ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្មវិធីសប្បុរសធម៌ ដឹកនាំដោយ លោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងលោករ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ អមដំណើរដោយ លោក ម៉ាណ ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី ព្រមទាំងយុវជន នៃសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកអំណោយ សប្បុរស់ធម៌ ប្រគល់ជូនទូកង ខ្មែរឥស្លាមចំនួន ០៧ ទូក ក្នុងនោះ មកពីរាជធានីភ្នំពេញ ចំនួន៤ទូក (ខណ្ឌដូនពេញ០១ និងជ្រោយចង្វារ០៣) ខេត្តកណ្តាល០១ទូក (ភូមិជ្រោយមេត្រីលើ) ខេត្តកំពង់ចាម០១ទូក (ភូមិរការ) និងទូកងកំពង់ធំ ០១ទូក (ស្រុកស្ទឹងសែន)។
អអំណោយដែលត្រូវបានប្រគល់ជូននឱកាសនេះ គឺទូកងនីមួយៗទទួលបាន ថវិកាពីលោកស្រី ម៉ាណ ណាវី ចំនួន ៦៥ម៉ឺនរៀល ថវិកា ពីលោក រ៉ូហ្វី អូស្មាន ចំនួន ២០ម៉ឺនរៀល ថវិកាពីសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) ចំនួន ២០ម៉ឺនរៀល ទឹកសុទ្ធ ៥កេស អង្ករ ៥០គីឡូក្រាម មី ១កេស ទឹកដោះគោខាប់ ០១កេស និងទឹកសីអុីវ ០១កេស។ ដោយឡែក ទូកងខណ្ឌដូនពេញ ទទួលបានថវិកាបន្ថែម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកឧកញ៉ា បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ចំនួន ២លានរៀល និងទូកងដែលមកពីខេត្តពោធិ៍សាត់ ទទួលបានថវិកាបន្ថែមពី ឯកឧត្តម រ៉ូហ្វី អូស្មាន ចំនួន ១លានរៀល។
នាឱកាសនេះ លោកស្រី ព្រមទាំងគណៈប្រតិភូអមដំណើរបានសំដែងនូវការសប្បាយរីករាយ និងអំណរសាទរចំពោះទូកដែលបានទទួលជ័យជម្នះ ក្នុងថ្ងៃប្រកួតទីមួយកាលពីម្សិលម៉ិញនេះ និងសូមជូនពរឲ្យទទួលបានជ័យជម្នះសម្រាប់ការប្រកួតបន្តបន្ទាប់ទៀត ៕ សំរិត