ភ្នំពេញ៖ Grab ចាប់ដៃគូជាមួយក្រសួងសាធារណការ និងដឹកជញ្ជូននៅកម្ពុជា និងភ្នាក់ងាររដ្ឋាភិបាលក៏ដូចជាក្រសួងនានាទូទាំងតំបន់អាស៊ីអាគ្នេយ៍ដើម្បីជួយដោះស្រាយក្ដីកង្វល់ធំៗទាក់ទងនឹងសុវត្ថិភាពនៃការដឹកជញ្ជូននៅក្នុងប្រទេសនីមួយៗ ។ ផែនទីចង្អុលផ្លូវបច្ចេកវិទ្យាសុវត្ថិភាពប្រចាំថ្ងៃរាប់បញ្ចូលទាំងការពង្រឹងការកែលម្អផលិតផលដែលមានបំណងលុបបំបាត់ឧប្បត្តិវហេតុដែលអាចបង្ការបានជំរុញទម្លាប់ប្រើប្រាស់កាន់តែមានសុវត្ថិភាពជាងមុនហើយជំរុញឲ្យមានការផ្លាស់ប្ដូររយៈពេលវែងសម្រាប់ឥរិយាបថក្នុងការប្រើប្រាស់ដងផ្លូវ ។
Grab ដែលជាកម្មវិធីផ្ដល់សេវាកម្មតាមប្រព័ន្ធអនឡាញទៅសេវាកម្មដោយផ្ទាល់ (O2O) ឈានមុខគេនៅអាស៊ីអាគ្នេយ៍នៅថ្ងៃនេះបានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈយោគយលល់មួយជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីពង្រឹងផ្សព្វផ្សាយ និងអភិវឌ្ឍភាពជាដៃគូដែលមានស្រាប់ក្នុងការគាំទ្រដល់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងប្រទេសកម្ពុជា ។
Grab ក៏បានបញ្ចេញផលិតផល “ផែនទីចង្អុលផ្លូវបច្ចេកវិទ្យាសុវត្ថិភាពប្រចាំថ្ងៃ” ដែលមានបំណងលើកកម្ពស់បទដ្ឋានសុវត្ថិភាពចរាចរណ៍សម្រាប់ឧស្សាហកម្មដឹកជញ្ជូននេះផងដែរ ។
Grab នឹងប្រើប្រាស់កម្មវិធី “ផែនទីចង្អុលផ្លូវបច្ចេកវិទ្យាសុវត្ថិភាពប្រចាំថ្ងៃ” របស់ខ្លួនដែលបានអនុវត្តនៅថ្នាក់តំបន់ដែលរួមមានមុខងារដែលមានបំណងបង្កើនស្តង់ដារសុវត្ថិភាពចរាចរណ៍ជួយដល់ការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រសួងក្នុងការលើកកម្ពស់ការបើកបរដោយសុវត្ថិភាព និងការប្រើប្រាស់ផ្លូវថ្នល់នៅទូទាំងប្រទេសកម្ពុជា ។
ក្នុងនោះក៏រួមមានវិធានការដែលផ្ដោតជាពិសេសលើការផ្លាស់ប្ដូរទម្លាប់អ្នកប្រើប្រាស់ដូចជាការពិនិត្យតាមដានភាពនឿយហត់របស់អ្នកបើកបរ និងរបាយការណ៍ពីចម្ងាយដើម្បីជំរុញឲ្យមានទម្លាប់បើកបរកាន់តែមានសុវត្ថិភាពជាងមុន ។ គោលដៅគឺដើម្បីជំរុញការផ្លាស់ប្ដូរឥរិយាបថនៃការប្រើប្រាស់ដងផ្លូវរយៈពេលវែង និងដើម្បីកាត់បន្ថយឱកាសដែលអាចកើតមានគ្រោះថ្នាក់ចរាចរណ៍ ។
លោកស្រីហេងសុធាវីប្រធានស្ដីទីរបស់ក្រុមហ៊ុនGrab កម្ពុជាបានថ្លែងថា៖ “ភាគីទាំងពីរទាំងGrab និងក្រសួងសាធារណការ និងដឹកជញ្ជូនសុទ្ធតែមានបេសកកម្មរួមក្នុងការធានាឲ្យបាននូវសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូបនៅក្នុងប្រទេសកម្ពុជាហើយយើងមានការប្ដេជ្ញាចិត្តក្នុងការធ្វើការរួមគ្នាឲ្យកាន់តែជិតស្និទ្ធដើម្បីលើកកម្ពស់សុវត្ថិភាពនៃការដឹកជញ្ជូន ។ ដូច្នេះហើយទើបបានជាយើងតែងយល់ថាយើងមានទំនួលខុសត្រូវក្នុងការវិនិយោគលើកម្មវិធី និងគំនិតផ្ដួចផ្ដើមផ្នែកសុវត្ថិភាពថ្មីៗ ។
នៅក្នុងប្រទេសកម្ពុជាក្រុមហ៊ុនGrab កំពុងសហការជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីរៀបចំនូវសិក្ខាសាលាបណ្ដុះបណ្ដាលពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាបន្តបន្ទាប់សម្រាប់ដៃគូជាអ្នកបើកបរទុក-ទុកឲ្យក្រុមហ៊ុនGrab នៅឯអគ្គនាយកដ្ឋានសាធារណការ និងដឹកជញ្ជូន ។ សិក្ខាសាលាបណ្ដុះបណ្ដាលទាំងនេះផ្ដោតលើមូលដ្ឋានគ្រឹះនៃសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងឆ្លុះបញ្ចាំងឲ្យឃើញពីឧត្តមានុវត្តន៍នានាដែលមានបំណងបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ គ្រប់វគ្គបណ្ដុះបណ្ដាលទាំងអស់ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនGrab ហើយត្រូវបានរៀបចំឡើងដោយឥតគិតថ្លៃសម្រាប់ដៃគូជាអ្នកបើកបរឲ្យក្រុមហ៊ុនGrab ។ បន្ថែមលើនេះGrab ក៏បានផ្ដល់មួកសុវត្ថិភាព និងសន្លឹកស្ទីកគ័រដល់ក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ ។ សន្លឹកស្ទីកគ័រចំណាំងផ្លាតដែលមានពាក្យស្លោករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនចំនួននឹងត្រូវបានបិទនៅលើរ៉ឺម៉កទុក-ទុកដើម្បីបង្កើនការមើលឃើញនៅពេលយប់ ។ បន្ថែមលើនេះGrab និងក្រសួងសាធារណការនឹងរៀបចំក្បួនដង្ហែទុក-ទុកជាប្រចាំខែដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីសុវត្ថិភាពចរាចរណ៍ ។
ក្រៅពីប្រទេសកម្ពុជាក្រុមហ៊ុនGrab ក៏បានសហការជាដៃគូជាមួយនឹងភ្នាក់ងាររដ្ឋាភិបាលទូទាំងតំបន់អាស៊ីអាគ្នេយ៍ដើម្បីអភិវឌ្ឍនូវគំនិតផ្ដួចផ្ដើមឲ្យត្រូវនឹងស្ថានភាពក្នុងស្រុកហើយជួយដោះស្រាយក្ដីបារម្ភធំផ្នែកសុវត្ថិភាពចរាចរណ៍របស់ពួកគេ ។
អ្នកនាងTan Hooi Ling សហស្ថាបនិករបស់ក្រុមហ៊ុនGrab បានថ្លែងថា៖ “យើងមានការប្ដេជ្ញាចិត្តក្នុងការធ្វើការជាមួយនឹងរដ្ឋាភិបាលនានានៅគ្រប់ប្រទេសទាំងអស់ដែលមានវត្តមានរបស់ក្រុមហ៊ុនយើងខ្ញុំដើម្បីគាំទ្រដល់រដ្ឋាភិបាលនៅក្នុងការងារអាទិភាពផ្នែកសុវត្ថិភាពចរាចរណ៍ ។ ខ្ញុំមានសេចក្តីសោមនស្សរីករាយហើយហ៊ាននិយាយថាយើងបានជួយលើកកម្ពស់ស្តង់ដារសុវត្ថិភាពមួយកម្រិតបន្ថែមទៀតដល់ឧស្សាហកម្មដឹកជញ្ជូនជារួមនៅក្នុងតំបន់ ។
គោលដៅរបស់យើងគឺកាត់បន្ថយចំនួនគ្រោះថ្នាក់ឲ្យមកនៅសល់សូន្យចំពោះឧប្បត្តិហេតុទាំងឡាយណាដែលអាចទប់ស្កាត់បានហើយប្រឹងធ្វើយ៉ាងណាកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ទៅតាមលទ្ធភាពដែលអាចធ្វើបាន” ៕ វឌ្ឍនា