ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី ដូណាល់ ត្រាំ និងមន្ត្រីសេតវិមានរងការប្តឹងពីបណ្តាញព័ត៌មាន CNN

ចែករំលែក៖

វិវាទរវាងប្រធានាធិបតី ដូណាល់ ត្រាំ នឹងអ្នកសារព័ត៌មានរបស់បណ្តាញព័ត៌មាន CNN កាន់តែតានតឹងថែមទៀត ក្រោយពេលបណ្តាញព័ត៌មាន CNN បាន ដាក់ពាក្យបណ្តឹង ប្តឹងប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ដែលបានហាម ប្រាមអ្នកសារព័ត៌មានរបស់ស្ថាប័នមួយនេះចូលទៅកាន់សេតវិមានដើម្បីយកព័ត៌មាន។

អ្នកនាំពាក្យទីភ្នាក់ងាក់ព័ត៌មាន CNN បានបញ្ជាក់កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ថា ពាក្យបណ្តឹងបានបញ្ជូនទៅ កាន់តុលាការទីក្រុងវ៉ាស៊ីនតោនហើយ។

បណ្តាញព័ត៌មាន CNN និងអ្នកសារ ព័ត៌មាន Jim Acosta ជាដើមបណ្តឹង ចំណែក ជនជាប់ចោទគឺជាប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នាយកខុទ្ទកាល័យសេត វិមានលោក John Kelly លេខាព័ត៌មាន លោកស្រី Sarah Sanders អនុប្រធាន បណ្តាញផ្សព្វផ្សាយសេតវិមាន លោក Bill Shine និងប្រធានក្រុមចារកិច្ចសេតវិមានលោក Joseph Clancy។ អ្នកទាំងនោះបានដកកាតចេញចូលសេតវិមានរបស់អ្នក សារព័ត៌មាន Acosta កាលពីថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០១៨។

បណ្តាញព័ត៌មាន CNN បានបញ្ជាក់ថា ការសម្រេចខាងលើរបស់ប្រធានាធិបតី ដូណាល់ ត្រាំ និងមន្ត្រីសេតវិមានបាន បំពានរដ្ឋធម្មនុញ្ញស្តីពីសេរីភាពសារព័ត៌មាន និងច្បាប់រដ្ឋធម្មនុញ្ញកែប្រែលើកទី៥ ស្តីពីការចោទប្រកាន់។

សូមបញ្ជាក់ផងដែរថា នៅក្នុងសន្និសីទកាសែតនៅសេតវិមានកាលពីថ្ងៃទី៧ ខែ វិច្ឆិកាអ្នកយកព័ត៌មាន Acosta បានសួរ ដេញដោលប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីក្រុមជនភៀសខ្លួនចូលមកកាន់ទឹក ដីអាមេរិកនៅតំបន់ព្រំដែនមិចស៊ីកូ។ ក្រោយមកមន្ត្រីចារកិច្ចប្រចាំនៅសេត វិមានបានបញ្ជាក់ថា លោក Acosta មិន អនុញ្ញាតឲ្យចូលសេតវិមានឡើយ។ ចំណែកលេខាព័ត៌មានសេតវិមានបាន បញ្ជាក់ថា ការសម្រេចខាងលើដោយសារតែលោកមានសកម្មភាពដណ្តើមមីក្រូហ្វូនពីក្រុមការងារនៅសេតវិមាន។

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ CNN បានផ្ញើលិខិតទៅកាន់សេតវិមាន ដើម្បីស្នើប្រគល់សិទ្ធិចូលយកព័ត៌មាននៅសេតវិមានវិញ របស់អ្នកសារព័ត៌មាន Acosta។ ជាមួយគ្នានោះក៏បានព្រមានប្តឹងមន្ត្រីពាក់ព័ន្ធផងដែរ។ បណ្តាញព័ត៌មាន CNN បានបញ្ជាក់ថា សកម្មភាពនាពេល នេះរបស់ CNN ដើម្បីបញ្ចៀសហេតុ ការណ៍បែបនេះកើតឡើងនៅពេលអនាគត បង្កគ្រោះថ្នាក់ដល់អ្នកសារព័ត៌មានដែល ចង់ផ្សព្វផ្សាយពីគោលនយោបាយដឹកនាំ របស់រដ្ឋាភិបាល៕ ម៉ែវ សាធី


ចែករំលែក៖