ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីពាណិជ្ជកម្ម គាំទ្រការចូលរួមរបស់កម្ពុជា ទៅក្នុងអនុសញ្ញាទីក្រុងប៉េកាំង ស្តីពីការសម្តែងសោតទស្សន៍

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងឳកាសអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា នៅក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី៣ ធ្នូម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការដាក់បញ្ចូលប្រទេសកម្ពុជា ទៅក្នុងអនុសញ្ញាទីក្រុងប៉េកាំង ស្តីពី ការសម្តែងសោតទស្សន៍ ដើម្បីពង្រឹងវិស័យកម្មសិទ្ធិបញ្ញាជាតិ សំដៅបម្រើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គប្រជុំ អំពីអត្ថប្រយោជន៍ និងសមិទ្ធផលសំខាន់ៗ ដែលកម្ពុជាទទួលបានក្រោយការចូលរួមក្នុងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ព្រមទាំងបានលើកទឹកចិត្តតំណាងក្រសួង និងស្ថាប័នទាំងអស់ ធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់ សំដៅប្រមូលធាតុចូលសំខាន់ៗ ជុំវិញការស្នើចូលជាសមាជិកនៃអនុសញ្ញាទីក្រុងប៉េកាំង ស្តីពី «ការសម្តែងសោតទស្សន៍»។

បន្ទាប់ពីបានស្តាប់អង្គប្រជុំ ធ្វើការពិភាក្សាយ៉ាងផុសផុល និងបានថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិនៃការចូលជាសមាជិកនៃសន្ធិសញ្ញាថ្មីនេះ លោករដ្ឋមន្ត្រី បានសម្តែងការគាំទ្រទាំងស្រុង និងបានសំណូមពរក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ធ្វើការពន្លឿនកិច្ចការចំពោះមុខ សំដៅទាញយកជំនួយបច្ចេកទេស និងអត្ថប្រយោជន៍ផ្សេងៗពី WIPO ដើម្បីអភិវឌ្ឍន៍វិស័យកម្មសិទ្ធិបញ្ញា ជាពិសេសលើកទឹកចិត្តសិល្បករ តន្ត្រីករ និងផលិតករ ឱ្យខិតខំប្រឹងប្រែងបង្កើតស្នាដៃសោតទស្សន៍ថ្មីៗ សម្រាប់បម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

គួររំលឹកដែរថា កាលពីកំឡុងខែតុលា ឆ្នាំ២០១៨ កន្លងមក នៅក្នុងជំនួបជាមួយលោក Francis Gurry អគ្គនាយកអង្គការកម្មសិទិ្ធបញ្ញាពិភពលោក (WIPO) ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើសុំ WIPO ជួយដល់កម្ពុជា ក្នុងការចូលរួមសន្ធិសញ្ញានានាទាក់ទងនឹងកម្មសិទិ្ធបញ្ញា ដែលកម្ពុជាមិនទាន់ក្លាយជាសមាជិក និងផ្តល់ជំនួយបច្ចេកទេសផ្សេងៗ ដើម្បីពង្រឹងវិស័យកម្មសិទ្ធិបញ្ញាជាតិ។

សម្រាប់អនុសញ្ញាទីក្រុងប៉េកាំងស្តីពី «ការសម្តែងសោតទស្សន៍» គឺជាសន្ធិសញ្ញាពហុភាគី ដែលត្រូវបានអនុម័តដោយសន្និសីទការទូត ស្តីពី «កិច្ចការពារស្នាដៃសម្តែងសោតទស្សន៍» នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១២ នៅក្នុងរាជធានីប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងគ្រប់គ្រងកម្មសិទ្ធិបញ្ញា សម្រាប់ការសម្តែងសោតទស្សន៍ និងពង្រីកសិទ្ធិរបស់អ្នកសម្តែង (សិល្បករ និងតន្ត្រីករ) នៅក្នុងការធ្វើពាណិជ្ជកម្ម។ បច្ចុប្បន្ន មានប្រទេសចំនួន ២៣ ហើយ បានចូលជាសមាជិកនៃអនុសញ្ញានេះ នៅក្នុងនោះ ប្រទេស Belize គឺជាសមាជិកចុងក្រោយគេ ៕ តាឡឹម


ចែករំលែក៖