ព័ត៌មានទាន់ហេតុការណ៍៖

បារាំងចាប់មនុស្សជិត២០០០នាក់ ដោយសារបាតុកម្មក្លាយជាហិង្សា

ចែករំលែក៖

ប៉ូលិសបារាំង បានចាប់ខ្លួនមនុស្សជាង១៧០០នាក់ហើយ ដោយបាតុកម្ម អាវកាក់លឿង ប្រែក្លាយទៅជាអំពើហិង្សា គ្របដណ្តប់ស្ទើរតែទូទាំងប្រទេស ។ ជាមួយគ្នានោះអ្នករងរបួស ក៏បានកើនឡើងរាប់រយនាក់ផងដែរ ។

បើទោះបីមានការយោគយល់ពីរដ្ឋាភិបាលបារាំង ក្រុមបាតុកម្ម អាវកាក់លឿង នៅតែបន្តដង្ហែក្បួន បាតុកម្ម នៅទូទាំងប្រទេសបារាំង ពិសេសនៅទីក្រុងប៉ារីស និងទីក្រុងធំៗជាច្រើនទៀត ។ សារព័ត៌មាន RTបានដកស្រង់សម្តីពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានប្រកាសឲ្យដឹងថា ប៉ូលិស ប្រឆាំងបាតុកម្ម បានចាប់ខ្លួនមនុស្ស១៧២៣នាក់ ក្រោយពេលប្រែក្លាយទៅជាអំពើហិង្សា បណ្តាលឲ្យមានមនុស្សរបួស៣០០នាក់ ក្នុងនោះទីក្រុងប៉ារី មានអ្នករបួសដល់ទៅ១៣៥នាក់ ។

បាតុកម្មបានឈានចូលដល់សប្តាហ៍ទី៤ហើយ ដោយបង្ខំឲ្យរដ្ឋាភិបាលបារាំង ត្រូវបង្កើនសន្តិសុខការពារ ដោយខ្លាចមានក្រុមភេរវកម្មបន្លំខ្លួនបើកការវាយប្រហារភេរវកម្ម ។ កម្លាំងសន្តិសុខបានបង្កើនការយាមល្បាត និងបន្ថែមរថពាសដែកនៅទីក្រុងប៉ារីស។

អភិបាលក្រុងប៉ារីស លោក Emmanuel Gregoire បញ្ជាក់ថា រលកបាតុកម្មថ្មីនេះ បង្កការខាតបង់យ៉ាងធំធេងដល់ទីក្រុងប៉ារីស បើប្រៀបធៀបនឹងបាតុកម្ម កាលពី៣ សប្តាហ៍កន្លងមក ។ ប្រធានាធិបតីបារំាង លោក Emmanuel Macron នឹងថ្លែងសុន្ទរកថា នៅថ្ងៃទី១០ ខែធ្នូ នេះ ដើម្បីបញ្ចុះបញ្ចូលក្រុមបាតុករ ឲ្យបញ្ឈប់សកម្មភាព ធ្វើបាតុកម្ម ។

តាមគម្រោង រដ្ឋាភិបាលបារាំង នឹងជួបពិភាក្សាជាមួយតំណាងក្រុមបាតុករ ហើយរដ្ឋាភិបាលនឹងប្រកាសនូវយុទ្ធសាស្ត្រនយោបាយថ្មី ប៉ុន្តែមិនរួមបញ្ចូលទាំងកិច្ចព្រមព្រៀង តម្លើងប្រាក់បៀវត្សរ៍ ជាមូលដ្ឋាននោះឡើយ ៕ ម៉ែវ សាធី


ចែករំលែក៖