ខេត្តបន្ទាយមានជ័យ: កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ បានចុះប្រតិបត្តិការបង្រ្កាបករណីហិង្សា ដោយចេតនា និងគំរាមសម្លាប់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ បន្ទាប់ពីបានគំរាមកំហែង បម្រុងគប់គ្រាប់បែកលើគូសត្រូវ ដែលហ៊ានរៀបការជាមួយគួសង្សាររបស់ខ្លួន ។
មន្ត្រីកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃន់ ពាង ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិតាសល់ ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង ១១ និង ៣០នាទីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ។
សមត្ថកិច្ចដដែល បានឲ្យដឹងទៀតថាថា ប្រតិបត្តិការនេះ ធ្វើទ្បើងដោយយោងតាមបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ស ឆៃលាង ភេទ ប្រុស អាយុ ៣៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ/ឃុំកើតហេតុខាងលើ ។
តាមការបំភ្លឺរបស់ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃកើតហេតុជនសង្ស័យ បានដល់ផ្ទះរបស់ខ្លួន ហើយវាយមកលើខ្លួនជាច្រើនដៃ បណ្តាលឲ្យរងរបួសផ្នែកក្បាល និងផ្ទៃមុខ រួចគំរាមថា នឹងយកគ្រាប់បែកមកគប់សម្លាប់មួយផ្ទះទៀតផង ដោយមិនដឹងមូលហេតុ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានប្រើហិង្សា ទៅលើជនរងគ្រោះប្រាកដមែន ដោយសារខឹងជនរងគ្រោះ រៀបការជាមួយសង្សាររបស់ខ្លួនដែលកំពុងស្រកលាញ់។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានកសាងសំណុំរឿង បញ្ជូន ទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ សហការី