ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងតែខិតខំ «កាច់បំបាក់» នូវសមិទ្ធផល នានា ដែលប្រធានាធិបតីអាមេរិកជាច្រើន រូបច្រើនជំនាន់ បានខិតខំបង្កើតឡើង ដោយសារតែលោកត្រាំ ព្យាយាមអនុវត្តគោលនយោបាយអាមេរិកជាដំបូងរបស់ ខ្លួន។
ក្រោយពេលលោកត្រាំ បានដកអាមេ រិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លង ទ្វីបTPP ក៏ដូចជាស្នើឲ្យពិភាក្សាឡើងវិញ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាមេរិក ខាងជើង NAFTA លោកត្រាំ ក៏បានបន្ត ប្រកាសសង្គ្រាមជាមួយអង្គការពាណិជ្ជ កម្មពិភពលោក WTO ប្រសិនបើអង្គការនេះមិនមានការយោគយល់ដល់អាមេរិក ក៏ដូចជាត្រួតពិនិត្យឡើងវិញ នូវច្បាប់មួយចំនួនដែលរដ្ឋាភិបាលអាមេរិកថាមិនមានតម្លាភាពសម្រាប់ទីក្រុងវ៉ាស៊ីនតោន។ បើ អង្គការ WTO មិននៅខាងអាមេរិកទេ លោកត្រាំនឹងដកអាមេរិកចេញពីអង្គការពាណិជ្ជកម្មពិភពលោកមួយនេះ។
សារព័ត៌មាន Bloomberg បានផ្សាយ ថា ការដែលអង្គការ WTO ត្រូវបាន បង្កើតឡើងនៅឆ្នាំ១៩៩៤ ដោយមានការ ខិតខំរបស់ប្រទេសជាច្រើន ដែលដឹកនាំ ដោយអាមេរិក ក្នុងគោលដៅបង្កើតវេទិកាដើម្បីដោះស្រាយ វិវាទពាណិជ្ជកម្ម ។ ប៉ុន្ត ែកន្លងមកមន្ត្រីអាមេរិក មិនពេញចិត្តទៅលើសកម្មភាពរបស់ចៅក្រម WTO ដែលតែងតែចេញសេចក្តីសម្រេចអវិជ្ជមានដល់អាមេរិក មិនគាំទ្រអាមេរិក ពិសេសគឺនៅ ក្នុងការលក់បំផ្លាញតម្លៃ ។
សារព័ត៌មាន Bloomberg បានដកស្រង់របាយការណ៍ពីមជ្ឈមណ្ឌលស្រាវជ្រាវ CATO មានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន ដែលបង្ហាញឲ្យឃើញថា បណ្តាប្រទេស ដែលបានដាក់ពាក្យតវ៉ាឡើងទៅកាន់ WTO តែងតែទទួលបានជ័យជម្នះចំណែកអ្នកជាប់ចោទត្រូវចាញ់ជានិច្ច ។ កន្លងមក អាមេរិក បានចាញ់នៅក្នុងការប្តឹងផ្តល់នៅ WTO មានរហូតដល់ទៅជាង៩០ភាគរយ ។
ពិតជារឿងមួយគួរឲ្យអាម៉ាស់ខ្លាំងណាស់សម្រាប់អាមេរិក ក្រោយពេលប្រធានា ធិបតីដូណាល់ ត្រាំបានប្រកាសថា លោកនឹងដកអាមេរិកចេញពីអង្គការពាណិជ្ជកម្មពិភពលោក WTO ប្រសិនបើអង្គការនេះ មិនគាំទ្រអាមេរិកនោះ ។ លោកត្រាំ ក៏ បានថ្កោលទោស ទៅលើអង្គការពាណិជ្ជ កម្មកំពូលមួយនេះផងដែរ ។
ក្រុមអ្នកឯកទេសបានលើកឡើងថា ប្រសិនបើអាមេរិកដកខ្លួនចេញពីអង្គការពាណិជ្ជកម្មពិភពលោកនោះ ប្រទេសនេះ នឹងក្លាយជា «មហាអំណាចឯកា»លើឆាក អន្តរជាតិ ។ កន្លងមកអាមេរិក ក៏បានដក ខ្លួនចេញពីអង្គការកំពូលៗរបស់ពិភពលោក និងកិច្ចព្រមព្រៀងជាច្រើន ក្នុងរយៈពេលជិតពីរឆ្នាំនៃការកាន់អំណាចដឹកនាំអាមេរិករបស់លោក ត្រាំ ។ កន្លងមកលោកត្រាំបានដកអាមេរិកចេញពីអង្គការសិទ្ធិ មនុស្សអន្តរជាតិ ដោយសារតែអង្គការនេះមិនគាំទ្រអាមេរិក នៅក្នុងបញ្ហាអីុស្រាអែល និងហ្ស៊េរុយសាឡឹម, ដកខ្លួនចេញពីអង្គ ការ UNESCO , ដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសដែលមានប្រទេសជិត២០០ បានចុះកិច្ចព្រមព្រៀង ។ ដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូអីុរ៉ង់ ដែលមានប្រទេសចុះហត្ថលេខាដល់ទៅ៧ប្រទេសផងដែរ ។
សារព័ត៌មាន Bloomberg បានដក ស្រង់សម្តីលោកត្រាំ ដែលបានបញ្ជាក់ថា «ប្រសិនបើអង្គការពាណិជ្ជកម្មពិភពលោកមិនកែប្រែ ខ្ញុំនឹងដកអាមេរិកចេញពី WTO »។ ការដែលអាមេរិកដកខ្លួនចេញពីអង្គការ WTO នឹងជះឥទ្ធិពលអាក្រក់បំផុតដល់សេដ្ឋកិច្ចពិភពលោក ជាងសង្គ្រាម ពាណិជ្ជកម្មរវាងចិន នឹងអាមេរិកទៅទៀត ដោយបានបំផ្លាញប្រព័ន្ធពាណិជ្ជកម្ម ដែលអាមេរិកខិតខំចំណាយកម្លំាងក្នុងការបង្កើតឡើង បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។
កាលពីខែកក្កដា កន្លងមក ប្រធានា ធិបតីដូណាល់ ត្រាំបានប្រកាសថា អាមេ រិកជួបនូវបញ្ហាជាច្រើននៅក្នុងអង្គការ ពាណិជ្ជកម្មពិភពលោក ដោយអង្គការនេះ មិនផ្តល់តម្លាភាព គាំទ្រដល់អាមេរិកជា ច្រើនឆ្នាំកន្លងមក ។ លោកត្រាំបញ្ជាក់ថា អង្គការមួយនេះគួរតែផ្លាស់ប្តូរ វិធីសាស្ត្រ របស់ខ្លួន៕ ម៉ែវ សាធី