ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណី៣ផ្សេងគ្នា រួមមាន ករណីលួចដែលថ្នាំងអំពៅ ,ករណីគាស់ទ្វារតូបជួសជុល លក់គ្រឿងអគ្គិសនីយកម៉ូតូ និងករណីលួចម៉ូតូ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា ទាំង៣ករណីរួមមាន៖
ករណីទី១ លួចយកដែកថ្នាំងអំពៅ កើតឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៩និង៣០នាទីយប់ ត្រង់ចំណុចមុខផ្ទះឈ្មោះ ពាង ជាវ័ន្ដ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងក្រឡឹង ស្ថិតនៅភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងនោះនគរបាលឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ទី១ឈ្មោះ គីម ពន្លឺ ហៅហេង ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ , ទី២ឈ្មោះ ធឿន ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ, ទី៣ឈ្មោះ សំ មិនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះគ្មានលេខ ស្ថិតនៅភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យទាំងនេះ បានលួចដែកថ្នាំងអំពៅ អស់ចំនួន២៧ដើម សរុបទឹកប្រាក់ចំនួន១០៨០ដុល្លារអាមេរិក (មួយពាន់ប៉ែតសិបដុល្លារអាមេរិក) ហើយពួកគេសារភាពថា ពិតជាបានធ្វើសកម្មភាពលួចយកដែកថ្នាំងអំពៅខាងលើរបស់ជនរងគ្រោះទៅលក់នៅឃ្លាំងអេតចាយ ផ្លូវ៣០ម៉ែត្រ ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានលុយចំនួន ៨០០០០ រៀល(ប្រាំបីម៉ឺនរៀល) ហើយនាំគ្នាយកទៅផឹកស៊ីអស់ ហើយកន្លងមកពួកគេ(ជនសង្ស័យ) ក៏ធ្លាប់បានធ្វើសកម្មភាពលួចយកទ្រព្យសម្បត្ដិរបស់ប្រជាពលរដ្ឋញឹកញាប់ថែមទៀត ។
ករណីទី២ លួចមានស្ថានទម្ងន់ទោសដោយការគាស់ទម្លុះទម្លាយ (គាស់ទ្វារតូបជួសជុលនិងលក់គ្រឿងអគ្គិសនីយកម៉ូតូ) កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២ និង ៣០នាទី ត្រង់ចំណុចតូបជួសជុលនិងលក់គ្រឿងអគ្គិសនី ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ការឃាត់ខ្លួននេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ឈ្មោះ វ៉ាន់ឈី សុធា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយនគរបាលឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ទី១ឈ្មោះ ឈុន រ៉ាវី ហៅ ពៅ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ , ទី២ឈ្មោះ មាស វុត្ថា ហៅ ទ្រី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ , ទី០៣ឈ្មោះ សាន ពិសី ហៅ ឆីង អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៤ ខែវិឆ្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចស្រះទឹកក្នុងវត្តសំបួរ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ជនសង្ស័យទាំង០៣នាក់ បានសារភាពថា ពួកគេ(ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពលួចគាស់សោរទ្វារតូបយកម៉ូតូម៉ាកស្កូពី ស៊េរីឆ្នាំ២០១៦ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FX-8951 ខាងលើ ជិះឌុបគ្នាទាំង៣នាក់យកទៅលក់ ម្ដុំផ្សារឃ្លាំងរំសេវ ស្ថិតនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានលុយចំនួន២០០ ដុល្លារ (ពីររយដុល្លារ អាមេរិក) នាំគ្នាផឹកស៊ី និង ទិញថ្នាំញៀនជក់អស់តែម្តង ។
ករណីទី៣ លួចយកម៉ូតូម៉ាកMSX ពណ៌សខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DD-5730 កាលពីថ្ងៃទី២ ខែវិឆ្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១០យប់ ត្រង់ចំណុចផ្ទះជួល ផ្លូវបេតុង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ហ៊ុយ ហួ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ឃាត់ជនសង្ស័យ២នាក់ ទី១ឈ្មោះ កើត ម៉ាគ្រឌី ហៅ ទូច ភេទប្រុស អាយុ៣០ឆ្នាំ , ទី២ឈ្មោះ អាន សុធារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ កាលពីថ្ងៃទី០៤ ខែវិឆ្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចបន្ទប់ជួលគ្មានលេខ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ទៅកាន់តុលាការ ចាត់ការតាមច្បាប់ ៕ ភារ៉ា ដង្កោ