ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូពិព័រណ៍ពាណិជ្ជកម្ម ចិន-អាស៊ាន អញ្ជើញដាំដើមឈើលក្ខណៈមិត្តភាព

ចែករំលែក៖

ប្រទេសចិន៖ នៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក ហាន់ ជឹង (Han Zheng) ឧបនាយករដ្ឋមន្រ្តីចិន លោក អនុប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ា និងគណៈប្រតិភូនៃប្រទេសពិព័រណ៍ ចិន-អាស៊ាន បានអញ្ជើញក្នុងពិធីដាំដើមឈើ ជាមិត្តភាព នៅក្នុងរមណីយដ្ឋានលីយ័ន ក្រុងណាននីង តំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ដែលជាផ្ទះសំណាក់រដ្ឋរបស់តំបន់ស្វយ័យជនជាតិជ័ងក្វាងស៊ី 

មេដឹកនាំនៃប្រទេសអាស៊ាន​ ចិន បានចាត់ ទុកការដាំដើមឈើនេះគឺជានិម្មិតរូប នៃការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ រវាងអាស៊ាន​ ចិន ក៏ដូចជាការជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន និងតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ីទាំងមូលផងដែរ។

បន្ទាប់មកនៅក្នុងរាត្រីកោលនោះដែរ សម្តេចតេជោ នាយ្រដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទស្សនាពិព័រណ៍ វប្បធម៌ ចិន អាស៊ាន ដែលស្ថិតក្នុងសួនកម្សាន្ត​ Fantawild Asian Legend ក្នុងទីក្រុង ណាននីង នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី។ សម្តេចតេជោនាយករដ្ឋមន្រ្តីនិងគណៈប្រតិភូទាំងអស់ បានទស្សនាយ៉ាងយកចិត្តទុកដាក់ នូវរចនាបថនៃសួនកំសាន្ត Fantawild Asian Legend ក្នុងនោះអ្វីដែលជាការចាប់អារម្មណ៍ និងទាក់ទាញបំផុតនោះ គឺការរៀបចំតុបតែងនូវ ក្បូរក្បាច់រចនានូវមហាប្រាសាទអង្គវត្ត របស់ព្រះរាជាណាចក្រកម្ពុជា ពោលគឺគោលបំណងនៃការការបង្កើតសួនកំសាន្តនេះ គឺដើម្បីបង្ហាញពីអរិយធម៌​ និងទំនៀបទំលាប់ប្រពៃណីសាសនា របស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន​ និងប្រទេសចិន។ នៅក្នុងពិធីនោះដែរ សម្តេចតេជោ​ និង គណៈប្រតិភូបានអញ្ជើញទស្សនានូវផ្ទាំងឯកសារគំនូចីវចល 3D មានរយះពេល១៣នាទី ស្តីពី សកម្មភាពនៃការកសាងអាណាចក្រអង្គរ របស់ព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំសំរិទ្ធសំរាំង យ៉ាងល្អឥតខ្ចោះពីអ្នកដឹកនាំរឿង របស់ប្រទេសចិន។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានចាត់ទុក នោះគឺជាស្នាដៃសិល្បៈថ្មីមួយទៀត ដែលបង្ហាញឲ្យឃើញពីការចាប់អារម្មណ៍ពីសំណាក់មនុស្ស ជំនាន់ក្រោយ ពិសេសការសិក្សាស្រាវជ្រាវទៅនឹងប្រវត្តិនៃការកសាងអាណាចក្រអង្គរដ៏ល្បីល្បាញ របស់ព្រះរាជាណាចក្រកម្ពុជា។

សូមជំរាបថា សួននេះទើបនឹងកសាងថ្មី បន្ទាប់ពីបញ្ចប់ពិធីសម្ពោធពិព័រណ៌ចិន-អាស៊ាន សួននេះនឹងបើកឲ្យប្រជាជនចិន ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលទស្សនាកំសាន្ត ព្រោះថាទីនេះមានភាពទាក់ទាញ់ខ្លាំងណាស់សម្រាប់ប្រជាជនចិន និងភ្ញៀវទេសចរណ៍អន្តរជាតិ នានា ដែលទៅកំសាន្តប្រទេសចិន ពិសេសតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ីនេះ៕


ចែករំលែក៖