ព័ត៌មានទាន់ហេតុការណ៍៖

ចិនកោះហៅអគ្គរដ្ឋទូតអាមេរិក ពាក់ព័ន្ធការចាប់ CFO Huawei

ចែករំលែក៖

ក្រសួងការបរទេសចិន បានកោះហៅអគ្គរដ្ឋទូត អាមេរិក លោក Terry Branstad ដើម្បីប្រឆាំងទៅនឹងការចាប់ខ្លួន អគ្គនាយកហិរញ្ញវត្ថុ លោកស្រី Meng Wanzhou របស់ក្រុមហ៊ុន Huawei ដោយគ្មានហេតុផល ច្បាស់លាស់ ។

សារព័ត៌មានស៊ីនហួបានដកស្រង់សម្តីរដ្ឋលេខាធិការក្រសួងការបរទេសចិន បានឲ្យដឹង ក្រោយជំនួបជាមួយអគ្គរដ្ឋទូត Terry Branstadថា «សកម្មភាព របស់អាមេរិក បានបំពាន យ៉ាងធ្ងន់ដល់ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋចិន ។ ភាគីចិនបានប្រឆាំងយ៉ាងដាច់ខាតចំពោះការចាប់ខ្លួនអគ្គនាយកហិរញ្ញវត្ថុ ហើយស្នើឲ្យដោះលែងជាបន្ទាន់ »។

កន្លងមក ចិនក៏បានព្រមានដល់ប្រទេសកាណាដា ពីលទ្ធផលអាក្រក់ ប្រសិនបើ មិនដោះលែង លោកស្រី Meng Wanzhou នោះទេ ។ ការចាប់ខ្លួនខាងលើ នឹងជះឥទ្ធិពលអាក្រក់ដល់ ទំនាក់ទំនងរវាងចិន នឹងកាណាដា ។

លោក David Mulroney អតីតអគ្គរដ្ឋទូតកាណាដាប្រចាំនៅប្រទេសចិន បានប្រកាសថា សកម្មភាពចាប់ខ្លួន លោកស្រី Meng Wanzhou នឹងធ្វើឲ្យចិន និងការណាដា ប្រឈមមុខតានតឹងដាក់គ្នា ហើយនឹងមិនមានជំនួបពិភាក្សា ឬដំណើរទស្សនកិច្ចណាមួយក្នុងរយៈពេលនេះ នោះឡើយ ។

ចំណែកនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រកាសថា លោកបានដឹងជាមុនពីការចាប់ខ្លួន លោកស្រី Meng Wanzhou ប៉ុន្តែទាំងនោះជាការសម្រេចរបស់កម្លាំងការពារច្បាប់ ដោយមិនមានឥទ្ធិពលនយោបាយ ណាមួយទៅលើការចាប់ខ្លួននោះឡើយ ៕ ម៉ែវ សាធី

អគ្គរដ្ឋទូត អាមេរិក លោក Terry Branstad

អគ្គនាយកហិរញ្ញវត្ថុ លោកស្រី Meng Wanzhou របស់ក្រុមហ៊ុន Huawei


ចែករំលែក៖