ក្រោយដំណើរទស្សនកិច្ចនៅកូរ៉េខាងជើងចំនួនពលរដ្ឋគាំទ្រប្រធានាធិបតីមូន ជេអុីន កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ជាច្រើនខែកន្លងមក។
សារព័ត៌មានយ៉ុនហាប់ បានផ្សាយថា តាមលទ្ធផលស្រាវជ្រាវស្ទង់មតិលើពលរដ្ឋកូរ៉េខាងត្បូង ដែលបានប្រកាសនៅថ្ងៃ ទី២០ ខែកញ្ញានេះ បង្ហាញឲ្យឃើញថា ប្រធានាធិបតីមូនជេអ៊ីន ទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋ ដោយមានការគាំទ្រកើនឡើង ៥៩,៤ភាគរយ គឺខ្ពស់ជាងកាលពី សប្តាហ៍កន្លងមកដល់ទៅ ៦,៣ភាគរយ។
តាមការលើកឡើងរបស់ក្រុមហ៊ុនស្ទង់មតិ មូលហេតុធ្វើឲ្យពលរដ្ឋគាំទ្រកាន់តែខ្ពស់នោះគឺដោយសារតែ ទទួលបាន លទ្ធផលល្អនៅក្នុងជំនួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង នៅទីក្រុងព្យុងយ៉ាង។
នៅមុនពេល ទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង លោកមូនជេអ៊ីន ទទួលបានការគាំទ្រតែ ៥២,២ភាគរយប៉ុណ្ណោះ ។
គណបក្សប្រជាធិបតេយ្យ នៅតែទទួលបានការគាំទ្រខ្ពស់ ដោយមានការគាំទ្រ ដល់៤៥,១ភាគរយ។ចំណែកគណបក្ស ប្រឆាំងវិញ មានការគាំទ្រ ១៧,៤ភាគរយ។
នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនោះដែរ ក្រោយពេលពិភាក្សា នៅកូរ៉េខាងជើងទទួលបានជោគជ័យ រវាងមេដឹកនាំកូរ៉ទាំងពីរពេលនេះអាមេរិក ក៏បានបង្ហាញពីការគាំទ្រ អបអរសាទរដល់លទ្ធផលទាំងនោះ ។ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានសម្តែងការស្វាគមន៍ចំពោះការប្តេជ្ញាចិត្ត ដែលធ្វើឡើងដោយទីក្រុងព្យុងយ៉ាង នៅក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េ ហើយលោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមរួចជាស្រេច ដើម្បីចាប់ផ្តើមកិច្ចចរចាភ្លាមៗតែម្តងដោយមិនបង្អង់យូរឡើយ ដើម្បីសម្រេចគោលដៅនៃការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង នៅឆ្នាំ២០២១។
លោក Pompeo បានឲ្យដឹងថា រូបលោកទើបតែបានជជែកពិភាក្សាតាមទូរស័ព្ទ ជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង និងបានឆ្លៀតឱកាសអញ្ជើញសមភាគីកូរ៉េខាងជើងរបស់លោក ឲ្យមកជួបមុខគ្នាផ្ទាល់នៅឯទីក្រុងញូវយ៉កនាសប្តាហ៍ក្រោយនេះ ក្នុងឱកាសនៃការបើកមហាសន្និបាតនៃអង្គការសហប្រជាជាតិ។
សេចក្តីថ្លែងការណ៍របស់លោក Pompeo ត្រូវបានធ្វើឡើងបន្ទាប់ពីប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានយល់ព្រមថានឹងធ្វើទស្សនកិច្ចជាប្រវត្តិសាស្រ្ត ទៅកាន់ទីក្រុងសេអ៊ូលនាពេលឆាប់ៗ ហើយព្រមបិទទីតាំងធ្វើតេស្តមីស៊ីល នៅចំពោះមុខក្រុមអ្នកត្រួតពិនិត្យអន្តរជាតិ ក្នុងជំនួបកំពូលលើកទីបីជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅព្យុងយ៉ាង។
នៅថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េ ដែលប្រព្រឹត្តទៅនៅទីក្រុងព្យុងយ៉ាង រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុង រដ្ឋាភិបាលប្រទេសទាំងពីរបានឈានដល់ការព្រមព្រៀងចេញសេចក្តីថ្លែងការណ៍រួម ព្រមទាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីបញ្ហាយោធាផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ទីក្រុង ព្យុងយ៉ាងបានសម្រេចថា នឹងកម្ទេចកន្លែងធ្វើតេស្តគ្រាប់រ៉ុក្កែតរបស់ខ្លួននៅតំបន់ ថុញខាន់នី (Tonchkhan-ni) ចោលទាំងស្រុង រួមជាមួយរោងចក្រនុយក្លេអ៊ែរនៅ យុនប្យុន (Yonbyon)។ បន្ថែមពីនេះលោក គីម ជុងអ៊ុន បាននិយាយថា ប្រជាជាតិទាំងពីរបានឯកភាពគ្នាប្តេជ្ញាបង្កើនកិច្ចប្រឹង ប្រែង ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ។
សម្រាប់កិច្ចព្រមព្រៀងយោធាវិញ កូរ៉េ ខាងជើង និងកូរ៉េខាងត្បូង បានយល់ព្រមដកកងទ័ពរៀងៗខ្លួនចេញពីតំបន់ព្រំដែនគ្មានយោធា Demilitarised Zone ហើយលែងឲ្យមានការកាន់អាវុធនៅក្នុងភូមិផាន់មុនចុម (Panmunjom) តទៀតឡើយ ព្រមទាំងបង្កើតតំបន់គ្មានការធ្វើសមយុទ្ធយោធាមួយថែមទៀត ដែលលាតសន្ធឹង ៨០គីឡូម៉ែត្រ នៅលើផ្ទៃសមុទ្រលឿង និងសមុទ្រជប៉ុន (សមុទ្រខាងកើត)។
ជាចុងក្រោយ ទីក្រុងសេអ៊ូល និងព្យុងយ៉ាងក៏បានព្រមព្រៀងបញ្ជូនក្រុមអត្តពលិករួមគ្នា ឲ្យទៅប្រកួតក្នុងកីឡាអូឡាំពិក ឆ្នាំ២០២០ និងដាក់សំណើរួមដើម្បីសុំធ្វើជាម្ចាស់ផ្ទះ នៃកីឡាអន្តរជាតិនេះនៅឆ្នាំ ២០៣២ ផងដែរ។ នេះគឺភាពវិជ្ជមាន ថ្មីៗបន្ថែមទៀត សម្រាប់ការបន្ធូរបន្ថយ ភាពតានតឹង និងបង្កើនទំនាក់ទំនងប្រសើរឡើងវិញរវាងបងប្អូនកូរ៉េទាំងពីរ ដែល សហគមន៍អន្តរជាតិចង់ឃើញជាយូរណាស់មកហើយ។
ក្រុមអ្នកឯកទេសវិភាគបានលើក ឡើងថា ការប្រឈមមុខតានតឹងដាក់គ្នា ជិត៧០ឆ្នាំកន្លងមករវាង “បងប្អូនបង្កើតកូរ៉េ” ដល់ពេលដែលត្រូវបង្រួបបង្រួមផ្សះផ្សាទំនាក់ទំនង ជួយដល់ពលរដ្ឋកូរ៉េទាំងពីរ អាចបញ្ចប់ពីការកាត់ផ្តាច់ទំនាក់ទំនង ។ នៅពេលអនាគត នឹងមិនមានជំនួប នៃ ការបែកបាក់គ្រួសារកើតឡើងទៀតឡើង ដោយពលរដ្ឋកូរ៉េទាំងពីរ អាចធ្វើដំណើរ ចុះឡើងបាន អាចទៅសួរសុខទុក្ខបងប្អូន សាច់ញាតិដោយផ្ទាល់ ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នាពេលនេះ គឺមេដឹកនាំប្រទេសទាំងពីរបាន ព្រមព្រៀង បង្កើតចរាចរណ៍ផ្លូវដែក និងផ្លូវគោក ប្រទេសទាំងពីរ ដើម្បីជារឿងងាយស្រួលនៅក្នុងការដឹកជញ្ជូន ទាំងមនុស្សនិងពលរដ្ឋ ។
ពលរដ្ឋកូរ៉េខាងជើង បានបង្ហាញពីភាពសប្បាយរីករាយយ៉ាងខ្លាំង ពេលដែល នយោបាយទំនាក់ទំនងប្រទេសកូរ៉េខាងជើង បានបើកជំហជាមួយពិភពលោក ។ ក្នុងពេលដ៏ខ្លី ភាពក្រីក្រនឹងមិនមាននៅក្នុងប្រទេសកូរ៉េខាងជើងទៀតឡើយ ក្រោយពេលរួចផុតពីទណ្ឌកម្ម របស់អាមេរិក និងអង្គការសហប្រជាជាតិ។
មេដឹកនាំកូរ៉េខាងជើង ក៏បានប្តេជ្ញាថា នឹងបញ្ចប់កម្មវិធីបរមាណូមីស៊ីលឈានដល់សន្ធិសញ្ញាសន្តិភាព ជាមួយអាមេរិក ក្នុងអាណត្តិរបស់លោកត្រាំតែម្តងមិនអាចអូសបន្លាយ ជាបន្តទៀតឡើយ។
ក្រុមអ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា ការអភិវឌ្ឍសេច្ឋកិច្ចកូរ៉េខាងជើង និងលុបបំបាត់ភាពក្រីក្រនោះ មិនមែនជារឿងលំបាកឡើយដោយប្រទេសនេះ មានប្រភពធនធានសម្បូរបែប ហើយក្រោយរួចពីទណ្ឌកម្មផលដំណាំកូរ៉េខាងជើង អាចនឹងនាំទៅកាន់ទីផ្សារនៅលើពិភពលោកបានគ្រប់ពេល៕ ម៉ែវ សាធី