ខេត្តស្វាយរៀង៖ ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ អមដំណើរដោយ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះសាកសួរសុខទុក្ខ និងពិនិត្យមើលជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និវត្តន៍ជនចំនួន២០០គ្រួសារ ដែលទទួលបានដី និងផ្ទះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។
ថ្លែងសំណេះសំណាលជាមួយអតីតយុទ្ធជន ទេសរដ្ឋមន្ដ្រី គន់ គីម បានកោតសរសើរបងប្អូនទាំងអស់គ្នា ដែលបានខិតខំដាំដំណាំចិញ្ចឹមសត្វនៅតាមលំនៅដ្ឋានរបស់ខ្លួនធ្វើឲ្យជីវភាពមានការរីកចម្រើនជាងមុន។
តាមរយៈ ទេសរដ្ឋមន្ដ្រី គន់ គីម បងប្អូនអតីតយុទ្ធជនដែលកំពុងរស់នៅទីនេះ បានគោរពថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅគ្មានថ្ងៃបំភ្លេចបានចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ដីផ្តល់ផ្ទះជូនពួកគាត់ ធ្វើឲ្យជីវភាពរបស់ពួកគាត់ដែលពីមុនមានការខ្វះខាតឥឡូវបានធូរស្រាលមួយកំរិត និងសូមអរគុណ សម្តេច ដែលតែងតែឲ្យលោកទេសរដ្ឋមន្ដ្រី ចុះសួរសុខទុក្ខ និងដោះស្រាយការលំបាកជូនពួកគាត់បានទាន់ពេលវេលា៕