ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១២ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor)។ ពិធីអបអរសាទរនេះ គឺមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, រដ្ឋមន្ត្រីក្រសួងវប្បធម៌, ប្រធានអង្គការយូណេស្កូ ,មន្ត្រីទូតជប៉ុន និងបារាំង, មន្ត្រីអាជ្ញាធរអប្សរា រួមទាំងមន្ត្រីមកពីតាមបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។
ការរៀបចំពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើត ICC-Angkor នេះក្នុងគោលបំណងសំខាន់ដើម្បីអបអរសាទរភាពជោគជ័យដែលកើតចេញមកពីយន្តការ អាយ ស៊ី ស៊ី អង្គរ ដែលបច្ចុប្បន្នក្លាយជាគំរូនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេសនានាលើសាកលលោក និងបង្ហាញពីមោទនភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្រ្តយូរលង់មកហើយ ព្រមទាំងលើកគុណតម្លៃសម្បត្តិ បេតិកភណ្ឌ ,សម្តែងកតញ្ញូតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះបង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ , បណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរឱ្យចេះស្រលាញ់ ចូលរួមថែរក្សា ការពារ និងលើកតម្កើងបេតិកភណ្ឌ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីផូរផង់របស់កម្ពុជា , បង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យបេតិកភណ្ឌ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ និងទេសចរណ៍ទៅកាន់ឆាកអន្តរជាតិ។
បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងវប្បធម៌, ឯកអគ្គរដ្ឋទូតបារាំង តំណាងកិច្ចការបរទេសរបស់ប្រទេសជប៉ុន ទទួលបន្ទុកវប្បធម៌ , ប្រធានអង្គការយូណេស្កូ , ឯកអគ្គរដ្ឋទូតបារាំង បានថ្លែងសុន្ទកថារួចហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញឡើងថ្លែងសុន្ទរថាគន្លឹះសំខាន់ៗដែលមានខ្លឹមសារថា សម្តេចសូមថ្លែង អំណរគុណចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ , អរគុណលោកជំទាវ EVA NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំង , លោកជំទាវ Audrey Azouly អគ្គនាយិកាអង្គការយូណេស្កូ , សហប្រធាន ICC Angkor ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា តំណាងប្រទេសជប៉ុនទទួលបន្ទុកវប្បធម៌ និង អរគុណចំពោះស្ថាប័នជាតិ និងអន្តរជាតិដែលពាក់ព័ន្ធទាំងអស់ ព្រមទាំងអបអរសាទរចំពោះខួប២៥ឆ្នាំ នៃការបង្កើត ICC-Angkor ដែលធ្វើឡើង នៅទឹកដីអង្គរ ខេត្តសៀម
រាបនេះ។ សម្តេចតេជោ បានវាយតលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ICC-Angkor ទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចគាំពារ និងអភិវឌ្ឍន៍រម្មណីដ្ឋានប្រវត្តិសាស្ត្រអង្គរកន្លងមក។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថ្លែងអណរគុណយ៉ាងជ្រាលជ្រៅថ្វាយចំពោះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គតែងយកព្រះទ័យទុកដាក់ចំពោះកិច្ចការអភិវឌ្ឍន៍ និងអភិរក្សរម្មណីដ្ឋានអង្គរ។
សម្តេចមានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូ គឺបានដាក់ចេញនូវយុទ្ធសាស្រ្តសកម្មភាពនានា ដែលជាប្រយោជន៍ដល់រមណីយដ្ឋានអង្គរ ហើយនៅថ្ងៃនេះ ក៏មានការចុះហត្ថលេខាជាត្រីភាគីរវាងអង្គការយូណេស្កូ ICAPP និង ICC Angkor ផងដែរ ដែលជាសក្ខីភាពដល់ការគាំទ្រសុខដុមរវាងប្រជាជាតិជាច្រើននាក់ដែលបានសម្រេចជាឯកច្ឆន្ទចាប់រកអ្វីដែលជាការរួមគ្នាបន្តកសាង និងថែរក្សានូវមរតកវប្បធម៏នេះ។
សម្ដេចតេជោ ក៏បានលើកឡើងពីសមិទ្ធផលរបស់ ICC Angkor មកកន្លងមកដែលបានចូលរួមចំណែកក្នុងការគាំពារ និងអភិរក្សតំបន់វប្បធម៌អង្គរដែលសកម្មភាពទាំងអស់ត្រូវបានចំណាយថវិការាប់លានដុល្លារ និងក្រុមការងាររាប់ពាន់នាក់ដើម្បីចូលរួមចំណែកអភិរក្សតំបន់អង្គរ។ នាឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍រំលឹកពីគុណឧបការៈរបស់បុព្វបុរសក៏ដូចជាឥស្សរជនដែលមានស្នាដៃក្នុងការចូលរួមចំណែកអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរកន្លងមកដែលបុព្វបុរស និងឥស្សរជនមួយចំនួនបានស្លាប់បាត់បង់ជីវិតទៅហើយ ដូចជាសម្ដេច វិបុលបញ្ញា សុខ អាន ជាដើម ហើយនាឱកាសនោះសម្ដេចក៏បានគោរពអញ្ជើញភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិក្រោកឈរ១នាទីដើម្បីគោរពវិញ្ញាណក្ខន្ធអ្នកទាំងនោះផដែរ។
នៅក្នុងឱកាសនោះផងដែរសម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវដំណឹងដ៏ល្អ និងរីករាយនៃការដាក់បញ្ចូលល្ខោនខោលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីមនុស្សជាតិកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ។ សម្ដេចតេជោ បានលើកឡើងផងដែរថា សម្បត្តិបេតិកភណ្ឌអរូបីរបស់កម្ពុជា ចំនួន០៥ហើយដែលត្រូវបានដាក់បញ្ជូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីមនុស្សជាតិរួមមាន៖
– ល្ខោនខោល ត្រូវបានចុះបញ្ជីនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨
– ចាប៉ីដងវែង ត្រូវបានចុះបញ្ជីនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦
– ល្បែងទាញព្រ័ត ត្រូវបានចុះបញ្ជីនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥
– ល្ខោនស្រមោលស្ពែកធំ ត្រូវបានចុះបញ្ជីនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥
– របាំក្បាច់បុរាណខ្មែរ និងព្រះរាជទ្រព្យ ត្រូវបានចុះបញ្ជីនៅថ្ងៃ០៧ ខែវិច្ឆិកា ឆ្នាំ២០០៣
ក្រៅពីសម្បត្តិបេតិកភណ្ឌអរូបីមនុស្សជាតិ កម្ពុជាបានចុះបញ្ជីបេតិភណ្ឌពិភពលោក នូវសំណង់បុរាណដ៏ល្បីល្បាញផ្សេងទៀតរួមមាន៖
– តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីនៅថ្ងៃទី០៨ ខែកក្កដា ២០១៧
– ប្រាសាទព្រះវិហារ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨
– និងរម្មនីយដ្ឋានអង្គរ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់សៀមរាបអង្គរ បានប្រឹងប្រែងពីស្ថានភាពដ៏លំបាកដោយផ្តើមចេញពីសណ្ឋាគារតែ២ប៉ុណ្ណោះ រហូតដល់មានសណ្ឋាគារជាង ១០០នាពេលបច្ចុប្បន្ន ដែលបច្ចុប្បន្ននេះ ភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាវិញមានការកើនឡើងឥតឈប់ឈរដោយ៩ ខែដើមឆ្នាំ ២០១៨ នេះភ្ញៀវទេសចរបានដែលមកទស្សនារមណីយដ្ឋានអង្គរមានប្រមាណ១ លានប្រាំសែនប្រាំពីរម៉ឺននាក់ និងមានការកើនឡើងជាងឆ្នាំ២០១៧។
រាជរដ្ឋាភិបាលបានចាត់ទុកជាបេតិកភណ្ឌវប្បធម៌គឺជាព្រលឹងជាតិ ជាទ្រព្យមិនអាចកាត់ថ្លៃបាននោះទេ ព្រោះវាជាប្រភពមិនចេះរីងស្ងួតក្នុងរកប្រាក់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ហើយវាជាគោលដៅ និងទស្សនទានអភិវឌ្ឍន៍ដើម្បីអភិរក្សសម្បត្តិវប្បធម៌ជាតិ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវដល់ប្រទេសដែលជាមិត្តល្អសូមបន្តជួយគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុ រួមទាំងធនធានមនុស្សជាបន្តទៀត។ សូមអោយឱ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការឱ្យបានល្អដើម្បីភាពជោគជ័យក្នុងការការពារវប្បធម៌មនុស្សជាតិអោយបានគង់វង្ស។
មុននឹងបញ្ចប់ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនដល់ឥស្សរជន និងក្រុមការងារ ICC Angkor ចំនួន១០រូប និងបានជូនពរដល់ ក្រុមការងារ ICC Angkor រួមទាំងផ្នែកពាក់ព័ន្ធទាំងអស់ក្នុងកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីដ្ឋានអង្គរ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងសម្រេចកិច្ចការថ្មីៗ ជាបន្តបន្ទាប់ទៀត៕