អន្ដរជាតិ៖ សារព័ត៌មាន Reuters បានផ្សាយថា កូរ៉េខាងត្បូង និងជប៉ុនបានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ចូលក្នុងសមុទ្រនៃឆ្នេរភាគខាងកើតរបស់ខ្លួន នៅថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ ហើយនេះជាការធ្វើតេស្តបាញ់មីស៊ីលលើកចុងក្រោយបំផុតក្នុងឆ្នាំនេះដែលកើតឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីទីក្រុងព្យុងយ៉ាងច្រានចោលការចោទប្រកាន់របស់ទីក្រុងសេអ៊ូល ជុំវិញហេតុការណ៍ផ្ទុះគ្រាប់មីនដែលធ្វើឱ្យទាហានកូរ៉េខាងត្បូង ៣នាក់រងរបួសកាលពីពេលថ្មីៗនេះ។
យោធាកូរ៉េខាងត្បូង ក្នុងសេចក្ដីថ្លែងការណ៍មួយបាននិយាយថាមីស៊ីលខាងលើត្រូវបានបាញ់ចេញពីទីក្រុង Wonsan នៅម៉ោងប្រមាណ ៦៖៣០នាទីព្រឹក ថ្ងៃសៅរ៍នេះ ហើយហោះបានចម្ងាយ ជាង៧០០គីឡូម៉ែត្រ។ តាមសេចក្ដីថ្លែងការណ៍ដដែល កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងធ្វើការវិភាគលើការធ្វើតេស្ដនេះស្វែងរកព័ត៌មានលម្អិតបន្ថែម។
ព្រមពេលជាមួយគ្នា ខាងឆ្មាំសមុទ្រជប៉ុនដោយផ្អែកលើការបញ្ជាក់ពីក្រសួងការពារជាតិជប៉ុន ក៏បានអះអាងដែរថាមានវត្ថុម្យ៉ាងទំនងជាមីស៊ីលបាលិស្ទីគមួយគ្រាប់បានធ្លាក់ចូលក្នុងសមុទ្រ ហើយបានព្រមានដល់ទូក ឬនាវាទាំងឡាយមានការប្រុងប្រយ័ត្ន។
កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាង ១០លើកមកហើយក្នុងឆ្នាំ២០២៦នេះ ដោយក្នុងនោះទីក្រុងព្យុងយ៉ាងមានពេលខ្លះបាននិយាយថាខ្លួនបានធ្វើតេស្ដលើប្រព័ន្ធអាវុធថ្មីៗ ហើយការធ្វើតេស្ដមីស៊ីលខ្លះទៀតធ្វើឡើងជាការបង្ហាញការខឹងសម្បារទៅនឹងសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
បន្ថែមពីលើនេះ ការធ្វើតេស្តមីស៊ីលនៅថ្ងៃសៅរ៍ នេះទៀតសោត កើតមានឡើងក្រោយប្អូនស្រីមេដឹកនាំកូរ៉េខាងជើង លោកស្រី គីម យ៉ូជុង កាលពីថ្ងៃសុក្រ បានទាត់ចោលការទាមទាររបស់កូរ៉េខាងត្បូងឱ្យកូរ៉េខាងជើងសូមទោសជុំវិញ ហេតុការណ៍ផ្ទុះគ្រាប់មីននៅឯតំបន់ព្រំដែនគ្មានយោធា។ តាមទីក្រុងសេអ៊ូល គ្រាប់មីននោះជារបស់កូរ៉េខាងជើង ហើយការផ្ទុះនោះបានបណ្ដាលឱ្យទាហានកូរ៉េខាងត្បូង ៣នាក់បានរងរបួស៕

ដោយ៖ ធីរីណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច