ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ១២កើត ខែភទ្របទ ឆ្នាំរច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Luong Cuong ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពវៀតណាម ដែលបានធ្វើឡើងនៅវិមានសន្តិភាព។
លោក Luong Cuong បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថា នេះជាលើកទីមួយហើយដែលលោកបានដឹកនាំគណៈប្រតិភូអគ្គស្នងការនយោបាយនៃកងទ័ពវៀតណាមមកកាន់ព្រះរាជាណាចក្រកម្ពុជា។
លោក Luong បានគោរពពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកនាយករដ្ឋមន្ត្រីវៀតណាម ជូនចំពោះសម្ដេចតេជោហើយក៏បានសំដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោនូវលទ្ធផលនៃការបោះឆ្នោតដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ និងទទួលបានដឹកនាំបន្តទៀតរបស់សម្ដេចតេជោ។ លោក Luong ក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោផងដែរថា លោកបានជួបពិភាក្សាការងារជាមួយសម្ដេចពិជ័យសេនា ទៀបាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាហើយក៏បានធ្វើទស្សនកិច្ចនៅកងពលតូចលេខ ៧០ ហើយក៏បានជួបពិភាក្សាការងាររួមគ្នាដើម្បីវាយតម្លៃពីស្ថានភាពនយោបាយ លើពិភពលោក និងស្ថានភាពនយោបាយក្នុងតំបន់ និងការប្រឈមទាំងឡាយ ព្រមទាំងការរួមគ្នាដើម្បីពង្រឹងមិត្តភាពធ្វើយ៉ាងណារក្សាអោយបាននូវសុខសន្តិភាពស្ថេរភាព និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរជាពិសេសតាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ការផ្លាស់ប្ដូរព័ត៌មាន ការអភិវឌ្ឍធនធានមនុស្ស និងការផ្លាស់ប្តូរទស្សនកិច្ចរវាងភាគីទាំងពីរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការចូលរួមសោកស្ដាយ ចំពោះមរណៈភាព របស់លោកប្រធានាធិបតីវៀតណាម Tran Dai Quang ហើយក៏បានថ្លែងអំណរគុណ ជូនចំពោះលោក Luong Cuong ដែលបានពាំនាំ នូវការផ្តាំផ្ញើសួរសុខទុក្ខ និងការអបអរសាទរ ចំពោះលទ្ធផលបោះឆ្នោតនៅកម្ពុជា ពីលោកនាយករដ្ឋមន្ត្រីវៀតណាម ជូនចំពោះសម្ដេច។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានគាំទ្រផងដែរ ចំពោះរបាយការណ៍ និងការលើកទឹកចិត្ត ដល់ការអនុវត្តលើអ្វី ដែលសម្រេចបាន ហើយជូនពរឲ្យទទួលបានជោគជ័យ។
ឆ្លៀតឱកាសនោះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ជូនចំពោះប្រជាពលរដ្ឋ និងរដ្ឋាភិបាលវៀតណាម ដែលកន្លងមកបានជួយដល់កម្ពុជា។ សម្តេចតេជោ បានមានប្រសាសន៍ថា ភាពរស់រានមានជីវិត និងភាពរុងរឿងរបស់កម្ពុជា មិនអាចកាត់ផ្ដាច់បាន ពីការចូលរួមចំណែករបស់វៀតណាមបានឡើយ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ