ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូមកឈប់ទិញអីវ៉ាន់ ត្រូវចោរឆ្លៀតឱកាសលួចម៉ូតូបានសម្រេច តែត្រូវសមត្ថកិច្ចចាក់អង្រែលើបង្ក្រាបបាន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ឃាត់ខ្លួនពីបទលួចយកម៉ូតូ០១គ្រឿង ម៉ាកសេ ១០០កូរ៉េ កាលវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក អ៊ុំ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលើ បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ង្វៀង វាំងសឺង ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ វៀតណាម មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិដើមចាន់ សង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន)​ ។ ចំណែកជនរងគ្រោះមានឈ្មោះ ហ៊ឹម រ៉ាគឿន ភេទប្រុស អាយុ៣៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិព្រែកតាគង់២ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ រត់​ម៉ូតូឌុប ។ ដោយឡែកវត្ថុតាងចាប់យកមាន៖ ម៉ូតូ០១គ្រឿងម៉ាកសេ១០០កូរ៉េ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ 7638 (ជារបស់ជនរងគ្រោះឈ្មោះ ហ៊ឹម រ៉ាគឿន )។

នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលើ បានប្រាប់បន្តថា កាលពីថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង២០ម៉៣០នាទីជនរងគ្រោះឈ្មោះ ហ៊ឹម រ៉ាគឿន បានជិះម៉ូតូ០១គ្រឿងម៉ាកសេ១០០កូរ៉េ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ 7638 មកឈប់នៅចំណុចផ្លូវជាតិលេខ២ ភូមិ ព្រែកតាគង់៣ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) រួចដើរទៅទិញទឹកក្រូចនៅផ្ទះលក់ចាប់ហួយដែលនៅក្បែរនោះ ដោយពុំបានពន្លត់ម៉ាស៊ីនម៉ូតូ ពេលនោះជនសង្ស័យឈ្មោះ ង្វៀង វាំងសឺង បានដើរម្នាក់ឯងមកធ្វើសកម្មភាពលួចយកម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ខ្មៅ របស់ជនរងគ្រោះឈ្មោះ ហ៊ឹម រ៉ាគឿន យកជិះគេចខ្លួន ខណៈនោះជនរងគ្រោះឈ្មោះ ហ៊ឹម រ៉ាគឿន បានឃើញក៏ស្រែកឆោឡោ និង ជិះម៉ូតូឌុបដេញតាមពីក្រោយ ទន្ទឹមនោះកម្លាំងល្បាតនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ក៏បានជួយដេញតាមរហូតដល់ចំណុចក្បែរស្តុបវត្តចាក់អង្រែក្រោម នៅផ្លូវជាតិលេខ២ ភូមិ ទួលរកា សង្កាត់ ចាក់អង្រែក្រោម ទើបចាប់បានជនសង្ស័យឈ្មោះ ង្វៀង វាំងសឺង យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ចំណែកជនរងគ្រោះឈ្មោះ ហ៊ឹម រ៉ាគឿន ក៏បានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ង្វៀង វាំងសឺង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖