងនគរបាលខេត្ត-ស្រុកសហការជាមួយអាជ្ញា ធរពាក់ព័ន្ធបានចុះទៅធ្វើអន្តរាគមន៍ជួយ ពន្លត់អគ្គិភ័យខាងលើជាបន្ទាន់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្រុក និង ខេត្តចំនួន៣គ្រឿង និងប្រើប្រាស់ទឹកអស់ ចំនួន១៥រថយន្តទើបពន្លត់បានជាស្ថាពរនៅម៉ោង៣យប់ ហើយពុំបណ្តាលឲ្យមាន មនុស្សរងរបួស ឬបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនេះទេ ៕ សហការី