ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនជាតិចិន១៦នាក់ទៅស្នងការខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់

ចែករំលែក៖

ប៉ោយប៉ែត៖ ជនជាតិចិន១៦នាក់ដែលបង្កជម្លោះជាមួយក្មេងស្ទាវមួយក្រុមនោះត្រូវបញ្ជូនទៅស្នងការខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ។

តាមប្រភពពីសមត្ថកិច្ចប្រាប់ថា: កាលពីម៉ោងជាង១២ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នោះ មានជនជាតិចិនមួយក្រុម មកពីផឹកស៊ីនៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនជាតិចិន១ក្រុមនោះមានគ្នាប្រមាណ៤ទៅ៥នាក់ទៅច្រៀងខារ៉ាអូខេ ស្រាប់តែមានទំនាស់ជាមួយក្រុមក្មេងស្ទាវជាជនជាតិខ្មែរ ហើយក្រុមក្មេងស្ទាវនោះ ជាមុខសញ្ញាដែលកាប់ទៅលើជនជាតិចិនម្នាក់ នាពេលកន្លងមក បង្ករបួសស្នាម ទើបជនជាតិចិន១ក្រុមនោះ ស្គាល់មុខបានហៅក្រុមជនជាតិចិនដូចគ្នា ខ្លះកាន់ដំបងទីប និងដំបងឈើ មករកក្រុមក្មេងទាំងនោះ តែរកមិនឃើញ កើតជាដើរស្រែកបង្កភាពភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនដើម្បីសួរនាំ តែក្នុងប្រតិបត្តការនោះ មានការផ្ទុះអាវុធច្រើនគ្រាប់ផងដែរ គ្រាដែលជនជាតិចិនទាំងនោះមិនស្ដាប់សមត្ថកិច្ច។

សមត្ថកិច្ចបន្ថែមថា ជនជាតិចិនទាំង១៦នាក់នេះ មានលិខិតឆ្លងដែនត្រឹមត្រូវ និងជាបុគ្គលិកលក់ក្នុងហាងមួយនៅក្រុងប៉ោយប៉ែត ។

លោកអធិការងព្រហ្ម ពិសិទ្ធ ទទួលផែនព្រហ្មទណ្ឌក្រុងបញ្ជាក់តាមទូរស័ព្ទថា ជនជាតិចិនទាំងអស់នោះក្រោយពីសួរនាំរួចរាល់ បញ្ជូនទៅស្នងការខេត្តដើម្បីបញ្ជូនបន្តទៅតុលាការ ។

លោកថា ជនជាតិចិនទាំងនេះ ត្រូវបានចោទពីបទប្រឆាំងនឹងអ្នករាជការសាធារណ:ក្នងមាត្រា503 ៕ វណ្ណា


ចែករំលែក៖