ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំកូរ៉េខាងជើងអាចនឹងមិនទស្សនកិច្ចកូរ៉េខាងត្បូង នៅក្នុងឆ្នាំ២០១៨ នេះឡើយ

ចែករំលែក៖

គម្រោងនៃដំណើរទស្សនកិច្ច របស់ លោកគីម ជុងអ៊ុន ទំនងជាមិនធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល ដែលបានគ្រោងធ្វើនៅក្នុងរយៈពេល៣សប្តាហ៍ខាងមុខទៀតនោះទេ ។ នេះបើតាមប្រភពព័ត៌មានរ៉យទ័រ ដកស្រង់ប្រភពពីមន្ត្រីមិនបញ្ចេញឈ្មោះមួយរូប នៃខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូង ផ្សព្វផ្សាយនៅលើទូរទស្សន៍កូរ៉េ ប៉ុស្តិ៍ YTN កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ។

ប្រភពបញ្ជាក់ថា មានការស្ទាក់ស្ទើរអំពីថា តើលោកគីម ជុងអ៊ុន អាចនឹងធ្វើទស្សនកិច្ចមកកាន់ទីក្រុងសេអ៊ូល ឬក៏អត់នៅដំណាច់ឆ្នាំនេះ គឺក្រោយពីលោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បានសម្រេចព្រមព្រៀងគ្នាថា ឲ្យមានដំណើរទស្សនកិច្ចនេះ កាលពីអំឡុងកិច្ចប្រជុំកំពូលខែកញ្ញា នៅទីក្រុងព្យុងយ៉ាងនោះ ។

នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនឹងកូរ៉េខាងជើងនោះដែរ លោកប្រធានាធិបតីចិនស៊ី ជីនពីងអំពាវនាវកូរ៉េខាងជើង និងសហរដ្ឋអាមេរិកឲ្យបន្តធ្វើការរួមគ្នា ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ការប្រឈមមុខដាក់គ្នា និង ឈានទៅរក សន្ធិសញ្ញាសន្តិភាព ។ កន្លងមក អាមេរិក ក៏បានប្រកាសថា នឹងមានជំនួប ពិភាក្សាលើកទីពីរជាមួយមេដឹកនាំ គីម ជុងអ៊ុន នៅខែមករា ឬខែកុម្ភះឆ្នាំ២០១៩។

ការអំពាវនាវរបស់ប្រធានាធិបតីចិន ធ្វើឡើង នៅពេលដែលរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើងលោករី យ៉ុងហូ បានទៅបំពេញទស្សនកិច្ចក្នុងទីក្រុងប៉េកាំង ។ នៅក្នុងទីក្រុងប៉េកាំង លោករី យ៉ុងហូបានទទួលជួបដោយលោកប្រធានាធិបតីចិនស៊ី ជីនពីង និងដែលនាឱកាសនោះ លោកស៊ី ជីនពីងបានបញ្ជាក់ប្រាប់លោកយ៉ុងហូថា ចិនចង់ឃើញអាមេរិក និងកូរ៉េខាងជើងបន្តចាប់ដៃធ្វើការរួមគ្នានៅក្នុងកិច្ចប្រឹងប្រែងឆ្ពោះទៅរកភាពធូរស្រាល។ គួររម្លឹកថា ចិនជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេច និងជាប្រទេសបង្អែកសេដ្ឋកិច្ចយ៉ាងសំខាន់របស់កូរ៉េខាងជើង។ តែមានពេលខ្លះ ក្រុងប៉េកាំងក៏មិនសប្បាយចិត្តចំពោះទង្វើសាកល្បងនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់ក្រុងព្យុងយ៉ាងដែរ។

ព័ត៌មានស្តីពីជំនួបរវាងលោកស៊ី ជីនពីង និងលោករី យ៉ុងហូ ត្រូវបានផ្សព្វផ្សាយដោយកាសែតចិនស៊ីនហួរ។ ក្រៅពីបានសម្តែងសេចក្តីសង្ឃឹមចង់ឃើញសហរដ្ឋអាមេរិក និងកូរ៉េខាងជើងបន្តចាប់ដៃធ្វើការរួមគ្នាដើម្បីឲ្យកិច្ចចរចាសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េមានដំណើរទៅមុខ លោកស៊ី ជីនពីងក៏បានបញ្ជាក់ប្រាប់លោករី យ៉ុងហូថា លោកក៏យល់ពីក្តីព្រួយបារម្ភសមហេតុផលរបស់ភាគីនីមួយៗដែរ។ លោករដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងបានយល់ពីអ្វីដែលលោកស៊ី ជីនពីងចង់និយាយ និងបានឆ្លើយធានាថា កូរ៉េខាងជើងបន្តធ្វើការងារឆ្ពោះទៅរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

មុននឹងទទួលជួបដោយលោកស៊ី ជីនពីង លោករី យ៉ុងហូបានទទួលជួបដោយសមភាគីចិនលោកវ៉ាង យីដែលនាឱកាសនោះ លោកវ៉ាង យីបាននិយាយប្រាប់លោករី យ៉ុងហូថា ចិន និងកូរ៉េខាងជើងត្រូវបន្តធ្វើការរួមគ្នាដើម្បីធ្វើឲ្យឧបទ្វីបកូរ៉េក្លាយជាឧបទ្វីបគ្មាននុយក្លេអ៊ែរ។ វត្តមានរបស់ប្រមុខការទូតកូរ៉េខាងជើងលើទឹកដីចិនពេលនេះបានធ្វើឡើង បន្ទាប់ពីមានភាពចម្រើនតិចតួចក្នុងការអនុវត្តពាក្យសន្យាដែលលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនបានឯកភាពនៅក្នុងជំនួបកាលពីខែមិថុនាកន្លងទៅ។

នៅក្នុងជំនួបជាប្រវត្តិសាស្រ្តកាលណោះ លោកត្រាំ និងលោកជុងអ៊ុនបានព្រមព្រៀងលើសេចក្តីប្រកាសព័ត៌មានមួយក្នុងការរំសាយនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ។ តែមកដល់ពេលនេះ របបក្រុងព្យុងយ៉ាងហាក់នៅមិនទាន់បានចាត់វិធានការអ្វីជាដុំកំភួន ហើយបែរជាបន្តទាមទារឲ្យសហរដ្ឋអាមេរិកធានាពីសន្តិសុខចំពោះខ្លួនជាមុនសិន។ គ្រប់គ្នាសង្ឃឹមថា ចិនដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេច និងជាប្រទេសបង្អែកសេដ្ឋកិច្ចយ៉ាងសំខាន់របស់កូរ៉េខាងជើងនឹងអាចនិយាយជំនះក្រុងព្យុងយ៉ាងឲ្យពន្លឿនការរំសាយនុយក្លេអ៊ែរ។ ចំណែកលោកដូណាល់ ត្រាំបានបញ្ជាក់នៅក្នុងជំនួបកំពូល G២០ ក្នុងប្រទេសអាហ្សង់ទីនថា លោកសង្ឃឹមជួបលោកគីម ជុងអ៊ុនជាថ្មីនៅខែមករា ឬកុម្ភៈ ឆ្នាំ ២០១៩៕ ម៉ែវ សាធី


ចែករំលែក៖