ភ្នំពេញៈ នៅល្ងាចថ្ងៃអាទិត្យ ៤កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ បន្ទាប់ពីបានដុតភ្លើងជ័យចំនួន ៣ ថ្ងៃមកហើយ ដើម្បីរម្លឹកខួបលើកទី៦៥ឆ្នាំ នៃបុណ្យឯករាជ្យជាតិ (៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០១៨)។
សូមរម្លឹកផងដែរថា ព្រះមហាក្សត្រកម្ពុជា បានយាងប្រទានភ្លើងជ័យ នៅវិមានឯករាជ្យ កាលពីព្រឹកថ្ងៃទី៩ខែ វិច្ឆិកា ឆ្នាំ២០១៨ ក្នុងពេលប្រារព្ធបុណ្យឯករាជ្យជាតិ នៅវិមានឯករាជ្យ និងនៅមុខព្រះបរមរាជវាំង។ថ្នាក់ដឹកនាំសំខាន់ៗដែលអញ្ជើញចូលរួមក្នុងពិធីពន្លត់ភ្លើងជ័យនេះ មានដូចជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា, សម្តេសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ សិស្សិនិស្សិត ព្រមទាំងយុវជន យុវតីជាច្រើនរូបទៀតផង ៕