បាងកក៖ ក្នុងដំណើរបេសកកម្មទៅកាន់ប្រទេសថៃ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានចូលជួបសំណេះ សំណាលជាមួយ ថ្នាក់ដឹកនាំវិទ្យាសាស្រ្តហាឡាល់ របស់ប្រទេសថៃ ដោយបានស្នើឲ្យលោក បណ្ឌិត Winai Dahlan ប្រធានមជ្ឈមណ្ឌលវិទ្យាសាស្រ្តហាឡាល់ ប្រទេសថៃ និងលោកបណ្ឌិត Prakon Priyakorn អគ្គលេខា ធិការក្រុមប្រឹក្សាកណ្តាលឥស្លាមប្រទេសថៃ បន្ដជួយពង្រឹងវឌ្ឍនភាពហាឡាល់ នៅកម្ពុជា ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាព ជូនអតិថិជន យកទៅប្រើប្រាស់ប្រកបដោយផា សុខ ភាពទៅថ្ងៃអនាគត ។ ជំនួបនេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃអង្គារ ២កើត ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ។
តាមការបញ្ជាក់ឲ្យដឹងពីលោក អូស្មាន ហាស្សាន់ ថា៖ ជំនួបនេះធ្វើឡើង ក្នុងគោលបំណងសិក្សាឈ្វេងយល់ពីវឌ្ឍនភាពហាឡាល់ ប្រទេសទាំង២ កម្ពុជា-ថៃ ជាពិសេសការចែករម្លែកកបទពិសោធន៍ពីការរីកចម្រើនឧស្សាហកម្មហាឡាល់ ថៃ ដែលបានដើរមុនកម្ពុជា ហើយក៏ជាអ្នកដែលមានបទពិសោធន៍ជោគជ័យស្រាប់លើវិស័យនេះ ។ ក្នុងជំនួបនេះដែរ មជ្ឈមណ្ឌលវិទ្យាសាស្ត្រហាឡាល់ គ្រោងនឹងផ្តល់អាហាររូបករណ៍ មួយចំនួនដល់ក្រុមឯកទេសហាឡាល់កម្ពុជា ដើម្បីទៅសិក្សាពង្រឹងបច្ចេកទេសវិទ្យាសាស្រ្តហាឡាល់ នៅមជ្ឍមណ្ឌលនេះ ដែលមានទីតាំងនៅទីក្រុងបាងកក ប្រទេសថៃ ។
លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្រ្តឈ្នះៗជាច្រើនបន្តបន្ទាប់ ក្នុងគោលបំណងបន្ត អភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច ក្នុងវិស័យឧស្សាហកម្មគ្រប់ផ្នែក បូកទាំងឧស្សាហកម្មហាឡាល់ គឺជាគោលដៅចម្បង ដែលកម្ពុជា កំពុងយកចិត្តទុកដាក់ ជំរុញឲ្យមានកំណើនវិនិយោគឧស្សាហកម្មហាឡាល់ ពីការវិនិយោគិនបរទេស ។
លោកបណ្ឌិត Winai Dahlan ប្រធានមជ្ឈមណ្ឌលវិទ្យាសាស្រ្តហាឡាល់ប្រទេសថៃ ក៏បានអញ្ជើញ លោកទេស រដ្ឋមន្រ្តី អូស្មាន ហាស្សាន់ និង ថ្នាក់ដឹកនាំគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាល់ កម្ពុជា ទៅចូលរួម សន្និសីទអន្តរជាតិហាឡាល់ថៃឆ្នាំ២០១៨ លើកទី១០ នៅថ្ងៃទី១៤-១៦ ធ្នូ ២០១៨ នៅទីក្រុងបាងកកខាងមុខនេះផងដែរ ៕ សំរិត