ខេត្តស្ទឹងត្រែង៖ មាន់កសិកម្មនាំចេញពីប្រទេសថៃ តាមច្រកអានសេះ តាមរថយន្តតូចៗជាច្រើន នៅយប់ ថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ មកចែកចាយ ឲ្យឈ្មួញលក់បន្តនៅក្នុងខេត្តស្ទឹងត្រែង គ្មានអ្នកបង្ក្រាប ត្រួតពិនិត្យ និងទប់ស្កាត់ពីសមត្ថកិច្ចមន្ត្រីបសុពេទ្យនោះឡើយ ។
ប្រភពីសមត្ថកិច្ចបានលួចបង្ហើបប្រាប់ថា រថយន្តដឹកមាន់ជាច្រើនគ្រឿង ប្រភេទរថយន្តធុនតូចៗ ដោយគ្មានការត្រួតពិនិត្យពីមន្ទីរបសុពេទ្យត្រឹមត្រូវឡើយ គ្រាន់តែយកលុយក្រៅប្រព័ន្ធដាក់ចូលហោប៉ៅ សម្រាប់បំពេញបំណងផ្ទាល់ខ្លួនតែប៉ុណ្ណោះ ដោយមិនគិតពីផលប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋទូទាំងខេត្ត ដោយសារមន្ត្រីថ្នាក់ក្រោម ប្រព្រឹត្តអំពើពុករលួយ ពួយរលីងយ៉ាងគគ្រុកស្អុយពេញទូទាំងខេត្ត ។
តើលោកអភិបាល នៃគណៈអភិបាលខេត្ត មានចំណាត់ការទៅលើមន្ត្រីជំនាញ ក្រោមឱវាទដែរទេ ពេលបានដឹង បានឮ តាមប្រព័ន្ធផ្សព្វផ្សាយថា មន្ត្រីជំនាញ និងសមត្ថកិច្ចមិនអនុវត្តន៍ច្បាប់អ្វី ដែលខ្លួនទទួលបានពីក្រសួងកសិកម្ម និងក្រសួងមហាផ្ទៃ ផ្តល់ជូនមន្ត្រីដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារធនធានធម្មជាតិដែលមាននោះ? ។
តែផ្ទុយទៅវិញ មានតែឈ្មោះស៊ីប្រាក់ខែរដ្ឋ បានពីរាស្ត្រ បែរជាទទួលសំណូកឃុបឃិតជាមួយឈ្មួញ នាំគ្នាបំផ្លាញដីព្រៃរបស់រដ្ឋ និងមច្ឆជាតិគ្រប់រូបភាព និងបណ្តោយឲ្យជនឆក់ឱកាស នាំទំនិញគេចពន្ធ គ្មានការត្រួតពិនិត្យ ឲ្យបានច្បាស់លាស់ មុននឹងនាំចូលក្នុងស្រុក ទុកបណ្តោយឲ្យមន្ត្រីគ្រាប់ល្ពៅទាំងនេះ ប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់រដ្ន ដែលបានចែង ព្រោះតែលុយពុករលួយ បំផ្លាញធនធានធម្មជាតិ នៅតែធ្វើមិនដឹង មិនឮ និងមិនខ្វល់ដើម្បីបំពេញបំណងខ្លួនតែប៉ុណ្តោះ ។
តាមការឲ្យដឹងពីម្ចាស់រថយន្ត ដឹកមាន់កសិកម្ម ឈ្មោះ ដែន នេះបាននិយាយប្រាប់តាមទូរស័ព្ទ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា នេះថាៈ ដែលគេដឹកមាន់ មកបាន ក៏ដោយសារ គេបានបង់លុយឲ្យពេទ្យសត្វ នៅខេត្តព្រះវិហារ និងពេទ្យសត្វ ខេត្តស្ទឹងត្រង ហើយពេលខ្លះ អាចដឹកទៅបោះឲ្យម៉ូយ លក់រាយ នៅខេត្តរតនគីរី ផងដែរ ហើយការដឹកជញ្ជូនមាន់នេះ គឺចេញតាមច្រក អានសះ មានតែពីរថ្ងៃ គឺថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ហើយក្នុងការដឹកបាននេះដែរ គេបានបង់លុយ ឲ្យសមត្ថកិច្ចតាមដងផ្លូវ អស់ហើយដែរ កន្លែងខ្លះ១ម៉ឺនទៅ២ម៉ឺនរៀល ពេលខ្លះអស់លុយ គេក៏ឲ្យមាន់យកទៅហូបផងដែរ ។
សូមបញ្ជាក់ថា ករណីខាងលើនេះ លោក លៀង សេង ប្រធានមន្ទីរកសិកម្មខេត្ត មិនបានឆ្លើយបញ្ជាក់នោះទេ ព្រោះទូរស័ព្ទ ខលចូល គ្មានអ្នកទទួល ។ ចំណែក លោក ម៉េង ហ៊ង នាយការិយាយល័យបសុពេទ្យ មិនបានទំនាក់ទំនងឡើយ ព្រោះគ្មានលេខ ៕ មាស សុផាត