ភ្នំពេញ៖ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមន ចុះត្រួតពិនិត្យជនជាតិបរទេសក្នុងហាងកែសម្ភស្សយីហោ “វេលាថែសម្រស់” ជាលទ្ធផលពិនិត្យឃើញ៖ ជនបរទេស សរុបចំនួន១៧នាក់ (ស្រី៣នាក់) មាន៣សញ្ជាតិ៖ បុរសជនជាតិម៉ាឡេស៊ី ម្នាក់ ; បុរសជនជាតិវៀតណាម ម្នាក់ ; និងជនជាតិចិន ចំនួន១៥នាក់ (ស្រី០៣នាក់) ។
ក្នុងប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខE9-E10 ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដឹកនាំដោយ លោកវរ:សេនីយ៍ទោ ជា ចិត្រា ជានាយការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមន មានការដឹកនាំដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងលោក គឹម ឆេងប៊ុន ក្រឡាបញ្ជី ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយប្រតិបត្តិការចុះត្រួតពិនិត្យជាក់ស្តែងក្នុងហាងកែសម្ភស្សយីហោ “វេលាថែសម្រស់” កម្លាំងបានឃាត់ខ្លួនជនជាតិបរទេស សរុបចំនួន១៧នាក់ (ស្រី៣នាក់) មាន៣សញ្ជាតិ៖ ជនជាតិម៉ាឡេស៊ី ចំនួន០១នាក់ ប្រុស ប្រើប្រាស់Visa EG ; ជនជាតិវៀតណាម ចំនួន០១នាក់ ប្រុស ប្រើប្រាស់Visa ET ; ជនជាតិចិន ចំនួន១៥នាក់ (ស្រី០៣នាក់) មានលិខិតឆ្លងដែន១០ក្បាល និងបណ្ណ័ការងារ០៥ក្បាល ។
ក្រោយពីធ្វើការពិនិត្យរួចសមត្ថកិច្ចបានឃាត់ខ្លួន ជនជាតិចិន ចំនួន០៥នាក់ (ស្រី០៣នាក់) គ្មានលិខិតឆ្លងដែន ជាប់នឹងខ្លួន ត្រូវបានឃាត់ខ្លួនបញ្ជូន ទៅអគ្គនាយកដ្ឋានដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕ស រស្មី