ភ្នំពេញ៖ នៅថ្ងៃទី៣០វិច្ឆិកា ឆ្នាំ២០១៨ នៅវេលាម៉ោង៩និង៣០នាទីយប់ រដ្ឋបាលខណ្ឌដូនពេញ បានប្រារព្វពិធីអបអរសាទរព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រដែលល្ខោនខោលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីធ្លាមុខសាលាខណ្ឌ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និង ភរិយា និង ដោយមានការចូលរួមពី លោក-លោកស្រី សមាជិកសមាជិកា ក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ សង្កាត់ទាំង១១ ទីរួមផ្សារទាំង៣ កម្លាំងប្រជាការពារខណ្ឌ រួមទាំងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញសរុបប្រមាណជា៣០០នាក់ ក្នុងពិធីនេះលោក អភិបាលខណ្ឌ បានអានសារលិខិតដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិ ក្នុងឱកាសដែល ល្ខោនខោលរបស់កម្ពុជាត្រូវបានដាក់បញ្ចូលជាផ្លូវការនៅក្នុងបញ្ជីបេតិកភ័ណ្ឌអរូបីយនៃមនុស្សជាតិ នៅទីក្រុងព័រល្វីស សាធារណរដ្ឋម៉ូរីស ផងដែរ ចំពោះទីវត្តអារាមនានាទាំង០៧ទៀតក្នុងមូលដ្ឋានខណ្ឌដូនពេញក៏បានប្រារពពិធីនេះព្រមៗគ្នាផងដែរ។
សូមបញ្ជាក់ថា ល្ខោនខោលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ២០១៨នេះ នៅក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស បានអនុម័តយល់ព្រមចុះល្ខោនខោល ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិតាមសេចក្តីសម្រេច Decision 13.COM.10.a.3 ។
ការសម្រេចរបស់គណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូនៅពេលនេះគឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀតដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានិងការខិតខំពុះពារចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំមន្រ្តីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈដោយមានកិច្ចសហការគាំទ្រយ៉ាងផុសផុលពីសិល្បករ អង្គការសមាគម សង្គមស៊ីវិល ក្នុងវិស័យសិល្បៈវប្បធម៌ និងការជួយគាំទ្រលើកទឹកចិត្ត ពីមហាជននិងស្រទាប់យុវជនកម្ពុជាទាំងមូលទើបយើង បានទទួលនូវលទ្ធផលជោគជ័យនៃការដាក់បញ្ចូលនូវល្ខោនខោលនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដ៏ត្រចះត្រចង់នេះ។
បេតិកភណ្ឌវប្បធម៌រូបិយរបស់ជាតិយើងបានរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជាល្បីរន្ទឺលើឆាកអន្តរជាតិព្រមទាំងជាតួអង្គមួយដ៏លេចធ្លោនៅលើវេទិកាបេតិកភណ្ឌពិភពលោកថែមទៀតផង ៕ ស តារា