ខេត្តកំពង់ធំ ៖ ការបំពាក់ម៉ាស៊ីនលើទូកហើយប្រើកញ្ច្រែងអូសលៀសដោយម៉ាស៊ីន គឺជាឧបករណ៍មួយខុសច្បាប់ស្តីពីច្បាប់ជលផល ប៉ុន្តែទូកដែលបំពាក់ឧបករណ៍របៀបនេះមានប្រមាណជាង១០គ្រឿងដែលកំពុងប្រព្រឹត្តល្មើសខុសច្បាប់រាល់ថ្ងៃ នៅចំណុចកោះតាបរ បឹងទន្លេសាប ស្ថិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ជាក់ស្តែងកាលពីល្ងាចថ្ងៃទី២៥ ខែតុលា ២០១៨ គេឃើញទូកឈ្មួញទិញលៀស និងទូកអ្នកអូសលៀសដោយម៉ាស៊ីននេះ បានមកប្រមូលទិញលៀសតាមទូកដែលកំពុងអូស នៅចំណុចកោះតាបរ ក្បែរស្នាក់ការ លោកយ៉ាន់ វីសាក់ ហៅសែ នាយផ្នែកជលផលផាត់សណ្តាយ។ យោងតាមប្រភពពីអ្នករកស៊ីអូសលៀសដោយម៉ាស៊ីនដែលភាគច្រើនជាជនជាតិវៀតណាមបានឱ្យដឹងថា ថៅលៀសបានរត់ការបង់លុយឱ្យសមត្ថកិច្ចជំនាញ ដើម្បីឱ្យពួកគាត់ចេញអូសលៀស ប៉ុន្តែអូសបានត្រូវតែយកមកលក់ឱ្យថៅកែ។
ប្រភពពីប្រជាពលរដ្ឋនៅជិតកន្លែងប្រមូលទិញលៀសនោះបាននិយាយថា ក្នុងមួយថ្ងៃឈ្មួញទិញលៀសបានជាច្រើនការុង ហើយយប់ឡើងទើបមានរថយន្តដឹកចេញយកទៅលក់នៅឧត្តុង ឬភ្នំពេញ។
នៅក្នុងបឹងទន្លេសាប យើងមិនអាចទាក់ទង លោក យ៉ាន់វិសាក់ ហៅសែ នាយផ្នែកជលផលផាត់សណ្តាយ សុំការបកស្រាយតាមទូរស័ព្ទបានទេ នៅរសៀលនេះ។
បញ្ជាក់ថា ក្នុងច្បាប់ជលផលមាត្រាទី២០ ចំណុច១៤ គឺហាមដាច់ខាតចំពោះការនេសាទគ្រប់ប្រភេទនៅក្នុងដែននេសាទដោយប្រើឧបករណ៍នេសាទទំនើបនាំមកនូវការបំផ្លាញមច្ឆាជាតិ ។ ដូច្នេះការប្រើឧបករណ៍អូសលៀសដោយម៉ាស៊ីន គឺខុសនឹងច្បាប់ជលផល ៕ ប៊ុនរិទ្ធី