ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន ៖ ការតស៊ូមតិរបស់កូនស្រីកឹម សុខា អាចជាការដាក់បន្ទុកកាន់តែធ្ងន់លើឪពុក

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន សមាជិក ព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជាបានព្រមានថា ការតស៊ូមតិរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស ពិសេស កូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោ វិទ្យា អាចជាការ ដាក់បន្ទុកកាន់តែធ្ងន់ ចំពោះលោក កឹម សុខា ។

ការព្រមានរបស់អ្នកនំាពាក្យបក្សកាន់អំណាចនេះ ខណៈដែលលោក កឹម សុខា បាន និងកំពុងតែជាប់ឃុំខ្លួននៅក្នុងគេហឋានជំនួសឲ្យការឃុំខ្លួននៅពន្ធនាគារជា បណ្តោះអាសន្ន ហើយត្រូវនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ។

លោក សុខ ឥសាន បានឲ្យដឹងនៅ ថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញានេះថា កូនស្រីលោក កឹម សុខា បានប្តេជ្ញាចិត្តថា នឹងខិតខំបន្តតស៊ូមតិនៅសហគមន៍អន្តរជាតិថែមទៀត ដើម្បីឲ្យមាន ការទម្លាក់ចោលទាំងស្រុងបទចោទប្រកាន់ ឪពុកនាងជាជនក្បត់ជាតិសន្ទិដ្ឋិភាពជា មួយបរទេស​ ។

លោកបញ្ជាក់ថា «ការខិតខំរបស់នាង ជាសិទ្ធិរបស់នាង តែបើការខិតខំនោះធ្វើឲ្យ ប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពជាតិ វាមិនត្រឹមតែជួយសម្រាលទោសឪពុក នាងទេ តែវាកាន់តែដាក់បន្ទុកទោសទណ្ឌដល់ឪពុកនាងថែមទៀតផង»។

លោកបន្ថែមថា រាល់ការតស៊ូមតិដើម្បី ដោះបន្ទុកជនជាប់ចោទមិនមែនទៅវាយប្រហារ បន្ទោសបង្អាប់បង្ខូចកេរ្តិ៍ឈ្មោះ ជាតិសាសន៍ឯង និងវាយប្រហាររាជរដ្ឋាភិ បាលកម្ពុជា ស្របច្បាប់នៃកម្ពុជា នោះទេ។ លោកថា តាមគោលការណ៍ច្បាប់គួរគប្បី រកមេធាវីដែលពូកែនិងល្បីឈ្មោះទៅតតាំង នៅតុលាការទើបត្រឹមត្រូវតាមគោល ការណ៍ច្បាប់ និងនីតិវិធីរបស់តុលាការ ។

លោក សុខ ឥសាន បានលើកឡើង ទៀតថា បើគ្រាន់តែចង់ដោះបន្ទុកជន ជាប់ចោទ ហើយទៅបរិហារកេរ្តិ៍ជាតិសាសន៍ខ្មែរនៅបរទេសនោះ មិនមានន័យថាជាការដោះបន្ទុករឿងក្តីនោះទេតែផ្ទុយទៅវិញវាជាការកាន់តែបន្ថែមទម្ងន់ទោសដល់ជនត្រូវចោទថែមទៀតប៉ុណ្ណោះ ៕ ហេង សូរិយា


ចែករំលែក៖