ព័ត៌មានទាន់ហេតុការណ៍៖

លោកទេសរដ្ឋមន្ដ្រី ​ អូស្មាន​ ហាស្សាន់​ ជំរុញឲ្យអង្គការ​OIC ពិនិត្យឡើងវិញនូវការដាក់កម្ពុជា ជាសមាជិកអង្កេតការណ៍

ចែករំលែក៖

អារ៉ាប៊ីសាអ៊ូឌីត៖ ​ លោកទេសរដ្ឋមន្ត្រី អូស្មាន​ ហាស្សាន់​ បានជំរុញឲ្យអង្គការសហប្រតិបត្តិការឥស្លាម (OIC) ធ្វើយ៉ាងណាពិនិត្យ ឡើងវិញនូវការដាក់បញ្ចូលកម្ពុជាជាសមាជិកអង្កេតការណ៍ប្រចាំនៅអង្គការនេះ​ ក្នុងឱកាសដែល​ លោក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារ ជាមួយលោក​ អាប់ឌុលឡោះ អាលិម អគ្គលេខា ធិការរង នៃអង្គការសហប្រតិបត្តិការឥស្លាម​ (OIC)​ នៅទីស្តីការអង្កការ​ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត​ នៅព្រឹកថ្ងៃពុធទី១៧ ខែតុលា ឆ្នាំ២០១៨ នេះ។

ជាកិច្ចឆ្លើយតប លោក​ អាប់ឌុលឡោះ អាលិម អគ្គលេខា ធិការរង បានសន្យាថា៖ នឹងព្យាយាមលើកយកបេក្ខភាពកម្ពុជា​មកនិយាយនៅសម័យប្រជុំខាងមុខនេះ ។ ក្នុងនោះដែរ​ លោកអគ្គលេខាធិការរង​ OIC ក៏បានសម្ដែងនូវការគាំទ្រដល់គោល នបាយកម្ពុជា ដែលបានធ្វើឲ្យគ្រប់សាសនាទាំងអស់នៅកម្ពុជា រស់នៅជាមួយគ្នាដោយ សុខដុមរមនា (សហវិជ្ជមាន ) ព្រមទាំអបអរសាទរ ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលបានបោះឆ្នោតដោយជោគជ័យកន្លងមក។ ហើយបងប្អូនប្រជាពល រដ្ឋគ្រប់រូបបានសម្រេចចិត្ដ ដ៏ត្រឹមត្រូវជ្រើសរើសមេដឹកនាំ ដែលមានភាពឆ្លាតវៃ គឺសម្ដេចតេជោហ៊ុន សែន ធ្វើជាមេដឹកនាំ ។

លោកអគ្គលេខាធិការរង OIC ក៏បានស្នើរកម្ពុជាឱ្យរៀបចំធ្វើសិក្ខាសាលា ស្តីពីសន្ទនាអន្តរសាសនា នៅខែកក្កដា ឆ្នាំ២០១៩ ឆ្នាំក្រោយ ក្នុងគោលបំណង ដើម្បីបង្ហាញពីភាព ការរស់នៅជាគ្នាប្រកបដោយសុខដុមរមនា គ្រប់សាសនា កាន់តែស្គាល់ចិត្ដគំនិតគ្នា ក្នុងនាមបងប្អូនខ្មែរតែមួយ ។

ជាកិច្ចឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បានសន្យាថា នឹងជួយសម្រសម្រួលរឿងនេះ ព្រមទាំងអញ្ជើញថ្នាក់ដឹកនាំកំពូលៗកម្ពុជា ដើម្បីឲ្យចូលរួមជាកិត្តិយស ក្នុងកម្មវិធីនេះផងដែរ ។

បន្ទាប់មកទៀត នៅថ្ងៃនោះដ៏ដែល លោក ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បានអញ្ជើញបន្តចូលជួបពិភាក្សាការងារជាមួយ លោកអ៊ីព្រហ៊ីម អាល់ខូហ្សៃម នាយកប្រតិបត្តិ នៃមូលនិធិសាមគ្គីឥស្លាម (ISF)នៅទីស្នាក់ការមូលនិធិ នៅអារ៉ាប៊ីសាអូឌីត ។

លោកទេសរដ្ឋមន្រ្តី ក៏បានរៀបរាប់ អំពីស្ថានការណ៍មួយចំនួននៅកម្ពុជា រួមមានសមិទ្ធិផលនានា ដែលឥស្លាមទទួលបាន ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។ ក្នុងឱកាសនេះដែរ លោក ទេសរដ្ឋមន្រ្តី ក៏បានស្នើរ សុំមូលនិធិ បន្ដជួយគាំទ្រ និងផ្តល់ជំនួយដើម្បីសាងសង់សាកលវិទ្យាល័យឥស្លាម វិទ្យាស្ថាន និងសាសារៀន វិហារ ស៊ូរ៉ាវ ជាដើម។

ជាកិច្ចឆ្លើយតប លោក អ៊ីព្រហ៊ីម អាល់ខូហ្សៃម ក៏បានសន្យាថានិងព្យាយាមចង្អុលបង្ហាញផ្លូវ ដើម្បីទទួលការគាំទ្រលើគម្រោងនេះ និងជម្រាបថា រាល់គម្រោងនានាត្រូវអនុវត្តដោយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ឬនៅក្រោមឆត្ររបស់គណៈរដ្ឋមន្រ្តីដែលមានរាជរដ្ឋាភិបាលជាអ្នកពិនិត្យគ្រប់គ្រងផងដែរ ៕ សំរិត


ចែករំលែក៖