ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចកាបូបលុយពីស្រ្តីម្នាក់បានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង៦៖១៨នាទីយប់ថ្ងៃសុក្រ ៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចកាបូបលុយពីស្រ្តីម្នាក់ នៅចំណុចមុខវាលព្រះមេរុ ផ្លូវសុធារស់ ភូមិ១សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពេជ្រ រ៉ាដែត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដមាន ទីលំនៅផ្ទះជួល ផ្លូវលេខ២០០៤សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានលួចកាបូបដៃពណ៌ខ្មៅមួយ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយ ប័ណ្ណសំគាល់យានយន្តមួយ.កាតធនាគារមួយ និងលុយចំនួន៥៥០ដុល្លា ជារបស់ជនរងគ្រោះឈ្មោះ លុក ចាន់មុនីរ័ត្ន ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៣៨០ផ្លូវលេខ៦៣ ភូមិឬស្សីសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មន្រ្តីដដែលបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបាននាំកូនមកមើលទូកង​វែងជាងគេ ដាក់​តាំងនៅវាលព្រះមេរុ ពេលមកដល់ក៏បានឈរថតជាមួយកូនដោយស្ពាយកាបូបដាក់មកក្រោយ ពេលនោះស្រាប់តែជនសង្ស័យខាងលើ បានធ្វើសកម្មភាពរូតកាបូបស្ពាយរបស់ជនរងគ្រោះលួចយកកាបូបដៃនៅខាងក្នុងបានសម្រេច ដើរយ៉ាងលឿនគេចខ្លួន តែត្រូវបានជនរងគ្រោះដឹងទាន់ស្រែកឆោឡោ ភ្លាមនោះកម្លាំង​នគរបាលប៉ុស្តិ៍ជ័យជំនះប្រចាំការនៅទីនោះឃើញអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមជាមួយកាបូបដៃរបស់ជនរងគ្រោះនាំមកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕ ស តារា


ចែករំលែក៖