សម្រាប់ពលរដ្ឋកូរ៉េខាងត្បូង ពិសេសគឺគ្រួសារដែលបែកបាក់ដោយសារសង្គ្រាម បានបង្ហាញក្តីសង្ឃឹម ក្តុកក្តួលក្នុងចិត្ត ស្រក់ទឹកភ្នែកនៅពេលទទួលអំណោយដោយទឹកចិត្តស្មោះពីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។ អំណោយទាំងនោះ គឺជាក្តីសង្ឃឹម និងជាសារផ្ញើទៅកាន់ពលរដ្ឋកូរ៉េខាងត្បូងថា នៅថ្ងៃអនាគត ពលរដ្ឋកូរ៉េខាងត្បូងនឹងបានទទួលទានផ្សិតដាំដោយដៃពលរដ្ឋកូរ៉េខាងជើងរាល់ថ្ងៃ។
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន បានចែករំលែកផ្សិត២តោន ដែលមេដឹកនាំ គីម ជុងអ៊ុន ធ្វើជាកាដូផ្ញើទៅកាន់ពលរដ្ឋកូរ៉េខាងត្បូង ពេលដែលលោកប្រធានាធិបតី និងគណៈប្រតិភូវិលត្រឡប់ទៅកាន់កូរ៉េខាងត្បូងវិញ។ កាដូខាងលើត្រូវបានប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងត្បូងឲ្យតម្លៃថា ជាកាដូមានតម្លៃមិនអាចកាត់ថ្លៃបាន និងក្តុកក្តួលបំផុត។
សារព័ត៌មាន Yonhap News បានផ្សាយថា ប្រធានាធិបតីកូរ៉េខាងត្បូង បានណែនាំការិយាល័យប្រធានាធិបតីចែករំលែកផ្សិតទាំងនោះឲ្យគ្រួសារដែលបែកបាក់ដោយសារសង្គ្រាមឧបទ្វីបឆ្នាំ១៩៥០ មិនទាន់បានជួបជុំគ្រួសារវិញ។ ផ្សិតនេះជាក្តីសង្ឃឹមអាចនាំមកនូវជំនួបគ្រួសារក្នុងពេលឆាប់ៗខាងមុខ។
មេដឹកនាំកូរ៉េខាងត្បូងបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា ប្រភេទផ្សិតនេះមានរសជាតិ កូរ៉េខាងជើងអាចនាំមកនូវភាពស្រស់ស្រាយដល់ពលរដ្ឋដែលបែកបាក់គ្រួសារ។ អ្នកទាំងអស់គ្នាអាចឱបគ្រួសាររបស់ខ្លួនជជែកគ្នា ហូបបាយជុំគ្នា នឹងមកដល់ក្នុងពេលឆាប់ៗ សូមអ្នកទាំងអស់គ្នាមានសុខភាពល្អ រង់ចាំដល់ថ្ងៃនោះ»។
លោក Yoon Young Chan លេខាព័ត៌មានរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជាក់ថា «អ្នកមានអាយុច្រើន នឹងទទួលបានអាទិភាព ក្នុងចំណោម៤.០០០នាក់ដែលទទួលបានផ្សិតនោះ នៅមុនថ្ងៃសែនព្រះខែ»។
ប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃដោយជោគជ័យនៅកូរ៉េខាងជើង។ នៅក្នុងសេចក្តីប្រកាសរួមមេដឹកនាំទាំងពីរ បានព្រមព្រៀងលុបបំបាត់ទីតាំងសាកល្បងមីស៊ីល បរមាណូជារៀងរហូត ក្រោមការត្រួតពិនិត្យពីអ្នកសង្កេតការណ៍អន្តរជាតិ។ មិនតែប៉ុណ្ណោះ កូរ៉េខាងជើងនឹងបិទទីតាំងស្រាវជ្រាវផលិតបរមាណូ Yong Byon តែម្តងប្រសិនបើអាមេរិកមានសកម្មភាពសុទិដ្ឋិនិយមលើកូរ៉េខាងជើងនោះ។
ពាក់ព័ន្ធនឹងជំនួបកន្លងមក ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចង់ជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាលើកទី២ ក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាគ្នាពីការរំសាយអាវុធនុយក្លេអ៊ែរ ប៉ុន្តែវត្ថុបំណងសំខាន់នៅពេលនេះរបស់លោក គីម គឺការចុះសន្ធិសញ្ញាបញ្ចប់សង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) នៅក្នុងឆ្នាំ២០១៨នេះ។
ការលើកឡើងបែបនេះរបស់លោក មូន ជេអុីន ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីលោកបានបញ្ចប់ជំនួបកំពូលអន្តរកូរ៉េលើកទី៣ ជាមួយលោក គីម ជុងអ៊ុន ក្នុងទីក្រុងព្យុងយ៉ាង និងត្រឡប់មកដល់ទីក្រុងសេអ៊ូលវិញ កាលពីថ្ងៃព្រហស្បតិ៍។ ថ្លែងនាឱកាសនោះ លោក មូន បានគូសបញ្ជាក់ដូច្នេះថា «លោកប្រធាន គីម បានបង្ហាញពីចេតនាចង់លុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងឲ្យបានឆាប់រហ័ស ហើយងាកមកផ្ដោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចវិញ…លើសពីនេះទៅទៀត លោកក៏សង្ឃឹមដែរថា នឹងអាចជួបជាមួយលោក ដូណាល់ ត្រាំ ក្នុងពេលឆាប់ៗនេះ ដើម្បីចរចាពីការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ជាពិសេស គឺការចុះសន្ធិសញ្ញាបញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការ ក្នុងឆ្នាំ២០១៨នេះ»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ធ្លាប់ជួបគ្នាម្ដងរួចមកហើយ នៅក្នុងកិច្ចប្រជុំកំពូលរៀបចំឡើងនៅឯប្រទេសសិង្ហបុរី កាលពីខែថ្ងៃទី១២ ខែមិថុនា។ ដោយឡែកនៅពេលនេះ ត្រូវបានសាកសួរពីជំនួបលើកទី២ រវាងមេដឹកនាំទាំងពីរ ហើយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert ក៏បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីរៀបចំជំនួបនេះ៕ ម៉ែវ សាធី