ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យសាលាដំបូងអះអាងថា លោកកឹម សុខាមិនមែនឃុំខ្លួននៅក្នុងផ្ទះទេ

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ ចុះថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ បាន បញ្ជាក់ថា លោក កឹម សុខា មិនមែនឃុំខ្លួនក្នុងផ្ទះទេតែ ចៅក្រមហាមឃាត់មិនឲ្យ ចាកចេញពីព្រំ ប្រទល់ដែនដី ដែលចៅក្រមបានកំណត់ គឺផ្លូវនៅជុំវិញផ្ទះរបស់លោក ក្នុងខណ្ឌ ទួលគោក រាជធានីភ្នំពេញ។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ ថា លោក កឹម សុខា ត្រូវបានលោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានី ភ្នំពេញ សម្រេចដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ជំនួសឲ្យវិធានការនៃការឃុំខ្លួនជាបណ្តោះអាសន្ន។ យោងតាមដីកាសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ចុះថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ២០១៨ របស់លោកចៅក្រមស៊ើបសួរ គី ឫទ្ធី ការសម្រេចនេះ គឺផ្អែកមួយផ្នែកលើហេតុផលផ្នែកសុខភាពរបស់ជនត្រូវចោទ។ ផ្អែកតាមដីកាសម្រេចនេះ លោក កឹមសុខា ក្នុងឋានៈជាជនត្រូវចោទ ក្នុងសំណុំរឿងក្តី នៅតុលាការ ត្រូវបាន អនុញ្ញាតឲ្យនៅក្រៅ ឃុំ ។ប៉ុន្តែត្រូវបានដាក់ ឲ្យជាប់កាតព្វកិច្ច មួយចំនួន ដើម្បីបម្រើឲ្យចំណាត់ការនីតិវិធីបន្តលើសំណុំរឿងដោយចៅក្រម។

សេចក្តីថ្លែងការណ៍ដដែលរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ បានគូសបញ្ជាក់ថា ករណីជនត្រូវ ចោទ ឈ្មោះ កឹម សុខា ដែលបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការខាងលើនេះ ពុំមែនជាករណីនៃការឃុំខ្លួននៅក្នុងផ្ទះនោះទេ។ ទន្ទឹមនឹងនេះការ សម្រេចរបស់ចៅក្រមស៊ើបសួរក្នុងការហាមឃាត់ជនត្រូវចោទឈ្មោះ កឹម សុខា មិនឲ្យចាកចេញពីព្រំប្រទល់ដែនដីណាមួយជា កំណត់ គឺជាសិទ្ធិអំណាចរបស់ចៅក្រមស៊ើបសួរ ដែលធ្វើឡើងស្របតាមមាត្រា២២៣ កថាខណ្ឌទី២ ចំណុចទី១ នៃក្រមនីតិវិធី ព្រហ្មទណ្ឌ ដោយផ្អែកលើហេតុផលផ្នែកសន្តិសុខសុវត្ថិភាពរបស់ជនត្រូវចោទ និង ដើម្បីធានាថា ជនត្រូវចោទនឹងមិនរត់គេចខ្លួនពីនីតិវិធីតុលាការ។

ក្នុងន័យនេះ អ្នកនាំពាក្យតុលាការសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនត្រូវចោទមានសេរីភាពគ្រប់គ្រាន់ក្នុងការចេញពីផ្ទះរបស់ខ្លួន ក្នុងព្រំប្រទល់ ដែនដី ដែលកំណត់ដោយដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ និងអាចប្រាស្រ័យទាក់ ទងជាមួយបុគ្គលនានា ដែលមិនស្ថិតនៅក្នុងក្របខ័ណ្ឌបញ្ជីនៃការហាមឃាត់របស់តុលាការបាន ពោលគឺបុគ្គលដែលអាចជាប់ពាក់ព័ន្ធនឹងសំណុំរឿងជាមួយជនត្រូវចោទ ហើយដែលតុលាការកំពុងមានចំណាត់ ការ។

អ្នកនាំពាក្យតុលាការសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ហេតុផលផ្នែក សន្តិសុខ និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ជនត្រូវចោទឈ្មោះ កឹម សុខា គឺជារឿងសំខាន់ ដែលចាំបាច់ត្រូវមានការចូលរួមសហ ការគ្នាជាមុនរវាងសមត្ថកិច្ចតុលាការ និង សមត្ថកិច្ចពាក់ព័ន្ធនានាបូករួមនឹងការចូលរួមរបស់ភាគីជនត្រូវចោទផងដែរ ដើម្បី ចៀសវាងយថាភាពអាក្រក់ណាមួយផ្នែក សុវត្ថិភាពលើរូបជនត្រូវចោទ កឹម សុខា ពីតួអង្គខាងក្រៅ។

សូមរម្លឹកថា លោក កឹម សុខា ត្រូវបាន គេអះអាងថា ដឹកបញ្ជូនចេញពីពន្ធនាគារត្រពាំងប្លុ​ង ខេត្តត្បូងឃ្មុំ យកមកដល់ផ្ទះ របស់លោកនៅខណ្ឌទួលគោក រាជធានី ភ្នំពេញ កាលពីម៉ោង៥ ព្រឹក ថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០១៨ តាមដីការបស់ចៅក្រមស៊ើបសួរតុលាការសាលាដំបូងរាជធានី ភ្នំពេញ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨។ ក្នុងដីកាចៅក្រម បានសម្រេចគូសដីឲ្យ លោក កឹម សុខា ដោយមិនអនុញ្ញាតឲ្យ លោក ចាកចេញពីផ្លូវនៅជុំវិញផ្ទះរបស់លោកបានឡើយ។

លោក កឹម សុខា ត្រូវបានចាប់ខ្លួនពី ផ្ទះរបស់លោក ទាំងកណ្តាលអាធ្រាត្រ នាយប់ថ្ងៃទី០២ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។ លោក កឹម សុខា ជាប់ចោទពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬអំពើក្បត់ជាតិ ហើយត្រូវបានចៅក្រម សម្រេចឃុំខ្លួនលោក នៅក្នុងពន្ធនាគារ ត្រពាំងប្លុង នៅខេត្តត្បូងឃ្មុំ ជាប់ព្រំដែន វៀតណាម។

ជុំវិញការផ្ទេរឃុំខ្លួនលោក កឹម សុខា ពីពន្ធនាគារត្រពាំងប្លុង មកឃុំនៅក្នុង ផ្ទះនេះ ត្រូវបានសម្តេចតេជោនាយករដ្ឋ មន្ត្រី ហ៊ុន សែន បានប្រកាសក្នុងពិធី ជួបសំណេះសំណាល ជាមួយកម្មករកាត់ ដេរ នៅខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ដោយសម្តេចបញ្ជាឲ្យ មន្ត្រីជំនាញ រៀបចំធ្វើច្បាប់ស្តីពីការឃុំខ្លួនក្នុងផ្ទះ៕ ហេង សូរិយា


ចែករំលែក៖