ខេត្តតាកែវ៖ ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកអង្គបុរី ខេត្តតាកែវ បានឲ្យដឹងថា រយៈពេលប្រមាណ២ខែកន្លងទៅនេះជនជាតិវៀតណាមចូលមកធ្វើសកម្មភាពនេសាទដោយប្រើឧបករណ៍ខុសច្បាប់ក្នុងដែនទឹកខ្មែរយ៉ាងគគ្រឹកគគ្រេងដោយសារមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផល មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធដែលគិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួន។ ក្នុងនោះលោក ខឹម ប៊ុនថន នាយផ្នែករដ្ឋបាលជលផលអង្គរបុរី ត្រូវបានគេដឹងថាជាមេខ្លោងធំក្នុងការឃុបឃិតឲ្យជនជាតិវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរតាមតំបន់ព្រំដែនខ្មែរ-វៀតណាម យ៉ាងគឃ្លើនតែម្តង។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យក្រសួងកសិកម្ម ក៏ដូចជាលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់លោក ខឹម ប៊ុនថន នាយផ្នែករដ្ឋបាលជលផលអង្គរបុរី ជាបន្ទាន់។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនខ្មែរ-វៀតណាម ក្នុងស្រុកអង្គរបុរី ខេត្តតាកែវ បានឲ្យដឹងថា ករណីជនជាតិវៀតណាមចូលមកនេសាទដោយប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំក្នុងដែនទឹកខ្មែរ ត្រូវបានបណ្ដាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះទាំងលោក អ៊ូច ភា អភិបាលខេត្តតាកែវ ក៏ដូចជាមេរដ្ឋបាលជលផលខេត្តតាកែវ បែរជាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់បណ្ដោយឲ្យបទល្មើសរាលដាលយ៉ាងអនាធិបតេយ្យ។ មិនតែប៉ុណ្ណោះថ្មីៗកន្លងទៅនេះលោក អ៊ូច ភា អភិបាលខេត្តតាកែវ បែរជានិយាយការពារករណីមន្ត្រីរដ្ឋបាលជលផលស្រុកអង្គរបុរី និងស្រុកបុរីជលសា ដែលបើកដៃឲ្យជនជាតិវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរដោយគ្មានសេចក្ដីអៀនខ្មាស។
ប្រភពដែលស្និទ្ធនឹងលោក ខឹម ប៊ុនថន នាយផ្នែករដ្ឋបាលជលផលអង្គរបុរី បានឲ្យដឹងថា តាមរយៈការឃុបឃិតបើកដៃឲ្យជនជាតិវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរ គឺលោក ខឹម ប៊ុនថន អាចប្រមូលលុយបានយ៉ាងច្រើនក្នុងមួយខែៗ ហើយក៏មានការបែងចែកដល់ថ្នាក់លើតាមលំដាប់លំដោយផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនគ្មានឧបសគ្គ។ ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកបុរីជលសា បានឲ្យដឹងថា ឥឡូវនេះបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ប្រភេទរបាំងព្រួល របាំងសាច់អួនក្រឡាញឹក របាំងលូស្បៃមុង និងសៃយ៉ឺនជាដើម កំពុងកើតឡើងយ៉ាងពេញបន្ទុកចាប់ពីព្រំប្រទល់ស្រុកអង្គរបុរី ខេត្តតាកែវ ដល់ស្រុកកោះធំ ខេត្តកណ្ដាល។
ដូច្នេះលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះបច្ចុប្បន្នលោក ខឹម ប៊ុនថន នាយផ្នែករដ្ឋបាលជលផលអង្គរបុរី គឺជាអ្នកបើកដៃឲ្យជនជាតិវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរ ចំណែកប្រជានេសាទខ្មែរមិនអាចធ្វើសកម្មភាពនេសាទជាលក្ខណៈគ្រួសារដើម្បីបានកម្រៃសម្រាប់ដោះស្រាយជីវភាពនោះឡើយ ។
លោកញឹប ស៊្រន ប្រធានមន្ទីរកសិកម្មខេត្តតាកែវអះអាងថា លោកមិនព្រងើយកន្តើយក្នុងការចាត់វិធានការបង្ក្រាបបទល្មើសនោះឡើយ ។ លោកបានបញ្ជាឲ្យមន្ត្រីជលផលក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើសកម្មភាពបង្ក្រាបជារៀងរាល់ថ្ងៃ ដោយមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ច ដូចជាកងរាជអាវុធហត្ថ និងកម្លាំងនគរបាលជាដើម ។ យ៉ាងណា កម្លាំងសមត្ថកិច្ចរបស់លោកមិនគ្រប់គ្រាន់ក្នុងការបង្ក្រាបបទល្មើសឲ្យទាន់ពេលវេលានោះទេ ។ លោកទទួលស្គាល់ថា មានបទល្មើសមែន ប៉ុន្តែការបង្ក្រាបរបស់ក្រុមការងារលោក ក៏បានធ្វើជារៀងរាល់ថ្ងៃដែរ ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅស្រុកអង្គរបុរី និងស្រុកបុរីជលសា យល់ថា សមត្ថកិច្ចបង្ក្រាបបទល្មើសនេសាទតែបុគ្គលណាដែលមិនផ្តល់ប្រាក់ឲ្យពួកគេតែប៉ុណ្ណោះ ។ ដោយឡែកជនជាតិវៀតណាម ដែលបានផ្តល់ប្រាក់គឺពួកគេអាចចូលនេសាទបានដោយសេរីតាមរយៈឧបករណ៍នេសាទល្មើសច្បាប់ដែលមានទ្រង់ទ្រាយធំ ។ អាជ្ញាធរខេត្តតាកែវ ក្រោមអំណាចចាត់ចែងរបស់លោក អួច ភា ត្រូវបានប្រជាពលរដ្ឋរិះគន់ថា ងាប់ត្រគាកស្តូកតែម្តងក្នុងបញ្ហាបង្ក្រាបបទល្មើសនេសាទនេះ មិនតែប៉ុណ្ណោះ ភាពស្ងៀមស្ងាត់នេះ ធ្វើឲ្យប្រជាពលរដ្ឋយល់ថា ថ្នាក់ដឹកនាំខេត្តនេះទទួលបានលាភសក្ការពីឈ្មួញរកស៊ីនេសាទល្មើសច្បាប់ ៕ ហេង សូរិយា