ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីស៣៣០ ពន្លះរថយន្តព្រូស ខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងរថយន្ត ខណៈដែលបុរសម្នាក់ បើករថយន្តឡិចស៊ីសRX330 មួយគ្រឿងនិងរួមដំណើរជាមួយមិត្តភក្តិ៣នាក់ទៀតសុទ្ធតែស្រវឹង ទើបបើកចេញពីញាំការគេ ដល់ផ្លូវបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តព្រូស បណ្តាលឲ្យខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែករថយន្តបង្ករងការខូចខាតបន្តិចបន្តួច ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង០៥នាទីយប់ថ្ងៃចន្ទ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវបែកជាបួន តាមផ្លូវបេតុងលេខ២៦ កែងផ្លូវបេតុង(អត់លេខ) ស្ថិតក្នុងភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា ព្រូសពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AR-3019 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយស្ត្រីម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងលេខ២៦ ទិសដៅពីលិចទៅកើតក្នុងលឿនធម្មតា លុះមកដល់ផ្លូវបែកជាបួន ដែលជាចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស RX330 មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-9766 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយមិត្តភក្តិ៣នាក់ទៀត សុទ្ធតែជាអ្នកស្រវឹងស្រា ព្រោះទើបចេញពីរោងការ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង(អត់លេខ) ទិសដៅពីត្បូងទៅជើង ក៏ជ្រុលទៅបុកចំកាងរថយន្តព្រូស ចំផ្នែកខាងមុខពេញទំហឹង បណ្តាលឲ្យរថយន្តព្រូសខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯរថយន្តបង្កម៉ាកឡិចស៊ីស រងការខូចខាតផ្នែកខាងឆ្វេងបន្តិចបន្តួចប៉ុណ្ណោះ និងបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រស់នៅជិតកន្លែងកើតហេតុ រាយការណ៍ ប្រាប់សមត្ថកិច្ច ចុះមកអន្តរាគមន៍ភ្លាមៗ ។

បន្ទាប់ពីសមត្ថកិច្ចមកដល់ បានឲ្យភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នាមួយជំហានសិនដោយភាគីខាងរថយន្តព្រូស ទាមទារសំណងចំនួន១៣០ដុល្លារ ហើយខាងភាគីម្ចាស់រថយន្តឡិចស៊ីសព្រមសងត្រឹមតែ១០០ដុល្លារ ក៏បានឈ្លោះប្រកែកគ្នា និយាយសម្របសម្រួលគ្នា មិនត្រូវទើបម្ចាស់រថយន្តឡិចស៊ីស ប្រមូលសម្ភារៈមានតម្លៃចេញពីរថយន្ត ហើយទុករថយន្តចោល ក៏នាំអ្នករួមដំណើរជាមួយគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ។

ក្រោយពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ទំនាក់ទំនងទៅនគរបាលចរាចរណ៍ ចុះមកកន្លែងកើតហេតុ ធ្វើការវាស់វែង និងស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមក្រោយ ៕ស រស្មី


ចែករំលែក៖