ព័ត៌មានទាន់ហេតុការណ៍៖

មហាបាតុកម្មទាមទារឯករាជ្យតំបន់ Catalonia ចេញពីអេស្ប៉ាញ

ចែករំលែក៖

ពលរដ្ឋជាង១លាននាក់នាំគ្នាដង្ហែរក្បួនបាតុកម្មជាទ្រង់ទ្រាយធំនៅទីក្រុង Barcelona អំពាវនាវផ្តាច់ខ្លួនឯករាជ្យចេញពីអេស្ប៉ាញ។

សារព័ត៌មាន AFP បានផ្សាយថា មនុស្សជាង១លាននាក់បាននាំគ្នាដង្ហែរក្បួននៅក្នុងទីក្រុង Barcelona នាថ្ងៃទី១១ ខែកញ្ញា ដើម្បីរំលឹកទិវាដែលពលរដ្ឋតំបន់នេះហៅថា ជាទិវាឯករាជ្យសម្រាប់តំបន់កាតាឡូនៀរ។

មហាបាតុកម្មកើតឡើងក្រោយពេលដែលរដ្ឋាភិបាលតំបន់កាតាឡូនៀរ បានខិតខំផ្តាច់ខ្លួនឯករាជ្យចេញពីអេស្ប៉ាញកាលពីខែតុលា ឆ្នាំ២០១៧ ទទួលបរាជ័យ។ បើទោះបីបរាជ័យតែពលរដ្ឋនៅក្នុងតំបន់ស្វយ័តនេះ នៅតែមានបំណងចង់ឯករាជ្យចេញពីអេស្ប៉ាញដដែល។

អភិបាលតំបន់ស្វយ័ត កាតាឡូនៀរលោក Quim torra ជាអ្នកជំនួស លោកCarles Puigdemont បានអំពាវនាវដល់ពលរដ្ឋដង្ហែរក្បួនខាងលើ។ បច្ចុប្បន្ន លោក Puigdemontកំពុងតែរស់នៅភៀសខ្លួនក្នុងប្រទេសប៊ែលហ្សុិក កំពុងប្រឈមនឹងការចាប់ខ្លួនបញ្ជូនមកស្រុកវិញ។

កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ រដ្ឋាភិបាលតំបន់ស្វយ័តនេះបានបោះឆ្នោតប្រជាមតិផ្តាច់ខ្លួនចេញពីអេស្ប៉ាញ។ ប៉ុន្តែសកម្មភាពនោះត្រូវបានរដ្ឋាភិបាលទីក្រុងរៀលម៉ាឌ្រីត ចាត់ទុកជារឿងខុសច្បាប់ ដោយបន្តគ្រប់គ្រងលើតំបន់នេះដដែល។ មេដឹកនាំមួយចំនួននៅក្នុងតំបន់ត្រូវបានចាប់ខ្លួន ៕ ម៉ែវ សាធី


ចែករំលែក៖