ព័ត៌មានទាន់ហេតុការណ៍៖

ខឹងរាំជាន់ជើងហើយធ្វើមុខឌឺ យកប៉ែលស្រាយកំហឹង ម្នាក់ដេកពេទ្យ ម្នាក់ជាប់ខ្នោះ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ព្រោះតែការមិនយោគយល់គ្នាបណ្តាលឲ្យយុវជនម្នាក់ រងរបួសដេកពេទ្យ ហើយម្នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីអ្នកទាំង២ទាស់ពាក្យសំដីគ្នា ពេលរាំធុងបាស់ នៅវត្តភ្នំចាស់ ដែលមានប្រារព្ធបុណ្យកឋិន ។

ករណីនេះ កើតឡើងកាលពីវេលាម៉ោង២៤ ថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ​ ២០១៨ នៅក្នុងបរិវេណវត្តភ្នំចាស់ក្នុង ឃុំហោងសំណុំ ស្រុក ឱរ៉ាល់ ខេត្ត កំពង់ស្ពឺ ។ ជនបង្កឈ្មោះ ម៉េន ពេជ្រ ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិ ក្រាំងគគី​ ឃុំហោងសំណំ ស្រុក ឱរ៉ាល់ចំណែកភាគីម្ខាងទៀត(រងគ្រោះ)ឈ្មោះ ហុី ពូលីស ភេទ ប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិ តាំងស្រឹង ឃុំ​សង្កែសាទប ស្រុក ឱរ៉ាល់ ខេត្ត កំពង់ស្ពឺ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុអ្នកទាំង២ បានទៅចូលរួមលេងបុណ្យកឋិននៅវត្តភ្នំចាស់ ដោយនៅទីនោះ មានកម្មវិធីចាក់ធុងបាស់រាំផងដែរ ។

ប្រភពបន្តថា ពេលរាំស្រាប់តែកើតមានទំនាស់គ្នាឡើង ពេលនោះ ភាគីរងគ្រោះបានចេញពីវង់រាំស្រាប់តែភាគីបង្កបានទៅយកប៉ែលស្ទុះមកវាយភាគីម្ខាងទៀតបណ្តាលឲ្យរបួសក្បាលខាងស្តាំ ។

ក្រោយហតុការណ៍ភ្លាមៗ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងរួមមាន ម៉ូតូc125 ពណ៌ខ្មៅ ស៊េរី ២០១៦ ពាក់ស្លាកលេខ កំពង់ស្ពឺ 1H3263 មួយគ្រឿង និងប៉ែលដងឫស្សីចំនួន០១យកមកអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ស្រុក ដើម្បីសង្រ្គោះផងដែរ ។

ករណីនេះ ខាងលើកើតឡើងបណ្តាលមកពីការរាំមិនចេះយោគយល់គ្នា ទើបកើតមានមានទំនាស់ពាក្យសំដីរហូតបង្កជាអពើហិង្សាបែបនេះ ។

ក្រោយឃាត់ខ្លួន នៅចំពោះមុខសមត្ថកិច្ចថ្ងៃទី១៨ វិច្ឆិកា ២០១៨ ជនបង្កបានឆ្លើយសារភាពថា មូលហេតុ ដែលរូបគេយកប៉ែលទៅវាយជនរងគ្រោះ ដោយសារតែជនរងគ្រោះពេលរាំចេះតែមកជាន់ជើងគេ ហើយធ្វើមុខឌឺដាក់គេទៀតផង ទើបគេទ្រាំមិនបានក៏រត់ទៅយកប៉ែលមកវាយតែម្តង ។

នៅរសៀលថ្ងៃដដែល ក្រោយស្តាប់ចម្លើយសារភាពរួចសមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញចាត់ការបន្ត ៕ សេនាស័ក្តិ


ចែករំលែក៖