ព័ត៌មានទាន់ហេតុការណ៍៖

កាស៊ីណូ២កន្លែងកំពុងបំពានច្បាប់បើកឲ្យខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង គ្មានអាជ្ញាធរណាថ្នាក់ណាបង្ក្រាប

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ គេរាយការណ៍មកថា ទីតាំងល្បែងស៊ីសងធំៗ២កន្លែងដែលស្ថិតនៅភូមិអន្លុងជ្រៃ ឃុំកក់ ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងដោយគ្មានអាជ្ញាធរថ្នាក់ណាចាត់វិធានការអន្តរាគមន៍បង្ក្រាបឡើយ បើទោះបីទីតាំងខាងលើនេះបើកឲ្យខ្មែរចូលលេងដោយសេរីយ៉ាងណាក៏ដោយ។ ការមិនចាត់វិធាន ការបង្ក្រាបត្រូវបានប្រភពមួយចំនួនបង្ហើបឲ្យដឹងថា អ្នកបើកទីតាំងល្បែងស៊ីសងខាងលើមានខ្សែធំ និងម្យ៉ាងពួក គេបានរត់ការបិទមាត់ មន្ត្រីមានសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំអស់ហើយ ដូច្នេះទើបបើកលេងបានដោយសេរីបែប នេះ។
គេរាយការណ៍ទៀតថា មានមនុស្សចូលលេងពេញៗ ដែលអ្នកចូលលេងល្បែងទាំងនោះ ភាគច្រើនជាជនខ្មែរ ស្ទើរតែជាង៨០ភាគរយ មានទាំងអ្នកញៀនល្បែងជាមន្ត្រីអាជ្ញាធរ មន្ត្រីសមត្ថកិច្ច ក្រុមឧកញ៉ា និងឈ្មួញរកស៊ីជួញដូរអ្នកធ្វើចំការធំៗមានលុយរាប់សែន រាប់លានដុល្លារឯណោះ។

ទីតាំងល្បែងស៊ីសងខាងលើទីមួយមិនមានដាក់ស្លាយីហោច្បាស់លាស់នោះទេបន្ទាប់ពីមានការបង្ក្រាបម្តងខណៈដំបូងមានឈ្មោះថា កាស៊ីណូហេងហេង មួយទីតាំងទៀតជ្រកក្រោមស្លាក កាស៊ីណូ ឃីងរ៉ូស្ទ័រ ។ ទីតាំងទាំង២ នេះមានបើកល្បែងមាន់ជល់ ដែលអ្នកលេងល្បែងនេះហៅថាបក្សីកីឡា ឆ្នោតវៀតណាម យូគី និងអាប៉ោង រួម ទាំងល្បែងស៊ីសងជាច្រើនប្រភេទទៀត ដែលភាគច្រើនមានសុទ្ធតែខ្មែរចូលលេង ហើយមួយចំនួនធំជាមន្ត្រីរាជ ការថែមទៀតផង។

បើតាមអ្នកចូលលេងល្បែងក្នុងទីតាំងខាងលើបានបង្ហើបឲ្យដឹងថា ពួកគេមកលេងនៅទីនេះគឺមានសុវត្ថិភាពល្អ ព្រោះអ្នកបើកមានខ្នងធំ ខណៈត្រឹមថ្នាក់ខេត្តមិនហ៊ានបង្ក្រាបនោះទេ។

បើតាមប្រភពពីកាស៊ីណូឃីងរ៉ូស្ទ័របានបញ្ជាក់ឲ្យដឹងថា ខ្លួនមានច្បាប់អនុញ្ញាតិ ហើយបើមិនឲ្យខ្មែរចូលលេង បានលុយឯណាបង់ឲ្យរដ្ឋ និងមន្ត្រីពាក់ព័ន្ធ ។

ប្រជាពលរដ្ឋលើកជាចម្ងល់យ៉ាងដូច្នេះថា «មិនបង្ក្រាបល្បែងស៊ីង» ១- មកពីមិនដឹងទើបមិនបង្ក្រាប , ២- មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំទើបមិនហ៊ានប៉ះ ,៣- មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង និង៤-មកពីចង់អោយរដ្ឋាភិបាលធ្លាក់ទឹកទើបមិនធ្វើ ។ ដូច្នេះអាជា្ញធរ ពិសេសគឺថ្នាក់លើ សូមឲ្យ ជួយពិនិត្យមើលផង ដើម្បីបញ្ចៀសបញ្ហារិះ គន់ពីសំណាក់ប្រជាពលរដ្ឋកាន់តែច្រើនឡើងថែមទៀតនោះ ។

ពាក់ព័ន្ធករណីកាស៊ីណូទាំង២ទីតាំងខាងលើនេះ តាមការសាកសួរប្រជាពលរដ្ឋរស់នៅតំបន់នោះ ភាគច្រើន ពួក គាត់សំណូមពរសូមអោយប្រមុខរាជរដ្ឋាភិបាលបិទចោល ព្រោះតែភាគច្រើន កូនចៅរបស់ពួកគាត់ ទៅលេង ចាញ់អស់ទ្រព្យសម្បត្តិ បង្កជម្លោះក្នុងគ្រួសារ កើតចោរកម្ម អំពើឆបោកជាដើម….។ តែបើសង្ឃឹមលើមន្ត្រី អាជ្ញាធរមូលដ្ឋានគឺមិនអាចទៅរួចឡើយ ព្រោះជាឆ្នាំងបាយរបស់ពួកគេ ។ បច្ចុប្បន្នល្បែងស៊ីសងត្រូវបានគេចាត់ ទុកថា ជាដើមចមនៃបទល្មើស ហើយក៏ជាបញ្ហាគ្រោះថ្នាក់សម្រាប់សង្គមផងដែរ ប្រសិនបើអាជ្ញាធរនៅតែគ្មាន ចំណាត់ការទេនោះ ៕ អ្នកចាំចំការ

 


ចែករំលែក៖