ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ៖ ក្រុមការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅ ថា “ណាហ្គាវើលដ៍បេះដូងសប្បុរស” បានបើកវគ្គបណ្តុះបណ្តាលកីឡាបាល់ទាត់ដំបូងរបស់ខ្លួនក្នុងខេត្តកំពង់ស្ពឺកាលពីព្រឹកមិញដែលវគ្គបណ្តុះបណ្តាលពិសេសនេះមានរយៈពេល ៤ ថ្ងៃ និងត្រូវបានផ្តល់ដោយក្លឹបបាល់ទាត់ណាហ្គាវើលដ៍ដែលជាក្លឹបជើងឯកមិត្តហ្វូនខេមបូឌានលីគ ឆ្នាំ ២០១៨ ។ គំនិតផ្តួចផ្តើមរយៈពេល ២ ឆ្នាំនេះ ត្រូវបានគាំទ្រដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា ហើយគ្រូកីឡាមកពី ៩៤ អនុវិទ្យាល័យ និងវិទ្យាល័យទូទាំងខេត្តកំពង់ស្ពឺ នឹងទទួលវិញ្ញាបនបត្របង្ហាត់កីឡាបាល់ទាត់អាជីពប្រភេទ “ឃ” និងសម្ភារហ្វឹកហ្វឺន ខណៈសិស្សានុសិស្សប្រមាណ ១៨.៥០០ នាក់អាយុចន្លោះ ១២ ទៅ ១៨ ឆ្នាំ នឹងទទួលបានផលប្រយោជន៍ពីការបណ្តុះបណ្តាលនេះផងដែរ ។
កម្មវិធីបើកវគ្គបណ្តុះបណ្តាលផ្លូវការនេះ ត្រូវបានធ្វើឡើងក្នុងខេត្តកំពង់ស្ពឺក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ដែលជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា សមាជិករដ្ឋសភាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធាននៃសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម សំ រិទ្ធី សមាជិករដ្ឋសភា ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក កែវ សារ៉េត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោកថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ និងគណៈគ្រប់គ្រងរបស់ណាហ្គាវើលដ៍ ។
នៅក្នុងសុន្ទរកថាស្វាគមន៍ នាយកគ្រប់គ្រងណាហ្គាវើលដ៍លោក Pern Chen បានមានប្រសាសន៍ថា “ណាហ្គាវើលដ៍បេះដូងសប្បុរស មានសេចក្តីសោមនស្សរីករាយក្នុងការឆ្លើយតបទៅនឹងការអំពាវនាវរបស់រដ្ឋាភិបាលក្នុងការឧបត្ថម្ភ និងគាំទ្រដល់ការអភិវឌ្ឍកីឡាបាល់ទាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ កម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺដែលមានរយៈពេល ២ ឆ្នាំរបស់យើង នឹងធ្វើឲ្យគ្រូកីឡាទូទាំងខេត្តកំពង់ស្ពឺអភិវឌ្ឍខ្លួនដើម្បីក្លាយជាគ្រូកីឡាបាល់ទាត់អាជីពសម្រាប់កីឡាករវ័យក្មេងជំនាន់ក្រោយ ។ ក្រៅពីកសាងមូលដ្ឋានគ្រឹះដើម្បីលើកកម្ពស់វប្បធម៌លេងកីឡាសម្រាប់សុខភាព យើងសង្ឃឹមថា កម្មវិធីនេះ នឹងជួយធ្វើឲ្យកីឡាករក្មេងៗជំនាន់ក្រោយក្លាយជាកីឡាករបាល់ទាត់ដ៏ពូកែក្នុងពេលអនាគតដ៏ខ្លីខាងមុខ” ។
លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា “យើងដឹងថា វិធីដែលមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍជំនាញបាល់ទាត់ដល់កុមារនៅតាមខេត្ត គឺត្រូវផ្តល់ការហ្វឹកហាត់ប្រកបដោយគុណភាពនៅតាមសាលារៀនរបស់ពួកគេ។ កម្មវិធីបណ្តុះបណ្តាលនេះ គឺជាគំនិតផ្តួចផ្តើមដ៏ល្អមួយដើម្បីជួយអភិវឌ្ឍកីឡាបាល់ទាត់ ហើយយើងគាំទ្រគម្រោងនេះពេញទំហឹង” ។
ចំណែកលោក លោក កែវ សារ៉េត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា “កម្មវិធីនេះ នឹងជួយបង្កើនស្តង់ដារនៃការបង្ហាត់កីឡានៅតាមសាលារៀនទូទាំងខេត្តកំពង់ស្ពឺ ហើយយើងចង់ឃើញវឌ្ឍនភាពរបស់កុមាររបស់យើងក្នុងពេលឆាប់ៗខាងមុខ” ។
ហើយអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានមានយោបល់គាំទ្រផងដែរថា “សិស្សានុសិស្សរាប់ម៉ឺននាក់ នឹងទទួលបានការអប់រំផ្នែកកីឡាប្រសើរជាងមុន ។ អរគុណដល់ក្រុមហ៊ុនណាហ្គាវើលដ៍ និងភាគីពាក់ព័ន្ធទាំងអស់” ។
ជាចុងក្រោយ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ផងដែរថា វិស័យកីឡា គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសជួយកសាងធនធានមនុស្សដល់ប្រជាជនកម្ពុជាទាំងមូលដែលក្នុងនោះមានប្រជាជនភាគច្រើនជាកុមារ ។ ឯកឧត្តម បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនណាហ្គាវើលដ៍ដែលបានបន្តជួយអភិវឌ្ឍអត្តពលិក និងលើកកម្ពស់ការបណ្តុះបណ្តាលគ្រូកីឡាក្នុងខេត្តកំពង់ស្ពឺដែលនឹងបង្កើតឲ្យមានកីឡាករឆ្នើមច្រើនជាងមុនសម្រាប់ក្លឹបនៅក្នុងលីគក៏ដូចជាក្រុមជម្រើសជាតិផងដែរ ៕ស តារា