ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សន្តិសខ សណ្តាប់ធ្នាប់មានភាពល្អប្រសើរ ខណៈមានប្រជាពលរដ្ឋមកចូលរួមកំសាន្តសប្បាយប្រមាណ៦០ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែបប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី១ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ពិនិត្យជារួមសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ខណៈមានប្រជាពលរដ្ឋមកចូលរួមកំសាន្តសប្បាយប្រមាណ៦០ម៉ឺននាក់។ សភាពការណ៍បទល្មើសពុំមានអ្វីកើតឡើងគួរអោយកត់សម្គាល់នោះទេ ដោយក្នុងនោះកើតមានបទល្មើសដូចជា ៖ លួចកាច់សោម៉ូតូ១លើក ឃាត់ខ្លួនជនសង្ស័យម្នាក់, លិចទូក៧លើក, ផ្ទុះកំប៉ុងហ្គាស ១លើក, គ្រោះថ្នាក់ចរាចរណ៍មួយលើក និងខ្យល់គរ មួយលើក និងបានជួយសង្គ្រោះពិនិត្យ និងព្យាបាលជំងឺ ១.៩៧៩នាក់(ស្រី៦៩៥នាក់) សង្គ្រោះបឋម៣១នាក់(ស្រី១៤នាក់) និងបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះចំនួន១នាក់, បានអន្តរាគមន៍សង្គ្រោះកីឡាករអុំទូកលិចចំនួន៧គ្រឿង, ជួយសង្គ្រោះក្មេងវង្វេងម្តាយចំនួន២នាក់, ឃាត់ជនស៊ីវិលពាក់អាវមានអក្សរPolice និងARMY ៤នាក់ ធ្វើការអប់រំ ដកហូតអាវ និងអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ,ចែកបណ្ណស្តីពីបង្ការ ទប់ស្កាត់ និងពន្លត់អគ្គិភ័យតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ តូបអាជីកម្មចំនួន៨១ទីតាំង និងចែកជូនប្រជាពលរដ្ឋ អាជីវករ ១១៨សន្លឹក, អប់រំណែនាំ អាជីវកម្មកល់ដូរម្ហូបអាហារតាមស្តង់ ឲ្យប្រើប្រាស់អុស-ធ្យូង ជំនួសការប្រើប្រាស់ហ្គាសកំប៉ុង។

សូម​បញ្ជាក់​ថា​នៅ​ក្នុង​ឱកាស​ព្រះរាជពិធីបុណ្យអុំទូក ​បណ្ដែត​ប្រ​ទី​ប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ឆ្នាំ​នេះ​ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ​ បាន​ត្រៀមកម្លាំង​ចម្រុះ​ ទាំង​ចំហរ​ និង​សម្ងាត់​ ជាង​មួយ​ម៉ឺន​បី​ពាន់​នាក់​ សម្រាប់​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ ខណៈ​ទូក​អុំ​មានការ​កើនឡើង​រហូត​ដល់​២៩៥​ទូក​ និង​កីឡាករ​ជិត​ពីរ​ម៉ឺន​នាក់​។​ ដោយឡែកថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែបប្រទីប សំពះព្រះខែ និងអកអំបុក មានទូកចូលរួមប្រកួតចំនួន២៩៥ទូក (ទូកអន្តរជាតិចំនួន៩៨ទូក ស្រី២ទូក)។

យ៉ាងណាក៏ដោយកម្លាំងទាំងអស់ត្រូវត្រៀមគ្រប់ពេលវេលា ដើម្បីចេញប្រតិបត្តិការអន្តរាគមន៍បានទាន់ពេលវេលាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជួយសង្រ្គោះដល់ប្រជាពលរដ្ឋនៅពេលដែលមានបញ្ហាកើតឡើងជាយថាហេតុ ៕ តាឡឹម


ចែករំលែក៖