ព័ត៌មានទាន់ហេតុការណ៍៖

ទាហានអាកាសបើកការវាយប្រហារទៅលើទីតាំងក្រុមហាម៉ាស់ជាង៧០កន្លែងរួមទាំងស្ថានីយទូរទស្សន៍

ចែករំលែក៖

អុីស្រាអែលបានបើកការវយាប្រហារទៅលើគោលដៅជាង៧០កន្លែងរបស់ក្រុមហាម៉ាស់នៅហ្គាហ្សា ក្រោយទទួលរងការបាញ់ប្រហារដោយគ្រាប់រ៉ុក្កែតពីក្រុមនេះ។

ការវាយប្រហារនោះ អុីស្រាអែលបានរារាំងមីស៊ីលរាប់សិបដើម ហើយនៅមានមីស៊ីលជាច្រើនទៀត ធ្លាក់ចំផ្ទះដែលអុីស្រាអែលសាងសង់។

បណ្តាញព័ត៌មាន Haaretz បានផ្សាយថា រងការវាយប្រហារដោយមីស៊ីល ពីហ្គាហ្សា កាលពីថ្ងៃទី១២ ខែវិច្ឆិកា គឺក្រោយមួយថ្ងៃដែលមានការប៉ះទង្គិចគ្នានៅតំបន់ព្រំដែន បណ្តាលឲ្យទាហានអុីស្រាអែលម្នាក់ស្លាប់ និងជនជាតិប៉ាឡេស្ទីន៧នាក់ស្លាប់។

ប្រភពព័ត៌មានបានឲ្យដឹងថា មីស៊ីលប្រឆាំងរថក្រោះបានបាញ់ចេញពីហ្គាហ្សាទៅចំរថយន្តក្រុងដឹកទាហាននៅភាគខាងត្បូងអុីស្រាអែល។ ដោយសារតែពេលវាយប្រហារទាហានអុីស្រាអែលបានចុះពីលើរថយន្តក្រុងអស់ ទើបបណ្តាលឲ្យមានអ្នករងរបួសតែទាហានអាយុ១៩ឆ្នាំ្មម្នាក់តែប៉ុណ្ណោះ។ ចំណែករថយន្តក្រុងរងការបំផ្លាញស្ទើរតែទាំងស្រុង។ ដោយឡែកនៅក្នុងតំបន់ Ashkelon ប្រទេសអុីស្រាអែល ស្ត្រីវ័យចំណាស់ម្នាក់ក៏បានរងរបួសក្រោយមីស៊ីលធ្លាក់ចំផ្ទះរបស់គាត់។

មន្ត្រីការពារជាតិអុីស្រាអែលបានបញ្ជាក់ថា ប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់អុីស្រាអែលបានវាយស្ទាក់កម្ទេចបានមីស៊ីល៦០ដើមដែលហោះចូលតំបន់គ្រោះថ្នាក់ ក្នុងចំណោមមីស៊ីលជាង៣០០ដើមដែលបាញ់ចេញពីហ្គាហ្សាចូលអុីស្រាអែល។

ឆ្លើយតបទៅនឹងការវាយប្រហារខាងលើ អុីស្រាអែលបានបញ្ជូនយន្តហោះចម្បាំង ទៅវាយប្រហារនៅហ្គាហ្សា ហើយការវាយប្រហារនោះបណ្តាលឲ្យពលរដ្ឋនៅហ្គាហ្សា៣នាក់ស្លាប់ និងរងរបួសរាប់សិបនាក់ទៀត។ កម្លាំងទាហានអុីស្រាអែលបានឲ្យដឹងថា យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ អុីស្រាអែលបានវាយប្រហារទៅលើគោលដៅជាង៧០កន្លែង ក្នុងនោះមានទីបញ្ជាការ ទីតាំងមីស៊ីល និងស្ថានីយទូរទស្សន៍ផងដែរ។

មន្ត្រីប៉ាឡេស្ទីនបានប្រកាសឲ្យដឹងថា យន្តហោះចម្បាំងអុីស្រាអែលបានបើកការវាយប្រហារទៅលើស្ថានីយទូរទស្សន៍ របស់ក្រុមហាម៉ាស់នៅហ្គាហ្សា។

នៅពេលនេះមិនទាន់មានព័ត៌មានស្តីពីអ្នកស្លាប់ និងរបួស ក្នុងការវាយប្រហារនៅស្ថានីយទូរទស្សន៍ Al Aqsa របស់ក្រុមហាម៉ាស់នោះឡើយ។ ការវាយប្រហារបានបំផ្លាញអគារស្ថានីយទាំងស្រុង និងធ្វើឲ្យខូចខាតផ្ទះនៅក្បែរនោះផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖