ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយបាត់មុខពីសិល្បៈ១០ឆ្នាំ អតីត Freshie Girls 2005 ប្រាសាទ ដាវីន នៅតែមានទីផ្សារខ្ពស់

ចែករំលែក៖

ភ្នំពេញ៖ អតីតFreshie Girls 2005 ចំណាត់ថ្នាក់លេខ៣ ប្រាសាទ ដាវីន បានចាកចេញពីកម្ពុជាទៅរស់នៅលើទឹកដី នៃប្រទេស អូស្ត្រាលី រយៈពេល១០ឆ្នាំមកហើយ ។ ចេញមុខជាថ្មីក្នុងរយៈពេល២ឆ្នាំចុងក្រោយ នៅលើទឹកដីកំណើត តារាស្រីរូបនេះ នៅតែទទួលបានការគាំទ្រខ្លាំង ជាមួយទីផ្សារការងារខ្ពស់ មិនចាញ់តារាល្បីៗជំនាន់ក្រោយនោះទេ ។

ប្រាសាទ ដាវីន លេចធ្លោខ្លាំងកាលពីអំឡុង១០ឆ្នាំមុន លើការងារសិល្បៈផ្នែកបង្ហាញម៉ូដ ។ ការបង្ហាញមុខជាថ្មី នៅកម្ពុជា ជាមួយការងារសិល្បៈក្នុងស្រុកថ្មីៗនេះ បានសាងភាពភ្ញាក់ផ្អើលជាថ្មីសម្រាប់អ្នកគាំទ្រ ។ ភ្ញាក់ផ្អើល ព្រោះតែសមត្ថភាពសិល្បៈ និងរូបសម្រស់ស្រស់សោភារបស់នាង ហាក់មិនប្រែប្រួលទៅតាមពេលវេលា និងអាយុកាល ។

នាងបានបង្ហាញមុខ ក្នុងកម្មវិធីសិល្បៈនានា ពិសេសការងារបង្ហាញម៉ូដសម្លៀកបំពាក់ធំៗ ដែលប្រមូលផ្តុំដោយសិល្បករ និងអ្នកជំនាញច្នៃម៉ូដល្បីៗថ្នាក់ជាតិ និងអន្តរជាតិ ។

ក្នុងជំនួបផ្ទាល់កាលពីថ្មីៗនេះ ប្រាសាទ ដាវីន បញ្ជាក់ថា នាងបានចេញ ចូលប្រទេសកម្ពុជា និងអូស្ត្រាលី ញឹកញាប់ ព្រោះនាងទទួលបានសញ្ជាតិពេញលេញ ហើយការវិលមករកការងារសិល្បៈនេះ ព្រោះតែចិត្តស្រឡាញ់ និងក្រោយពីការទទូចរបស់ផលិតករ និងអ្នកច្នៃម៉ូដមួយចំនួន ។

នាងថា មិនទាន់ទទួលការងារសម្តែងទ្រង់ទ្រាយធំនៅឡើយ ព្រោះតែត្រូវលៃលក មើលពេលវេលាផងដែរ ។ តារាស្រីរូបនេះបញ្ជាក់ថា កន្លងមកមានផលិតកម្មខ្លះ បានទាក់ទងមកនាង ប៉ុន្តែនាងមិនទទួល ព្រោះតែពេលវេលាមិនអំណោយផល ។ នាងថា ត្រូវការពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញ ហើយ ក៏ចង់ទទួលបានការងារ ដែលផ្តល់តម្លៃសមរម្យ ទៅតាមសមត្ថភាព និងជំនាញរបស់នាងផងដែរ ។

គួរបញ្ជាក់ដែរថា ប្រាសាទ ដាវីន មានឈ្មោះកំណើត វ៉ែន ដាវីន បានចូលប្រឡូកក្នុងវិស័យសិល្បៈ តាមរយៈការប្រឡង Freshe Girl ក្នុងឆ្នាំ២០០៥ ដែលកាលនោះ នាងទទួលបានចំណាត់ថ្នាក់លេខ៣ ។ ១០ឆ្នាំមុន ប្រាសាទ ដាវីន លេចធ្លោខ្លាំងនឹងការងារសិល្បៈជាច្រើនទម្រង់ ទាំងការសម្តែង និងបង្ហាញម៉ូដ ជាមួយនឹងរាងខ្ពស់ស្រឡះ រហូតដល់១,៧៥ម៉ែត្រ ។

តារាសម្បុរស្រអែម និងមានទម្រង់មុខដូចនារីបែបបស្ចិមប្រទេស នាង ប្រសាទ ដាវីន បានដើរលើវិថីសិល្បៈគួរឲ្យភ្ញាក់ផ្អើល ហើយអ្វីដែលជំរុញឲ្យគេស្គាល់នាង កាន់តែច្បាស់នោះ គឺតាមរយៈការថតរូប និងការដើរបង្ហាញម៉ូដ ដែលនៅពេលនោះ សូម្បីតែតារាជើងចាស់មួយចំនួន ក៏ស្ទើរតែមិនអាចទប់ជាប់ នឹងទេពកោសល្យសិល្បៈរបស់នាងដែរ ៕ វឌ្ឍនា


ចែករំលែក៖