ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះដឹកលោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់ មានបញ្ហាបច្ចេកទេស ចុះចត់ជាបន្ទាន់

ចែករំលែក៖

ដើម្បីបញ្ចៀសនូវបញ្ហាកើតឡើង, អាកាសយានិកដែលបើកបរយន្តហោះដឹកលោកស្រី អធិការបតីអាល្លឺម៉ង់ បានសម្រេចចុះចតជាបន្ទាន់ ដើម្បីប្តូរយន្តហោះ ហើយបន្តដំណើរយៈពេល១៥ម៉ោង ទៅកាន់ប្រទេសអាហ្សង់ទីន ។

យន្តហោះដឹកអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ដើម្បីទៅចូលរួមកិច្ចប្រជុំលើកទី១៣ របស់បណ្តាមេដឹកនាំប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ នៅលើពិភពលោក ហៅកាត់ G-20 នៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ប៉ុន្តែអ្នកបើកបរយន្តហោះ ត្រូវបង្ខំចិត្តវិលត្រឡប់ចុះចតនៅអាកាសយានដ្ឋាន Cologne វិញ ក្រោយមួយម៉ោងបន្ទាប់ពីហោះហើរ ។

តាមសារព័ត៌មាន Bild របស់អាល្លឺម៉ង់បានផ្សាយថា យន្តហោះ Airbus ដឹកអធិកាបតីអាល្លឺម៉ង់ បង្ខំចុះចត់ជាបន្ទាន់វិញ ហើយលុបចោលជើងហោះហើរ រយៈពេល១៥ម៉ោងទៅកាន់អាហ្សង់ទីន ដោយសារតែបញ្ហាបច្ចេកទេស ។ សារព័ត៌មាន Bild បានផ្សាយថា ក្រុមពន្លត់អគ្គិភ័យ បានត្រៀមលក្ខណៈនៅអាកាសយានដ្ឋាន ពេលយន្តហោះចុះចត ។ ក្រុមអ្នកបើកបរឃើញមានបញ្ហាលើប្រព័ន្ធថាមពល លើយន្តហោះ ដូច្នេះក្រុមអាកាសយានិកត្រូវផ្លាស់ប្តូរ យន្តហោះថ្មី ជាជាង រង់ចាំជួសជុល ។ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានផ្សាយថា លោកស្រី Merkel នឹងទៅដល់អាល្លឺម៉ង់ យឺតជាង ការគ្រោងទុក ។

យន្តហោះដឹកលោកស្រី អធិការបតីអាល្លឺម៉ង់ ជាប្រភេទយន្តហោះ Airbus A340-313X VIP ដែលមានឈ្មោះ ផ្សេងហៅថា « Konrad Adenauer » ជាឈ្មោះរបស់នាយករដ្ឋមន្ត្រី អាល្លឺម៉ង់ដំបូង បង្អស់ កាន់អំណាចក្នុងអំឡុងឆ្នាំ១៩៤៩ ដល់ឆ្នាំ ១៩៦៣ ។ លោក Konrad Adenauer ក៏ធ្លាប់កាន់តំណែងជា អភិបាក្រុង Cologne មុនពេលក្លាយជានាយករដ្ឋមន្ត្រីផងដែរ ៕ ម៉ែវ សាធី


ចែករំលែក៖