ភ្នំពេញ៖ ប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រកាសចាប់ផ្តើមកម្មវិធីប្រកួតរូបថត និងអំពាវនាវដល់អ្នកស្នេហាវិស័យថតរូបទាំងអស់នៅក្នុងប្រទេស ផ្ញើរូបថតជាស្នាដៃដើមរបស់ខ្លួន ហើយដែលឆ្លើយតបយ៉ាងសក្តិសមបំផុតទៅនឹងប្រធានបទ “បេតិក ភណ្ឌវប្បធម៌” នៅកម្ពុជា។ ការប្រកាសបានធ្វើឡើងកាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៨ក្រោមពាក្យស្លោកថា “បេតិកភណ្ឌរបស់យើង – អតីតកាលជួបអនាគតកាល” ។
កម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីជាផ្នែកមួយនៃការអបអរឆ្នាំនៃបេតិកភណ្ឌវប្បធម៌អឺរ៉ុប ហើយដែលមានការរៀបចំការប្រកួត ការតាំងពិពណ៌ និងព្រឹត្តិការណ៍ផ្សេងៗស្រដៀងគ្នានេះមានរៀបចំឡើងទូទាំងពិភពលោក។
ក្នុងពិធីប្រកាសបើកការប្រកួតរូបថតនេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar មានប្រសាសន៍ថា៖ “បេតិកភណ្ឌវប្បធម៌មានឥទ្ធិពលមកលើអត្តសញ្ញាណ និងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។ បេតិកភណ្ឌវប្បធម៌ស្ថិតនៅជុំវិញខ្លួនយើងទាំងអស់គ្នា នៅទីក្រុង ទីប្រជុំជន នៅតំបន់ទេសភាព ធម្មជាតិ និងទីតាំងបុរាណវិទ្យារបស់យើងទៀតផង ។ បេតិកភណ្ឌវប្បធម៌មិនត្រឹមតែមាននៅក្នុងអក្សរសាស្រ្ត សិល្បៈ និងវត្ថុផ្សេងៗរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុងវិស័យសិប្បកម្ម ដែលយើងបានរៀនសូត្រពីដូនតារបស់យើង សាច់រឿងដែលយើងដំណាលប្រាប់ដល់កូនចៅរបស់ យើង អាហារដែលយើងបរិភោគ និងភាពយន្តដែលយើងមើល និងដែលតាមរយះនេះយើងបានស្គាល់ខ្លួនយើង។ តាមរយៈកម្មវិធីប្រកួតនេះ យើងមានបំណងចង់ទាញការយកចិត្តទុកដាក់លើសារៈសំខាន់នៃបេតិកភណ្ឌវប្បធម៌ចំពោះរូបយើងទាំងអស់គ្នា ទាំងនៅសហភាពអឺរ៉ុប នៅកម្ពុជា ក៏ដូចជាទីកន្លែងផ្សេងទៀតនៅក្នុងពិភពលោក”។
កម្មវិធីប្រកួតរូបថតនេះ បើកឲ្យចូលរួមសម្រាប់មនុស្សគ្រប់គ្នាដែលអាចផ្ញើររូបថតដែលមានគុណភាពច្បាស់ និងជាស្នាដៃដើមរបស់ខ្លួន (ក្នុងទម្រង់ជា JPEG និងទំហំយ៉ាងហោចណាស់ ៥ មេហ្គាភិចសែល) ដែលបានថតដោយប្រើទូរស័ព្ទស្មាតហ្វូន ឬម៉ាស៊ីនថត ហើយក្នុងនោះរង្វាន់ធំសម្រាប់ជ័យលាភី គឺប័ណ្ណដែលមានទឹកប្រាក់ចំនួន ៧០០ ដុល្លារសម្រាប់ជាវឧបករណ៍ម៉ាស៊ីនថត។
លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ទៀតថា៖ “កម្ពុជា ជាប្រទេសមានប្រវត្តិសាស្ត្រ និងវប្បធម៌សម្បូរបែប។ យើងចង់បានរូបថតដែលជាស្នាដៃដើម អាចប្រាប់ពីដំណើររឿងណាមួយ ឬជាអារម្មណ៍ណាមួយ ហើយផ្ដោតលើទិដ្ឋភាពនានានៃវប្បធម៌របស់កម្ពុជា ក្នុងអត្ថន័យទូលំទូលាយបំផុត”។ការប្រកាសឈ្មោះជ័យលាភីនឹងត្រូវធ្វើឡើងជាសាធារណៈនៅចុងខែវិច្ឆិកា។ ក្នុងពិធីប្រគល់រង្វាន់នៅថ្ងៃទី ០៦ ខែធ្នូ ជ័យលាភីលេខ ១ នឹងទទួលបានរង្វាន់ជាប័ណ្ណដែលមានទឹកប្រាក់ ៧០០ ដុល្លារ សម្រាប់ជាវឧបករណ៍ម៉ាស៊ីនថត ។ ចំណែកលេខ ២ នឹងទទួលបានប័ណ្ណដែលមានទឹកប្រាក់ ៦០០ ដុល្លារ ខណៈដែលលេខ ៣ ទទួលបានប័ណ្ណដែលមានទឹកប្រាក់ ៥០០ ដុល្លារ។
រូបថតរបស់ជ័យលាភីទាំងបីនាក់ និងរូបថតសម្រាំងល្អបំផុតចំនួន ១០ នឹងត្រូវដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍នានា ដែលរៀបចំដោយសហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា។
កាលផុតកំណត់ចុងក្រោយសម្រាប់ការផ្ញើរូបថតដើម្បីចូលរួម គឺថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៨។សម្រាប់ព័ត៌មានលម្អិតស្ដីពីកម្មវិធីប្រកួត រាប់បញ្ចូលទាំងលក្ខខណ្ឌទាំងស្រុង មាននៅត្រង់នេះ https://eeas.europa.eu/cambodia ឬនៅលើទំព័រ Facebook: https://www.facebook.com/eu.cambodia/៕ វឌ្ឍនា