ភ្នំពេញ៖ ស្រ្តីជាអ្នកដាក់ពង់ម្នាក់ និងទូហ្គេមបាញ់ត្រី២គ្រឿង ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការប៉ុស្តិ៍ទួលសង្កែទី១ ចុះបង្ក្រាបនិងឃាត់ខ្លួន ជាកស្តែង ករណីល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីមួយកន្លែង ។
ហេតុការណ៍បង្ក្រាបខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណង់មិនរៀបរយ ផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារទូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចឲ្យដឹងថា ក្នុងការបង្ក្រាបជាក់ស្តែង ករណីល្បែងស៊ីសង(ហ្គេមបាញ់ត្រី)ខាងលើនេះដែរ កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បានបង្ក្រាបឃាត់ខ្លួនស្រ្តីម្នាក់ (អ្នកដាក់ពង់)ឈ្មោះ សំ ស្រីដា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១៣៦ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ។
សម្ភារដកហូតរួមមានទូហ្គេម២គ្រឿង សៀវភៅកត់ពង់១ក្បាល និងប្រាក់៥០០០០៛(ប្រាំម៉ឺនរៀល) ក្រោយឃាត់ខ្លួនត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕អារុណរះ