ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីប្តីប្រពន្ធចំណាស់មួយគូ ដែលបានរៀបការពេញច្បាប់ចាប់ដៃគ្នារកស៊ីយូរឆ្នាំណាស់មកហើយ ដែលមានទាំងកូនក្រមុំ និងកំលោះទៀតផង បែរជាខាងស្រី លបលួចបង្កាត់ភ្លើងស្នេហ៍ជាមួយបុរសម្នាក់ទៀត ជាអ្នកស្គាល់ប្តីរបស់ខ្លួនទៀត រហូតដល់តាមទាន់ដល់បន្ទប់ជួល។ ដល់ឃើញគូស្នេហ៍ទាំង២នាក់កំពុងនៅក្នុងបន្ទប់តែ២នាក់ ធ្វើឲ្យខ្លួនជាប្តីទប់ចិត្តស្ទើរតែមិនបាន ដោយមិនហ៊ានប្រើហិង្សា បានត្រឹមរត់មកប្តឹងសម្ថិតកិច្ចឲ្យចុះជួយអន្តរាគម៍ទាំងកណ្តាលថ្ងៃត្រង់ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អស់អ្នកជិតខាង នៅវេលាម៉ោង ១១និង៤០នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួល ក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលជាជនរងគ្រោះ(ប្តី) បានរៀបការចាប់ដៃគ្នារកស៊ីតាំងពីយូរណាស់មកហើយហើយថែមទាំមានកូនប្រុស ស្រី ក្រមុំ កំលោះទៀតផង ប៉ុន្តែមួយរយះពេលប្រហែល៦ខែចុងក្រោយនេះ រូបគាត់តែងតែទាស់ទែងនៅពាក្យសម្តីជាមួយគ្នា ធ្វើឲ្យមានភាពរកាំរកូសនៅក្នុងគ្រួសារ ទើបសម្រេចចិត្តរស់នៅបែកគ្នាបណ្តោះអាសន្នសិន ហើយពេលដែលរស់នៅបែកគ្នានោះ ភាគីខាងប្តី ក៏បានសុំភាគីខាងប្រពន្ធលែងលះគ្នាដែរ តែខាងប្រពន្ធមិនព្រម ទើបទ្រាំរស់នៅបែកគ្នាសិនទៅ ហើយអំឡុងពេលដែលបែកគ្នានោះ បុរសដែលជាប្តីតែងតែឃើញប្រពន្ធខ្លួនជិះម៉ូតូជាមួយប្រុសផ្សេងជាញឹកញាប់ ទើបមានការសង្ស័យ រូបខ្លួនចេះតែតាមដានរហូតមកលុះមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ទើបរូបគាត់ជាប្តីតាមទាន់ជាក់ស្តែងនៅក្នុងបន្ទប់ជួលតែម្តង ហើយអ្វីដែលហួសចិត្តនោះ ប្រុសដែលជាសាហាយស្មន់នោះ គឺជាមនុស្សដែលខ្លួន(ប្តី)ស្គាល់ទៀត ទើបរត់ទៅប្តឹងសម្ថិតកិច្ចប៉ុស្តិ៍ចោមចៅ៣ចុះទៅជួយអន្តរាគម៍ និងនាំភាគីទាំងប្រុស (សាហាយ) និងប្រពន្ធ ដែលខ្លួនខំទុកចិត្តរាប់ខែឆ្នាំនោះមកប៉ុស្តិ៍រដ្ឋបាលនរគបាលចោមចៅ៣ ដើម្បីឲ្យជួយដោះស្រាយដល់រូបគាត់ដែលជាជនរងគ្រោះផងដែរ ។
ទាក់ទងករណីនេះ យើងនៅមិនទាន់ដឹងថា តើលទ្ធផល ត្រូវនគរបាលសម្រេចបែបណានៅឡើយទេ ៕ សុខាសែនជ័យ