ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើប បុករថយន្តពីរគ្រឿងឈប់ចាំភ្លើងស្តុបខូចខាតទាំង៣គ្រឿង

ចែករំលែក៖

ភ្នំពេញ: រថយន្តស៊េរីទំនើបមួយគ្រឿង បុករថយន្តម៉ាកព្រុស ហើយរថយន្តព្រុសបន្តទៅបុករថយន្តកូរ៉ូឡា បណ្តាលឲ្យរងការខូចខាតរថយន្តទាំង៣គ្រឿង តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវលេខ១៥៤ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ឃើញរថយន្ត២គ្រឿងបានឈប់ចាំភ្លើងស្តុប ស្រាប់តែបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡង់គ្រីសឺរ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K-5055 បើកមកបុករថយន្តព្រុស ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6638 ហើយរថយន្តព្រុសបន្តទៅបុករថយន្តកូរ៉ូឡា ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2L-1101 បណ្តាលឲ្យរងការខូចខាតរថយន្តទាំង៣គ្រឿង តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងយករថយន្តទាំង៣គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖