ព័ត៌មានទាន់ហេតុការណ៍៖

សង្វៀងប្រយុទ្ធនៅក្នុងទឹកដីស៊ីរីបានរៀបចំរួចរាល់ ម្ខាងដឹកនាំដោយអាមេរិក ម្ខាងទៀតរុស្ស៊ី តើភាគីណាមួយជាអ្នកចាញ់?

ចែករំលែក៖

សង្វៀនប្រយុទ្ធបានរៀបចំរួចរាល់នៅខេត្ត Idlib ប្រទេសស៊ីរី ដែលជាការប្រយុទ្ធទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ដោយពេលនេះអាមេរិក, អង់គ្លេស, បារាំង, អាល្លឺម៉ង់ ត្រៀមវាយប្រហារស៊ីរី។ ចំណែក រុស្ស៊ី, អុីរ៉ង់, ទួរគី ត្រៀមការពារស៊ីប្រទេសរី។ តើភាគីណាមួយជាអ្នកឈ្នះ? អ្នកឈ្នះគឺរកមិនឃើញនោះឡើយ ដោយមានតែអ្នកចាញ់តែប៉ុណ្ណោះ គឺទឹកដីស៊ីរី និងពលរដ្ឋស៊ីរី។

នៅពេលនេះ ខាងអាមេរិក ដែលមានអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានឡើងគម្រោងវាយប្រហារជាទ្រង់ទ្រាយធំទៅលើប្រទេសស៊ីរី ប្រសិនបើរកឃើញថា មានការប្រើប្រាស់អាវុធគីមីវាយប្រហារនៅខេត្ត Idlib ជាទីតាំងចុងក្រោយរបស់ក្រុមប្រឆាំងគាំទ្រដោយលោកខាងលិច។ លើសពីនេះទៀតអាមេរិកបានព្រមានវាយប្រហារទាំងទីតាំងរុស្ស៊ី នៅលើទឹកដីស៊ីរីទៀតផង។

ភ្លើងសង្គ្រាមនៅស៊ីរីកាន់តែឆេះខ្លាំងឡើងៗជាងពេលណាទាំងអស់ ពេលលោកខាងលិច ត្រៀមវាយប្រហារជាទ្រង់ទ្រាយធំទៅលើប្រទេសស៊ីរីក្នុងពេលដែលរដ្ឋាភិបាលប្រទេសនេះ ទទួលបានជំនួយពីរុស្ស៊ី ទួរគី អុីរ៉ង់ បានត្រៀមវាយប្រហារជាទ្រង់ទ្រាយធំ ដណ្តើមទីតាំងចុងក្រោយពីក្រុមប្រឆាំងនៅខេត្ត Idlib មកវិញ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលអូសបន្លាយរយៈពេលជាង៧ឆ្នាំមកនេះ។

សង្គ្រាមវាយប្រហារនៅក្នុងប្រទេសស៊ីរីជាលើកចុងក្រោយនេះ អាចនិយាយបានថា មិនមែនជាការវាយប្រហាររវាងទាហានរដ្ឋាភិបាលស៊ីរី នឹងក្រុមប្រឆាំងស៊ីរីនោះឡើយ គឺជាការវាយប្រហាររវាងប្រទេសមហាអំណាចយោធាទាំងពីរ អាមេរិក-រុស្ស៊ី។

ពាក់ព័ន្ធនឹងសកម្មភាពខាងលើ សារព័ត៌មាន Wall Street Journal បានដកស្រង់សម្តីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton កាលពីថ្ងៃទី១០ ខែកញ្ញា ២០១៨ ដោយបានបញ្ជាក់ថា «អាមេរិកកំពុងតែពិភាក្សាជាមួយបារាំង អង់គ្លេស ជាដៃគូរដែលបានបាញ់មីស៊ីល ជាង១០០ដើមចូលក្នុងទឹកដីស៊ីរី កាលពីខែមេសា ឆ្នាំ២០១៨ និងបានបន្តឡើងគម្រោងសហការវាយប្រហារជាទ្រង់ទ្រាយធំទៅលើប្រទេសស៊ីរី។

កន្លងមកថ្មីៗ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងចេញបញ្ជា បើកការវាយប្រហារជាទ្រង់ទ្រាយធំ ប្រសិនបើរកឃើញថា រដ្ឋាភិបាលរបស់លោក អាល់អាសាដ ប្រើប្រាស់អាវុធគីមីនៅខេត្ត Idlib នោះដែរ។

ពេលនេះរុស្ស៊ីប្តេជ្ញាការពារស៊ីរី ដោយទីក្រុងមូស្គូដឹងយ៉ាងច្បាស់ថា ក្រុមប្រឆាំងនៅស៊ីរីដែលគាំទ្រដោយលោកខាងលិច បានរៀបចំវាយប្រហារដោយអាវុធគីមី ហើយទម្លាក់កំហុសទៅឲ្យទាហានរដ្ឋាភិបាលស៊ីរី ដើម្បីធ្វើជាហេតុផលដែលអាមេរិក និងសម្ពន្ធមិត្តបើកការវាយប្រហារជាទ្រង់ទ្រាយធំទៅលើស៊ីរី ។

សារព័ត៌មាន Sputnik កាលពីថ្ងៃទី១១ ខែកញ្ញា បានដកស្រង់ព័ត៌មានពីមជ្ឈមណ្ឌលផ្សះផ្សារបស់រុស្ស៊ីនៅក្នុងទឹកដីស៊ីរីដោយបញ្ជាក់ថា ឈុតឆាកវាយប្រហារដោយអាវុធគីមីបានរៀបចំរួចរាល់។ ហើយឃ្លីបវីដីអូស្តីពីការវាយប្រហារនឹងត្រូវបានផ្ញើទៅកាន់បណ្តាញព័ត៌មានធំៗ ក្រោយបង្ហោះលើបណ្តាញសង្គម។

នៅក្នុងសេចក្តីប្រកាសរបស់មន្ត្រីជំនាញរុស្ស៊ីបញ្ជាក់ថា «តាមព័ត៌មានដែលភាគីរុស្ស៊ីទទួលបានពីពលរដ្ឋនៅខេត្ត Idlib បង្ហាញឲ្យឃើញថា ទាហានក្រុមប្រឆាំងកំពុងតែថតឃ្លីបវីដីអូក្លែងក្លាយពីការវាយប្រហារដោយអាវុធគីមីនៅទីក្រុងJisr Al Shugur ទៅលើពលរដ្ឋស្លូតត្រង់ពីទាហានរដ្ឋាភិបាលស៊ីរី។ បណ្តាញព័ត៌មាន មួយចំនួនរបស់អាមេរិក ក៏បានទៅដល់កន្លែងនោះកាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ដើម្បីថតយកព្រឹត្តិការណ៍នេះមកផ្សព្វផ្សាយទុកជាភស្តុតាឲ្យអាមេរិកផ្តើមវាយប្រហារ។

រុស្ស៊ីបានបញ្ជាក់ថា កម្លាំងទាហានក្រុមប្រឆាំងបានដឹកជញ្ជូន២ធុងសារធាតុគីមី Chlorine ទៅកាន់ទីក្រុង Jisr al Shughur ក្រោយមក រៀបចំថតធ្វើដូចជាការពិត។ ដោយសារតែរុស្ស៊ីដឹងច្បាស់ពីល្បិចកលរបស់អាមេរិក ទើបរៀបចំយុទ្ធសាស្ត្រការពារ ដោយមានការចូលរួមពីកម្លាំងទាហានអុីរ៉ង់ផងដែរ។

ដោយសារតែរុស្ស៊ីកំពុងតែបំផ្លាញដល់ផែនការរបស់អាមេរិកក្នុងការផ្តួលរំលំរដ្ឋាភិបាលស៊ីរី ទើបអាមេរិកព្រមានថា នឹងវាយប្រហារទាំងទីតាំងរបស់រុស្ស៊ីនៅលើទឹកដីស៊ីរីផងដែរ។ពេលនេះរុស្ស៊ីបានត្រៀមលក្ខណៈការពារដោយបញ្ជូនប្រព័ន្ធមីស៊ីលការពារទំនើបៗទៅកាន់ស៊ីរីរួចហើយ៕ ម៉ែវ សាធី


ចែករំលែក៖