តាំងពីអង្គការសហប្រជាជាតិចាប់ កំណើតនៅឆ្នាំ១៩៤៥មក វាជាការកម្រ ណាស់ ដែលកិច្ចប្រជុំថ្នាក់ប្រមុខរដ្ឋ-រដ្ឋា ភិបាល នៃក្រុមប្រឹក្សាអចិន្ត្រៃយ៍និងមិន អចិន្ត្រៃយ៍ទាំង១៥ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ប្រធានាធិបតីអាមេរិក។ ថ្ងៃនេះ ទើបតែជាលើកទីបីប៉ុណ្ណោះ។ លោក អូបាម៉ា អតីតប្រធានាធិបតីអាមេរិក ធ្លាប់ ដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំបែបនេះ ពីរដង នៅឆ្នាំ២០០៩ម្តងនិង២០១៤ម្តង ស្តីអំពីការមិនរីកសាយភាពនុយក្លេអ៊ែរនិងការ ប្រយុទ្ធប្រឆាំងនឹងភេរវនិយម។
របៀបវារៈនិងប្រធានបទនៃកិច្ចប្រជុំមិនផ្លាស់ប្តូរទេ ប៉ុន្តែជាមួយលោក ដូណាល់ ត្រាំ ដែលនិយមនិងមានទម្លាប់ប្រើគ្រប់ ឱកាសវាយប្រហារនយោបាយពហុជាតិ និយម ឬផ្ទុយពីលោកនោះ ពិតជាឆ្លៀត យកឱកាស ជាប្រធានផ្លាស់វេនដឹកនាំកិច្ចប្រជុំរបស់ស្ថាប័នក្រុមប្រឹក្សាសន្តិសុខ មកបរិហារនយោបាយរបស់អុីរ៉ង់ ដែល សម្រាប់លោក ជាប្រទេសអ្នកបង្កអស្ថិរភាពនៅតំបន់ដើមបូព៌ា។
គ្រប់គ្នាកំពុងរង់ចាំតាមដានជំនួបប្រជុំនេះខ្លាំងណាស់ ! ខ្លាំងជាងលើកណាៗ ទាំងអស់។ ព្រោះលោក ដូណាល់ ត្រាំ បានប្រកាសព្រមានដោយចំហរួចជាស្រេចទៅហើយថា លោកនឹងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្តីអំពីអុីរ៉ង់។ លោក ចង់ប្រែក្លាយជំនួបក្នុងស្ថាប័នដ៏កំពូលរបស់អង្គការសហប្រជាជាតិ ទៅជាយុទ្ធនាការ នៃការដាក់គំនាបជាអតិបរិមាប្រឆាំងនឹង អុីរ៉ង់។
លោក រូហានី ប្រធានាធិបតីអុីរ៉ង់ ដែល ជាប្រទេសពាក់ព័ន្ធផ្ទាល់ ពុំត្រូវបានអញ្ជើញឱ្យចូលរួមប្រជុំជាមួយទេ ព្រោះមិនមែនជាសមាជិកក្រុមប្រឹក្សាបច្ចុប្បន្ន។ លោក រ៉ូហានីបានបរិហារសហរដ្ឋអាមេរិក ថា បំពានអំណាចក្នុងនាមជាប្រធានផ្លាស់វេន អាមេរិកត្រូវរក្សាជំហរអព្យាក្រិត្យ ជាអ្នក ចាត់ចែងអនុវត្តរបៀបវារៈ ដឹកនាំប្រជុំនិងផ្តល់ព័ត៌មានដល់សមាជិកអង្គការសហ ប្រជាជាតិ ដោយត្រូវធ្វើសេចក្តីថ្លែងការណ៍ប្រមាណពីរម៉ោង បន្ទាប់មកទើបសមាជិកនីមួយចាប់បញ្ចេញមតិ។
សេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិប្រឆាំងអុីរ៉ង់ មិនមែនជាការរំពឹង របស់អាមេរិក នៅក្នុងជំនួបប្រជុំនេះទេ ព្រោះអុីរ៉ង់មានរុស្ស៊ី ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនិងមានសិទ្ធិប្រឆាំងវេតូ ចាំការពារ។ ភាគីរុស្ស៊ីបានសើចចំអកថារីករាយនឹងទៅប្រជុំ ក្រោមអធិប តេយភាពលោកត្រាំ តែលោកគិតថានឹងលោកត្រាំនឹងគ្មានត្រៀមអ្វីច្បាស់លាស់ សម្រាប់មកនិយាយទេ។
លោកស្រី Nikki Haley តំណាងអាមេរិកនៅអង្គការសហប្រជាជាតិក៏បានអះអាងដោយចំៗថា អាមេរិកមិនរង់ចាំការអនុម័តសេចក្តីសម្រេចចិត្តទេ ចង់ត្រឹមផ្ចង់ចំណាច់អារម្មណ៍ពិភពលោក លើនយោបាយអុីរ៉ង់ អាមេរិកចង់កម្លាឱ្យអុីរ៉ង់យល់ថាពិភពលោក តាមដានមើលអុីរ៉ង់ជាប់រហូត។
តាមការពិតកម្មវត្ថុរបស់លោកត្រាំ គឺ ធ្វើយ៉ាងណាប្រមូលសហគមន៍អន្តរជាតិឱ្យបានច្រើនរួមគ្នាជាធ្លុងមួយប្រឆាំងនឹងអុីរ៉ង់ ដើម្បីបង្ខំរបបសាធារណរដ្ឋអ៊ិស្លាមមួយនេះ ត្រលប់មកចរចា ស្វែងរកកិច្ចព្រមព្រៀងថ្មីដ៏ទូលំទូលាយ ក្រសោបហាមឃាត់រាល់ គ្រប់ទម្រង់នៃការរីកសាយភាយមីស៊ីលបាលីស្ទិក និងបញ្ចប់អត្តិចរិតបង្កអស្ថិរភាពរបស់ក្រុងតេអេរ៉ង់តែម្តង មិនមែនត្រឹមជាកិច្ច ព្រមព្រៀងទប់ស្កាត់ការផលិតគ្រាប់បែក នុយក្លេអ៊ែរ ដូចបានចុះហត្ថលេខានៅឆ្នាំ ២០១៥ទេ។
អាមេរិករបស់លោកត្រាំ ចង់ស្រែកឱ្យឮ និងយារដៃកាន់ដំបងជានិច្ចចាំវាយអុីរ៉ង់។ ម្សិលមិញ ពីវេទិកាអង្គការសហប្រជាជាតិ ទិសដៅនៃការវាយប្រហារដ៏សន្ធាប់គឺអុីរ៉ង់ លោក ត្រាំបានអំពាវនាវឱ្យគ្រប់ប្រទេស និងប្រជាជាតិលើពិភពលោក នាំគ្នា ដាក់ របបដឹកនាំ ផ្តាច់ការអុីរ៉ង់ឱ្យរបបឯការ។
បន្ទាប់ពីប្រមូលផ្តុំសហគមន៍អន្តរជាតិទាំងមូលឱ្យប្រឆាំងកូរ៉េខាងជើងបានជោគជ័យ លោកដូណាល់ ត្រាំពិតជាចង់បំបាក់និងបង្ខំអុីរ៉ង់មួយទៀត ឱ្យព្រមចរចា។
បើតាមអ្នកការទូតអឺរ៉ុបម្នាក់ ប្រធានា ធិបតីអាមេរិកមានជំនឿថា មធ្យោបាយ ដាក់គំនាបជាអតិបរិមា លាយនឹងទណ្ឌ កម្មដ៏ខ្លាំង ផ្តាច់ឱ្យឯកាផ្នែកការទូតបំផុត និងការគំរាមប្រើកម្លាំងយោធា បានធ្វើឱ្យ របបព្យុងយ៉ាងព្រមចរចារំសាយនុយ ក្លែអ៊ែរ។ ដូច្នេះ លោកត្រាំ ត្រូវតែដូចគ្នា ដែរលើអុីរ៉ង់ គឺសំឡុត-គាបឱ្យខ្លាំង រួចចាប់ចរចាតាមក្រោយ ក្នុងជំហរជាអ្នកមាន ប្រៀប។
ប៉ុន្តែយុទ្ធសាស្ត្រនេះទំនងជាមិនស៊ីនឹងអុីរ៉ង់ទេ ព្រោះស្ថានការណ៍ប្រទេសទាំងពីរ -កូរ៉េខាងជើង និងអុីរ៉ង់- ខុសគ្នាស្រលះ ! លោករ៉ូហានី ប្រធានាធិបតីអុីរ៉ង់ ដែល កំពុងស្ថិតនៅទីក្រុងញូវយ៉ក បានបដិសេធ មិនជួបលោកដូណាល់ ត្រាំ នៅសប្តាហ៍ នេះ បានអះអាងដែរថាគេមិនអាចប្រៀប អុីរ៉ង់និងកូរ៉េខាងជើងបានឡើយ។
កូរ៉េខាងជើងបានអភិវឌ្ឍន៍គ្រាប់បែក បរមាណូហើយ និងទាមទារតាំងខ្លួនជា មហាអំណាចនុយក្លេអ៊ែរ។ ចំណែកអុីរ៉ង់វិញ រដ្ឋាភិបាលបានប្តេជ្ញាជាផ្លូវការ មិនផលិត គ្រាប់បែកប្រល័យលោក។ កូរ៉េខាងជើងមានប្រទេសជិតខាងកូរ៉េខាងត្បូងជាក្បាលម៉ាស៊ីនអូសបង្ខិតបងប្អូនបង្កើតទាំងពីរ ចូលគ្នា ខុសពីអុីរ៉ង់ ដែលប្រទេសជិតខាង ខ្លួន (អារ៉ាប៊ីសាអ៊ូឌីត ឬអុីស្រាអែល) សុទ្ធតែជួយជំរុញឱ្យអាមេរិកប្រឆាំងអុីរ៉ង់ ក្នុង នាមជាសត្រូវរួមប្រចាំតំបន់។ ព្យុងយ៉ាងជារបបដែលគ្មានអ្នករាប់រក សម្ពន្ធមិត្ត អាមេរិកទាំងអស់ នាំគ្នាព្រួតដាក់ទណ្ឌកម្មកូរ៉េខាងជើងតាមចំណង់វ៉ាស៊ីនតោនឯអុីរ៉ង់វិញបានចុះកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ ២០១៥ ជាមួយនឹងក្រុមបស្ចឹមលោក ហើយអឺរ៉ុបជាសម្ពន្ធមិត្តអាមេរិក បដិសេធទណ្ឌកម្មនិងព្រមទាំងចុងមាត់ចុងកផ្តាច់ ទំនាក់ទំនងពីតេអេរ៉ង់ តាមវ៉ាស៊ីនតោន។ តាំងពីថ្ងៃចន្ទមក សម្ពន្ធមិត្តអាមេរិកបាន បង្កើតអត្តសញ្ញាណពិសេសមួយសម្រាប់ពង្វាងផ្លូវ ដើម្បីអាចបន្តរកស៊ីជាមួយអុីរ៉ង់ និងគេចពីទណ្ឌកម្មអាមេរិកបាន។
ការដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ បានធ្វើឱ្យលោកត្រាំចាប់បាត់បង់ភាពជាមេដឹកនាំ ជាប្រពៃណីរបស់ខ្លួន ក្នុងរង្វង់ក្រុមប្រឹក្សាសន្តិសុខដែលកំពុងពិចារណាលើប្រធានបទមិនរីកសាយភាពអាវុធប្រល័យលោក។ តែកិច្ចប្រជុំនេះអាចនាំលោកត្រាំឱ្យធ្លាក់ក្នុងភាពឯកាវិញផងក៏ថាបាន៕ ម៉ែវ សាធី