ខេត្តស្វាយរៀង៖ យុវជនកំសត់ពិការម្នាក់ បានសម្រេចចិត្តសម្លាប់ខ្លួន ដោយវារចេញពីលើរទេះរុញ ចុះទម្លាក់ខ្លួនចូលទឹកបៀរខាងលិចផ្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាក្រុមគ្រួសារជួយសង្គ្រោះ ប៉ុន្តែអកុសលហួសពេលទៅហើយ ដោយមូលហេតុ ខឹងម្ដាយស្តីបន្ទោសបន្តិចបន្តួច ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិព្រៃស្រះ ឃុំសម្បត្តិមានជយ័ ស្រុករមាសហែក ។
បើតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានឲ្យកាសែតនគរវត្តដឹងថា យុវជន ដែលគិតខ្លីមានឈ្មោះ រ៉ន សារ៉េត អាយុ១៦ឆ្នាំ ជាជនពិការស្វិតជើងទាំង២ រស់នៅភូមិព្រៃស្រះ ឃុំសម្បត្តិមានជយ័ ស្រុករមាសហែក ។
តាមម្ដាយបានរៀបរាប់ប្រាប់សមត្ថកិច្ចទាំងទឹកភ្នែកថា មិនគួរណាកូនគាត់គិតខ្លីបែបនេះសោះ គ្រាន់តែគាត់ស្ដីបន្តិចបន្តួចតាមធម្មតា បែរជាចូលក្នុងផ្ទះពួនសម្ងំ។
ប្រភពបន្តថា លុះនៅព្រឹកវេលាម៉ោង៥ព្រឹក ក៏មានការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍មកគាត់ជាម្ដាយថា បានប្រទះឃើញកូន ដែលពិការជើងទាំងពីរបានវារចេញពីរទេះចុះទម្លាក់ខ្លួនក្នុងទឹកបៀរខាងលិចផ្ទះ ចម្ងាយ30ម៉ែត្របណ្តាលឲ្យលង់ទឹកស្លាប់បាត់ទៅហើយ ។
ក្រោយពីសមត្ថកិច្ចនគរបាលជំនាញ និងនគរបាលស្រុកព្រមទាំងគ្រូពេទ្យ បានមកពិនិត្យសាកសពជាច្រើនម៉ោង ក៏បានប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ព្រោះជារឿងធ្វើអត្តឃាតពិតប្រាកដមែន៕ យឹម សុថាន